ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ប្តេជ្ញា​ចិត្ត​សម្លា.ប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ី​របស់​លោក បៃ​ដិ​ន ប្រសិនបើ​ជាប់​ឆ្នោត

8 ខែ មុន

អា​មេ​រិ​ក ៖ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​ប្រកាស​នឹង​លុប​

អា​មេ​រិ​ក ៖ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​ប្រកាស​នឹង​លុប​ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប៉ា​ស៊ី​ហ្វិ​ក ដែល​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន (Joe Biden) ប្រសិនបើ​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០២៤ ហើយ​ត្រលប់​ទៅ​កាន់​សេត​វិមាន​វិញ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា កន្លង​ទៅ​។

ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​នៅ​រដ្ឋ​អាយ​អូ​វ៉ា (Iowa) លោក ត្រាំ បាន​ថ្លែង​ថា លោក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់ ដែល​កំពុង​ត្រូវ​បាន​ចរចា​ដោយ​រដ្ឋបាល​លោក បៃ​ដិ​ន ជាមួយ​ប្រទេស​ចំនួន ១៣ ផ្សេង​ទៀត ដោយ​លើក​ហេតុផល​ថា កិច្ចព្រមព្រៀង​នេះ នឹង​រារាំង​ការ​ផលិត​របស់​សហរដ្ឋអាមេរិក និង​បង្ក​ការ​បាត់បង់​ការងារ​។

កិច្ច​ពិភាក្សា​លើ​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក ហៅ​កាត់​ថា IPEF ដែល​មាន​បំណង​ផ្តល់​ជូន​តំបន់​នូវ​ជម្រើស​មួយ ចំពោះ​ការ​កើនឡើង​ឥទ្ធិពល​ពាណិជ្ជកម្ម​របស់​ចិន បាន​ជំពប់​ដួល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បន្ទាប់​ពី​ប្រទេស​មួយ​ចំនួន​រួម​ទាំង​វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី បាន​បដិសេធ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​កម្លាំង​ពលកម្ម​ខ្លាំង និង​ស្តង់ដារ​បរិស្ថាន​។

លោក ត្រាំ ដែល​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ហៅ​កាត់​ថា TPP បន្ទាប់​ពី​កាន់​តំណែង​នៅ​ខែមករា ឆ្នាំ​២០១៧ បាន​ប្រកាស​នឹង​លុប​ចោល​កិច្ចព្រមព្រៀង IPEF ដែល​លោក​ហៅ​ថា «TPP Two» ភ្លាម​ៗ ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​៤៥​រូប​នេះ​បាន​និយាយ​ថា «​នៅ​ក្រោម​រដ្ឋបាល​បន្ទាប់ ផែនការ​របស់ បៃ​ដិ​ន សម្រាប់ TPP Two នឹង​ស្លាប់​នៅ​ថ្ងៃ​ណាមួយ ដោយ​វា​អាក្រក់​ជាង​លើក​ទី​១​ទៅ​ទៀត ដោយ​គំរាម​គំ​ហែង​ដល់​កសិករ និង​អ្នក​ផលិត​ជាមួយនឹង​ទ​ង្វើ​សាហាវយង់ឃ្នង​សកលនិយម​ដ៏​ធំ​មួយទៀត​ទៅ​កាន់​អាស៊ី​»​។

IPEF គឺជា​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ចាប់ផ្តើម​ដោយ​លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ ២០២២ ជាមួយ​ប្រទេស​សមាជិក​ស្ថាបនិក​ចំនួន​១៤ នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​រួម​មាន អូស្ត្រាលី ប្រ៊ុ​យ​ណេ ហ្វី​ជី ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី ជប៉ុន កូរ៉េ​ខាងត្បូង ម៉ា​ឡេ​ស៊ី នូ​វែ​ល​ហ្សេ​ឡង់ ហ្វី​លី​ពី​ន សិង្ហ​បុរី ថៃ វៀតណាម និង​អា​មេ​រិ​ក ជាមួយនឹង​ការ​អញ្ជើញ​ដោយ​បើកចំហ​សម្រាប់​ប្រទេស​ផ្សេង​ទៀត​ចូលរួម​។

រដ្ឋបាល​លោក បៃ​ដិ​ន សង្ឃឹមថា នឹង​បញ្ចប់​ជំពូក​សំខាន់​ៗ នៃ​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម IPEF របស់​ខ្លួន ស្រប​ពេល​ដែល​អ្នកជំនាញ​ពាណិជ្ជកម្ម និង​ក្រុម​ធុរកិច្ច​អះអាង​ថា ខ្លួន​បាន​ប្តេជ្ញា​បន្ត​ការ​ចរចារ​កិច្ចព្រមព្រៀង​ដ៏​មាន​មហិច្ឆតា​នេះ ប៉ុន្តែ​សម្ពាធ​ឆ្នាំ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក និង​ការ​ទប់ទល់​ការ​ប្តេជ្ញា​ចិត្ត​ដ៏​តឹងតែង​ពី​ប្រទេស​មួយ​ចំនួន ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​ពិបាក​ចេញ​ផ្លែផ្កា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ