រាជធានីភ្នំពេញ ៖ ជាសារមួយឆ្លើយតបទៅក្រុមប្រឆាំង ដែលតែងតែទើសរហូតនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញគោលដៅ ឆ្នាំ២០៥០ មានប្រាក់ចំណូលខ្ពស់នោះ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ហើយរាជរដ្ឋាភិបាល ក៏ប្ដេជ្ញាសម្រេចឲ្យបានផងដែរ ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ តាមបណ្តារោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហិច្ឆតា នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ដថា គោលនយោបាយនេះ នៅតែជាគោលដៅរបស់រាជរដ្ឋាភិបាល នីតិកាលថ្មី ដើម្បីរុញប្រទេសឲ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ។
សម្ដេចធិបទី គូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «អ្នកខ្លះគេថា រដ្ឋាភិបាលដាក់ស្អី ២០៥០ ដេកស្រមើលស្រម៉ៃ។ វាទាមទារ នូវការស្រម៉ៃ ការដាក់ទិសដៅ ដើម្បីយើងខំប្រឹង។ បើរដ្ឋាភិបាល មិនដាក់សូចនាករ ២០៥០ ជាប្រទេសអ្នកមាន ដាក់ម៉ាល្មមទៅ ចឹងមិនបាច់ខំប្រឹង។ តែយើង ត្រូវដាក់ឲ្យខ្ពស់ ខំប្រឹងសម្រេចឲ្យបាន ដើម្បីផលប្រយោជន៍ឲ្យប្រជាជនយើង ឲ្យបានកាន់តែច្រើន នេះជាអ្វីដែរយើងធ្វើ» ។
សម្ដេច បន្ដថា អ្នកដែលថា រាជរដ្ឋាភិបាល «ដេក» ប្រហែលអត់មើលសកម្មភាពរបស់រាជរដ្ឋាភិបាលទេដឹង ? ចុះជួបកម្មករ និយោជិត មិនជួបតាមសុបិនទេ គឺជួបផ្ទាល់។
សម្ដេចបន្ថែមថា គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល គឺរក្សាសុខសន្តិភាព ដែលដោយលំបាក របស់រាជរដ្ឋាភិបាលនីតិកាលចាស់ រក្សាស្ថេរភាព រក្សាសមិទ្ធផល បង្កើតសមិទ្ធផលថ្មី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ។
សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល នឹងជំរុញការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន ពីមួយជំនាន់ ទៅមួយជំនាន់ ដើម្បីទទួលបានប្រាក់ចំណូល កាន់តែខ្ពស់ ប្រសើរជាងបច្ចុប្បន្ននេះ ថែមទៀត ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះជួបកម្មករ មានផលចំណេញយ៉ាងច្រើន ដើម្បីដឹងសុខទុក្ខជូនពួកគាត់។ ក្នុងរយៈពេល ៩០ថ្ងៃ ក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចបានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន១០ដងហើយ ដោយមានកម្មករ-កម្មការិនី ជាង២០ម៉ឺននាក់ ។
សម្ដេចគូសបញ្ជាក់ថា «អ៊ីចឹងថ្ងៃនេះ គឺជាការជួបលើកទី១០ ហើយសម្រាប់ឆ្នាំ២០២៣នេះ ជាការជួបចុងក្រោយ សម្រាប់កម្មវិធីខ្ញុំ។ មិនមែនជាកម្មវិធីចុងក្រោយលែងជួបបងប្អូនកម្មករ និយោជិត ចឹងទៀតទេ យើងនឹងបន្ដជួប បន្ដិចទៀត នៅពេលក្រោយ ក្នុងអាណត្តិនេះ យើងថា យ៉ាងហោចណាស់ជួបពីរជុំទៀត ក្នុងម៉ាអាណត្តិនេះ»។
សម្ដេចបានឱ្យដឹងថា ទោះបី សម្ដេចមិនជួបកម្មករ-និយោជិត ក៏សម្ដេចនៅតែយកចិត្តទុកដាក់បំផុតចំពោះ កម្មករ -និយោជិត ព្រមទាំងយកចិត្តទុកចំពោះការចរចាប្រាក់ឈ្នួលផងដែរ ៕






ចែករំលែកព័តមាននេះ