រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅតំបន់ផែថ្ម បាននាំគ្នាស្រែកតវ៉ា និងសុំឱ្យសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងអនីតិជន ដោះលែងស្ត្រីម្នាក់ ដោយអះអាងថា សមត្ថកិច្ចឃាត់ខ្លួនខុសមនុស្សហើយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីតាំងកើតហេតុនៅចំណុចម្តុំហាងម៉ាស្សា ក្បែរផ្ទះសំណាក់ «ផែថ្ម» ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ អំឡុងម៉ោងជិត១១យប់ គេប្រទះឃើញសមត្ថកិច្ចមួយក្រុមមានពាក់ឯកសណ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងអនីតិជន ចុះមកធ្វើការឃាត់ខ្លួនមនុស្សក្នុងទីតាំងហាងម៉ាស្សាជ្រកក្រោមស្លាកកាហ្វេ១កន្លែង ដែលមានយីហោ «ជូលីកាហ្វេ»។

ប្រភពដដែលបន្តថា បន្ទាប់មក គេក៏ឃើញមានជម្លោះទាស់ទែងពាក្យសម្តី រហូតឈានដល់ការប្រើប្រាស់ហិ.ង្សាទៅលើស្ត្រីម្នាក់ ខណៈពេលស្ត្រីរូបនោះយកកាហ្វេទៅឱ្យហាងម៉ាស្សាខាងលើ ចំពេលសមត្ថកិច្ចកំពុងតែអនុវត្តដីកា។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង បន្ទាប់ពីស្ត្រីចំណាស់រូបនោះ ត្រូវជនស៊ីវិលម្នាក់ដែលមកជាមួយមន្ត្រីមានឯកសណ្ឋាន២នាក់ទៀត ប្រើហិ.ង្សាទៅលើរូបគាត់។

យោងតាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះបានបន្ថែមថា មុនពេលកើតហេតុ ពួកគាត់កំពុងធ្វើការ ស្រាប់តែទទួលដំណឹងថា ម្តាយរបស់ពួកគាត់ត្រូវគេប្រើហិ.ង្សា និងចាប់វា.យខ្នោះរុញចូលក្នុងហាងកាហ្វេខាងលើនោះ មិនអោយចេញក្រៅនោះទេ។
ក្រុមគ្រួសារស្ត្រីរងគ្រោះបានបន្ថែមទៀតថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម ពួកគាត់ក៏បានមកដល់ទីតាំងកើតហេតុ ស្រាប់តែឃើញសភាពម្តាយរបស់ពួកគាត់ត្រូវគេឃុំក្នុងហាង និងមានស្នាមវា.យតែម្ដង ដោយកើតក្តីបារម្ភ និងខឹងយ៉ាងខ្លាំងចំពោះទង្វើមួយនេះ ពួកគាត់ក៏ហៅអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋមកជួយ ដោយអះអាងយ៉ាងមុះមុតថា ម្តាយរបស់ពួកគាត់មិនបានពាក់ព័ន្ធជាមួយការជួញដូរមនុស្សនោះទេ ព្រោះម្តាយគាត់ គឺសព្វថ្ងៃនេះ ជាមេផ្ទះ និងរកស៊ីលក់កាហ្វេ ព្រមទាំងលេងតុងទីនតែប៉ុណ្ណោះ ហេតុអ្វីបានជាសមត្ថកិច្ចឃុំម្តាយគាត់ និងប្រើហិ.ង្សាថែមទៀតបែបនេះ?។

ពាក់ព័ន្ធនៅក្នុងហេតុការណ៍ខាងលើនេះ កាន់តែភ្ញាក់ផ្អើលខ្លាំងឡើង បន្ទាប់ពីអ្នកភូមិជួយឈឺឆ្អាល និងនាំគ្នាតវ៉ាឱ្យដោះលែងស្ត្រីរងគ្រោះខាងលើ។
ដោយឡែក សមត្ថកិច្ចបានបកស្រាយថា ពួកគាត់មិនបានប្រើហិ.ង្សាទៅលើស្ត្រីរងគ្រោះនោះទេ ចំណែកអ្នកវា.យស្ត្រីរងគ្រោះ ពួកគាត់ក៏មិនបានស្គាល់ដែរ គឺដឹងត្រឹមតែចុះអនុវត្តតាមដីកា ស្របពេលស្ត្រីរងគ្រោះខាងលើ នៅក្នុងហាងដែលជាចំណុចត្រូវអនុវត្តតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ដោយសារមានការអះអាងជាច្រើនពីមហាជន ទើបសមត្ថកិច្ចធ្វើកិច្ចសន្យាដោះលែងស្ត្រីរូបនោះតាមសំណើរប្រជាពលរដ្ឋ តែការអនុវត្តនៅតែបន្តទៅលើហាងកាហ្វេមួយនោះដដែល៕
ចែករំលែកព័តមាននេះ