រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់អ្នកនាង ង៉ែត សុវណ្ណលីតា បានរៀបចំឯកសារតាមផ្លូវច្បាប់មួយ ដើម្បីដាក់ពាក្យបណ្តឹងប្តឹងជនអនាមិកដែលយករូបភាព និងលេខទូរស័ព្ទរបស់នាងដាក់ចូលក្នុងគ្រុបតេឡេក្រាម អ.អ.ភ (អា.សអា.ភា.ស) មួយ ខណៈពេលដែលអ្នកនាងមិនបានដឹងខ្លួនអ្វីទាំងអស់ ។
មុននឹងសម្រេចដាក់ពាក្យបណ្តឹងខាងលើនេះ អ្នកនាង ង៉េត សុវណ្ណលីតា បានបញ្ចេញនូវរូបភាពមួយចំនួនដែលអ្នកនាងទទួលបាន ដោយមានជនអនាមិកយករូបនាងដាក់នៅក្នុងគ្រុបតេឡេក្រាម អ.អ.ភ (អា.សអា.ភា.ស) មួយ ក្នុងនោះមានទាំងរូបភាពពិត និងកាត់.ត ព្រមទាំងលេខទូរស័ព្ទរបស់នាងទៀតផង យកទៅប្រើប្រាស់មិនសម ទាំងដែលនាងមិនបានដឹងខ្លួនអ្វីទាំងអស់។

ជាមួយនឹងរូបភាពនៃសកម្មភាពទាំងអស់នោះ អ្នកនាងក៏បានភ្ជាប់ជាមួយសារ រួចបង្ហោះនៅលើបណ្តាញសង្គមថា «បើមិនមានគេប្រាប់ទេ ប្រហែលជាខ្ញុំមិនដឹងខ្លួនឯងសោះថា មានរូបនៅគ្រុបលក់… ខ្ញុំសូមមេត្តាផងចុះ ខ្ញុំមិនដែលធ្វើអាក្រក់ដាក់អ្នកណាទេ សូមកុំមកបំផ្លាញកេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្លូរបស់ខ្ញុំអី ។ សូមកុំយករូកខ្ញុំទៅធ្វើជាអាជីវកម្មរបស់អ្នកអី សូមជួយលុបរូបខ្ញុំចេញអោយអស់ផង បើមិនចឹងទេ ខ្ញុំនឹងធ្វើទៅតាមផ្លូវច្បាប់ហើយ ឆ្ងាញ់ត្រង់យករូបខ្ញុំទៅកាត់.តទៀត អាណិតផង លោកម្ចាស់អើយ បងប្អូនជួយស៊ែអោយពួកវាឃើញផង កុំអោយវាភ្លើចឹង »។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ តារាសម្តែងអ្នកនាង ង៉ែត សុវណ្ណលីតា បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពតាមសារអេឡិចត្រូនិច ដោយប្រាប់ឱ្យដឹងថា «ចំពោះរឿងនេះ ដំបូងឡើយ មានមនុស្សប្រុសម្នាក់បានខលទូរស័ព្ទមកសួរនាង ដោយសួរនាំនាងថា នៅណា និងបានបញ្ជាក់ថា ឃើញមានរូបនាងនៅក្នុងគ្រុប អ.អ.ភ (អា.សអា.ភា.ស) មួយ»។
អ្នកនាងបន្ថែមថា «បុរសរូបនោះ បានផ្តល់ជាដំណឹងមួយនេះមកកាន់រូបនាង និងបានបង្ហាញពីឈ្មោះគ្រុបតេឡេក្រាមដែលជនអនាមិកយករូបភាពនាងដាក់ចូលទៅក្នុងគ្រុប អ.អ.ភ (អា.សអា.ភា.ស) មួយនេះផងដែរ»។

អ្នកនាងបញ្ជាក់ថា «គ្រាន់តែបានដឹងហេតុការណ៍នេះហើយ នាងពិតជាស្រងាកចិត្តយ៉ាងខ្លាំងក្នុងពេលដែលនាងបានឃើញរូបភាពនាងទាំងពិត និងកាត់.ត ព្រមទាំងលេខទូរស័ព្ទត្រូវបានគេយកទៅប្រើក្នុងគ្រុប អ.អ.ភ (អា.សអា.ភា.ស) បែបនេះ ។ នាងជឿថា ករណីនេះ អាចកើតមានឡើងបាន ប្រហែលជាមានអ្នកណាម្នាក់ចង់ធ្វើបាបមកលើរូបនាង ដោយជននោះបានយករូបភាពអ្នកនាងហាត់ប្រាណកាលពី២ឆ្នាំមុនយកទៅកាត់.ត រួចយករូបភាពនាងដែលថតថ្មីៗយកទៅដាក់ក្នុងប្រូហ្វាល់ទៀតផង»។
បើតាមអ្នកនាង ង៉ែត សុវណ្ណលីតា ថា «បច្ចុប្បន្ន គ្រួសាររបស់អ្នកនាងបានរៀបចំឯកសារសម្រាប់ដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃហើយ ដើម្បីចាត់ចែងតាមផ្លូវច្បាប់»។
យ៉ាងណា អ្នកនាង ង៉ែត សុវណ្ណលីតា បានបញ្ជាក់ថា «អ្នកនាងស្នើសុំដល់មហាជនទាំងអស់ មេត្តាកុំមានការយល់ច្រឡំមកលើរូបនាងចំពោះរឿងខាងលើ ព្រោះនាងជាមនុស្សស្អាតស្អំមិនបានធ្វើរឿងទាំងអស់នេះឡើយ ហើយណាមួយនាងក៏មានគ្រួសារ និងកូនធំៗអស់ហើយដែរ» ៕










ចែករំលែកព័តមាននេះ