ATP Finals ៖ Djokovic បង្កើតកំណត់ត្រាពិភពលោក ក្រោយឈ្នះកីឡាករវ័យក្មេងអ៊ីតាលី
អ៊ីតាលី ៖ កំពូលកីឡាករវាយតេន្នីស Novak Djokovic បានឈ្នះជើងឯក ATP Finals កំណត់ត្រា
អ៊ីតាលី ៖ កំពូលកីឡាករវាយតេន្នីស Novak Djokovic បានឈ្នះជើងឯក ATP Finals កំណត់ត្រា
អ៊ីតាលី ៖ កំពូលកីឡាករវាយតេន្នីស Novak Djokovic បានឈ្នះជើងឯក ATP Finals កំណត់ត្រាពិភពលោកជាលើកទី៧ បន្ទាប់ពីយកឈ្នះលើកីឡាករវ័យក្មេង Jannik Sinner កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
Novak Djokovic កីឡាករសញ្ជាតិស៊ែបវ័យ៣៦ឆ្នាំ ដែលបានចាញ់កីឡាករ Jannik Sinner សញ្ជាតិអ៊ីតាលីវ័យ២២ឆ្នាំ នៅវគ្គចែកពូលនោះ សងសឹកបានសម្រេចនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងលទ្ធផល ៦-៣ និង ៦-៣ នៅទីក្រុងទូរីន (Turin) ប្រទេសអ៊ីតាលី សម្រាប់ព្រឹត្តិការណ៍ ATP Finals 2023 ដែលជាពានរង្វាន់បិទរដូវកាលកីឡាតេន្នីស។
កីឡាករចំណាត់ថ្នាក់លេខ១ពិភពលោក Djokovic បានថ្លែងក្រោយឈ្នះជើងឯកជាលើកទី៧របស់ខ្លួនថា «រដូវកាលដ៏ល្អបំផុតមួយដែលខ្ញុំមាននៅក្នុងជីវិតរបស់ខ្ញុំ ដោយគ្មានការសង្ស័យនោះទេ។ វាពិតជាពិសេសណាស់ ដើម្បីយកឈ្នះកីឡាករម្ចាស់ស្រុក Jannik ។ តាមបច្ចេកទេស ខ្ញុំបានលេងខុសពីការប្រកួតក្នុងពូលទល់នឹង Jannik។ ប៉ុន្តែសរុបមកវិញ គឺជាសប្តាហ៍ដ៏អស្ចារ្យមួយ»។
មុនឈ្នះពានរង្វាន់ ATP Finals ជាលើកទី៧ ដែលជាចំនួនកំណត់ត្រាពិភពលោក Djokovic មានកំណត់ត្រាឈ្នះពានរង្វាន់ឯកត្តជនមួយនេះ ៦លើកស្មើជាមួយកំពូលកីឡាករស្វីស Roger Federer ហើយការឈ្នះនេះមានន័យថា Djokovic បញ្ចប់យុទ្ធនាការកីឡាវាយតេន្នីសរដូវកាលនេះ នៅក្នុងនាមកីឡាករចំណាត់ថ្នាក់លេខ១ពិភពលោក។
Djokovic បច្ចុប្បន្នក៏កំពុងឈរជាកីឡាករឈ្នះពានរង្វាន់ Grand Slam ច្រើនជាងគេបំផុតពោលចំនួន ២៤សម័យកាល ដោយនៅក្នុងរួមមាន ៖ Australian Open ១០ដង French Open ៣ដង Wimbledon ៧ដង និង US Open ៤ដង តាមពីក្រោយដោយកំពូលកីឡាករអេស្ប៉ាញ Rafael Nadal ដែលឈ្នះ Grand Slam ចំនួន ២២សម័យកាល។
សូមជម្រាបថា ATP Finals គឺជាព្រឹត្តិការណ៍បញ្ចប់រដូវកាលកីឡាវាយតេន្នីស ដោយមានការចូលរួមពីសំណាក់កីឡាករល្អបំផុតប្រចាំឆ្នាំចំនួន៨រូប ដោយត្រូវចែកចេញជា២ពូល (Green Group & Red Group) ដោយក្នុង១ពូលមាន៤រូប ហើយកីឡាករកំពូល២រូបក្នុងពូលនីមួយៗ ត្រូវបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ