ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WADA ពិន័យ OCA ៥០​ម៉ឺន​ដុល្លារ រឿង​ទង់ជាតិ​កូរ៉េ​ខាងជើង​នៅ​កីឡា​អាស៊ី​លើក​ទី​១៩

8 ខែ មុន

អន្តរជាតិ ៖ ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក ហៅ​កាត់​ថា WADA បាន​ពិន័យ​ក្រុមប្រឹក្សា​

អន្តរជាតិ ៖ ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក ហៅ​កាត់​ថា WADA បាន​ពិន័យ​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី ហៅ​កាត់​ថា OCA ទឹកប្រាក់ ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​អនុញ្ញាត​ប្រទេស​កូរ៉េ​ខាងជើង​បង្ហាញ​ទង់ជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ នៅ​ទីក្រុង​ហាង​ចូ​វ ប្រទេស​ចិន កាលពី​ខែកញ្ញា​កន្លង​ទៅ ខណៈ​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ ជាប់​បម្រាម​ចំពោះ​ការ​មិន​អនុលោម​តាម​ច្បាប់ WADA​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា កន្លង​ទៅ​។

នៅ​ក្នុង​ឆ្នាំ ២០២១ WADA បាន​ហាមប្រាម​ទង់ជាតិ​កូរ៉េ​ខាងជើង នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​ទាំងអស់ បន្ទាប់​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក ក្រោយ​ចាត់​ទុក​ប្រទេស​ឯកោ​មួយ​នេះ បាន​បរាជ័យ​ការ​អនុវត្ត​កម្មវិធី​ធ្វើតេស្ត​សារធាតុ​ញៀន​របស់​ខ្លួន​។ ទោះ​យ៉ាងណា​ក៏​ដោយ ទង់ជាតិ​កូរ៉េ​ខាងជើង​បាន​បង្ហាញ​យ៉ាង​ពេញលេញ​សម្រាប់​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ (19th Asian Games) ដែល​ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ ក៏​ដូច​ជា​ភូមិ​អត្ត​ព​លិ​ក នៅ​ក្នុង​ការ​ប្រកួតប្រជែង និង​ពិធី​បំពាក់​មេដាយ​ផង​ដែរ​។

WADA ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់ (Montreal) ប្រទេស​កា​ណា​ដា បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ច្បាស់​ណាស់​អំឡុង​ពេល​កីឡា​អាស៊ី OCA មិន​បាន​ចាត់វិធានការ​លើ​កូរ៉េ​ខាងជើង ដើម្បី​អនុវត្ត​លក្ខខណ្ឌ​អនុលោម​តាម​ច្បាប់ ដោយ​ទង់ជាតិ​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ម្តង​ហើយ​ម្តងទៀត អំឡុង​ពេល​ព្រឹត្តិការណ៍​ទាំងមូល​។ ទោះបីជា​មានការ​រំលឹក​ម្តង​ហើយ​ម្តងទៀត​ពី WADA មុន​និង​អំឡុង​ពេល​ការ​ប្រកួត​យ៉ាងណា​ក៏​ដោយ​ក៏ OCA មិន​បាន​ធ្វើ​តាម​។

មិន​ទាន់​មានការ​អត្ថាធិប្បាយ​ភ្លាម​ៗ​ពី OCA នៅឡើយ​ទេ ខណៈ​ដែល​ស្ថាប័ន​មាន​មូលដ្ឋាន​នៅ​ប្រទេស​គុយ​វ៉ែត​មួយ​នេះ​មាន​ពេល​៣​ស​ប្តា​ហ៍ ដើម្បី​ប្តឹង​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់ WADA ។

គួរ​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាងជើង បាន​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ ទីក្រុង​ហាង​ចូ​វ ប្រទេស​ចិន ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១០ នៃ​តារាង​មេដាយ​សរុប ដោយ​ឈ្នះ​មេដាយ​សរុប ៣៩ គ្រឿង មាស ១១ ប្រាក់ ១៨ និង​សំរឹទ្ធ ១០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ