ក្រុមប្រឹក្សាយោធាជាន់ខ្ពស់កំពុងកាន់អំណាចនៅអេហ្ស៊ីបនិយាយកាលពីថ្ងៃទី២១ ឧសភា កន្លងមកថា ប្រទេសអារ៉ាប៊ី សាអូឌីត បានសន្យាថា នឹងផ្តល់ប្រាក់ជាង៤ពាន់លានដុល្លារអាេមរិក ឱ្យប្រទេសអេហ្ស៊ីប ដើម្បីទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ទីភ្នាក់ងារព័ត៌មានផ្លូវការអេហ្ស៊ីប MENA រាយការណ៍ថា ប្រមុខក្រុមប្រឹក្សាយោធា លោក Hussein Tantawi បានលើកសរសើរចំពោះការគាំទ្ររបស់អារ៉ាប៊ី សាអូឌីត ចំពោះប្រទេសអេហ្ស៊ីប ដោយលោកថ្លែងថា ជំនួយ៤ពាន់លានដុល្លារនោះ នឹងត្រូវផ្តល់ឱ្យអេហ្ស៊ីបក្នុងរូបភាពជាប្រាក់កម្ចីការប្រាក់ថោក ឬជាឥណទាន ។
លោក Tantawi ថ្លែងថា វិធានការនេះ នឹងពង្រឹង ហើយពង្រីកទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ អេហ្ស៊ីប-អារ៉ាប៊ី សាអូឌីត ។
សេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីបធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ក្រោយពីការផ្ទុះចលាចលផ្នែកនយោបាយកាលពីចុងខែមករា កន្លងមក ដែលទម្លាក់លោកហូស្នី មូបារ៉ាក់ ចេញពីតំណែងប្រធានាធិបតី ។
កាលពីសប្តាហ៍មុនប្រទេសអេហ្ស៊ីបបានស្នើប្រាក់កម្ចីពី១០ទៅ១២ពាន់លានដុល្លារ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ