ខេត្តបាត់ដំបង ៖ សារមន្ទីរខេត្តបាត់ដំបងនឹងចាប់ផ្ដើមលក់សំបុត្រសម្រាប់ភ្ញៀវបរទេសចូលទស្ស ចាប់ពីដើមខែមករា ឆ្នាំ២០២៤ ខាងមុខនេះតទៅ តែសម្រាប់ភ្ញៀវជនជាតិខ្មែរមិនតម្រូវឲ្យបង់ ប្រាក់ឡើយ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវចិត្រសិល្បៈខេត្តបាត់ដំបង ។

លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៏និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងនេះ កាលពីសប្ដាហ៍មុន ដោយបាននិយាយអំពីការចាប់ផ្ដើមលក់សំបុត្រឲ្យភ្ញៀវចូលទស្សនាវត្តុបុរាណនៅក្នុងសារមន្ទីរខេត្ត ។ នៅក្នុងសេចក្ដីជូនដំណឹងនោះ ការលក់សំបុត្រចូលទស្សនាសារមន្ទីរ សម្រាប់តែភ្ញៀវបរទេសប៉ុណ្ណោះ តែសម្រាប់ភ្ញៀវជនជាតិខ្មែរ មិនតម្រូវឲ្យបង់ប្រាក់ទេ ។

បើតាមការជូនដំណឹងនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ នឹងចាប់ផ្ដើមលក់សំបុត្រឲ្យភ្ញៀវចូលទស្សនាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ ខាងមុននេះតទៅ។ តំលៃសំបុត្រចូលទស្សនា សម្រាប់ភ្ញៀវជនជាតិខ្មែរ «ឥតគិតថ្លៃ»។ សម្រាប់ភ្ញៀវបរទេស អាយុក្រោម១០ឆ្នាំ«ឥតគិតថ្លៃ» រីឯអ្នកមានអាយុចាប់ពី១០ឆ្នាំឡើងទៅតំលៃសំបុត្រ ១២,០០០រៀល សម្រាប់ភ្ញៀវម្នាក់ (មានសុពលភាព០១ថ្ងៃ)។

ប៉ុន្តែសម្រាប់ជនបរទេស ដែលមានអាយុក្រោម១០ឆ្នាំ ដែលមិនតម្រូវឲ្យទិញសំបុត្រ ត្រូវបង្ហាញឯកសារពាក់ព័ន្ធ ឬលិខិតឆ្លងដែនទៅកាន់បញ្ជរលក់សំបុត្រ ឬមន្ត្រីឆែកសំបុត្រ ។ ករណីពុំមានឯកសារបញ្ជាក់ច្បាស់លាស់ ភ្ញៀវត្រូវបង់ប្រាក់ចូលទស្សនាតាមការកំណត់ដូចក្នុងសេចក្ដីជូនដំណឹង។ សារមន្ទីរខេត្តបាត់ដំបង មានទីតាំងស្ថិតនៅតាមដងផ្លូវលេខ០១ ខាងជើងវិមានឯករាជប្រហែល១០០ម៉ែត្រ កណ្ដាលក្រុងបាត់ដំបង។

បើតាមឯកសារសារមន្ទីរនេះ កសាងតាំងពីឆ្នាំ១៩៦៨ តាមរចនាបថខ្មែរបុរាណ។ បច្ចុប្បន្ន មានវត្ថុបុរាណជាច្រើនប្រភេទ ដូចជារូបបដិមាករ រូបចម្លាក់ បំណែកថ្មប្រសាទបាក់បែក វត្ថុបុរាណដែលសេសសល់ពីសម័យបុរេប្រវត្តិ ដែលមន្ត្រីជំនាញធ្វើកំណាយរកឃើញ និង ផ្ទាំងគំនូរនានា ដែលទាក់ទងទៅនឹងស្នាដៃស្ថាបត្យកម្ម ខាងសាសនា សិល្បៈខ្មែរ ។

លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា រូបចម្លាក់ និងវត្ថុបុរាណ ផ្សេងៗទៀត ដែលមានក្នុងសារមន្ទីរខេត្តបាត់ដំបង សព្វថ្ងៃនេះមានប្រមាណ១,៥០០រូប។ ក្នុងនោះមាន រូបចម្លាក់ ឬ វត្ថុបុរាណ សាងសង់ពីថ្ម ឈើ មាស សំរិទ្ធ ស្ព័ន ដីដុត។ល។ លោកបានបញ្ជាក់ថា មានរូបចម្លាក់ ឬវត្ថុបុរាណខ្លះមានអាយុកាលរហូតដល់ទៅជាង៧ម៉ឺនឆ្នាំ កសាងតាំងពីសម័យបុរេប្រវត្តិ ។

ពាក់ព័ន្ធនឹងការចាប់ផ្ដើមលក់សំបុត្រចូលទស្សនាវិញ លោក គឹម សោភ័ណ បានបញ្ជាក់ប្រាប់កោះសន្តិភាពថា កន្លងទៅ យើងមិនដែលលក់សំបុត្រឲ្យភ្ញៀវចូលទស្សនាសារមន្ទីរទេ តែយើងមានហិបលុយ សម្រាប់ទ្រទ្រង់សារមន្ទីរ ដូចជាការជួលកម្មករថែទាំសំអាតស្មៅ សួនច្បារ និង ថែទាំក្នុងសារមន្ទីរជាដើម តែមិនកំណត់ឲ្យបង់លុយចូលក្នុងហិបនោះទេ តាមទឹកចិត្តភ្ញៀវ។

លោក គឹម សោភ័ណ បានថ្លែងថា ការសម្រេចលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនាសារមន្ទីរ ចាប់ពីដើមឆ្នាំក្រោយខាងមុខនេះ គឺធ្វើឡើងដោយយោងប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១៨ សីហា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងក្រសួងវប្បធម៏និងវិចិត្រសិល្បៈ ស្ដីពីការប្រមូលចំណូលពីការផ្ដល់សេវាចូលទស្សនាសារមន្ទីរខេត្តបាត់ដំបង។

លោកបានបញ្ជាក់ដែរថា ការលក់សំបុត្រចូលទស្សនា សារមន្ទីរនេះ គឺសម្រាប់តែជនបរទេសប៉ុណ្ណោះ រីឯជនជាតិខ្មែរមិនតម្រូវឲ្យទិញសំបុត្រទេ ។







ចែករំលែកព័តមាននេះ