រាជធានីភ្នំពេញ ៖ បវរកញ្ញាកម្ពុជា ចន សុទីម៉ា បានធ្វើឲ្យមហាជនដាក់ក្តីរំពឹងយ៉ាងខ្លាំងពីភាពជោគជ័យសម្រាប់ការប្រកួត «Miss Universe 2023» ក្រោយពីកញ្ញាបានបង្ហាញសមត្ថភាពបានយ៉ាងល្អពីមួយវគ្គទៅមួយវគ្គ ជាពិសេសគឺវគ្គដើរបង្ហាញឈុតតំណាងជាតិយ៉ាងលេចធ្លោនៅលើវេទិកា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។

ការប្រកួត Miss Universe 2023 ដែលរៀបចំឡើងនៅប្រទេស El Salvador បានឈានដល់វគ្គសំខាន់ៗ ហើយកញ្ញា ចន សុទីម៉ា តំណាងកម្ពុជា ក៏បានបំពេញតួនាទីខ្លួនបានយ៉ាងល្អ រហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីគណៈកម្មការ ។ អ្វីដែលពិសេសខ្លាំងថែមទៀតនោះ នៅក្នុងវគ្គបង្ហាញឈុតតំណាងជាតិនេះ ចន សុទីម៉ា កាន់តែធ្វើឲ្យមហាជនកម្ពុជា ជាច្រើនសម្តែងនូវមោទនភាពចំពោះកញ្ញាដែលនាំយកអ្វីដែលជាប្រពៃណី វប្បធម៌ និងកេរ្តិ៍តំណែលខ្មែរបង្ហាញឲ្យពិភពលោកស្គាល់កាន់តែច្បាស់។

ស្រីស្អាត ចន សុទីម៉ា បានគ្រោងឈុតតំណាងជាតិដើរបង្ហាញនៅលើឆាកដោយភាពទន់ភ្លន់ ញញឹមសាកសមជានារីខ្មែរ ជាមួយនឹងសម្រស់យ៉ាងស្រស់ផូរផង់ និងភាពល្អឯកក្នុងឈុតមួយនេះ។ ឈុតតំណាងជាតិដែលស្រីស្អាត ចន សុទីម៉ា យកមកបង្ហាញនាពេលនេះ ត្រូវបានគេប្រសិទ្ធនាមថា «ព្រះមេគង្គា» ដោយឈុតនេះ រំលេចនូវគ្រឿងអលង្ការនានា ច្នៃចេញពីរចនាបទសិល្បៈសម័យអង្គរ។

ឈុតតំណាងជាតិ «ព្រះមេគង្គា» ឧទ្ទិសដល់ទន្លេមេគង្គដែលហូរមកពីទីបេ កាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ដោយដកស្រង់គំនិតពីទេវកថា ចម្លាក់បុរាណ និងបរិស្ថាន ហើយឈុតនេះរំលេចនូវគ្រឿងអលង្ការនានា ដែលច្នៃចេញពីរចនាបទសិល្បៈសម័យអង្គរផងដែរ។

ឈុត «ព្រះមេគង្គា» បង្ហាញ និងលើកតម្កើងធនធានដ៏សម្បូរបែបនៃទឹកដីវប្បធម៌កម្ពុជា ដោយធ្វើការប្រើប្រាស់នៅត្បូងធម្មជាតិ និងសំពត់ចរបាប់សូត្រត្បាញដោយដៃខ្មែរ។ ឈុតតំណាងជាតិ «ព្រះមេគង្គា» ដ៏ស្រស់ថ្លា និងវិសេសនេះ ជានិម្មិតរូបនៃលំហូ សុខសិរីសួស្តីជ័យ តំណាងលំហូនៃសន្តិភាព មិត្តភាព និងការរីកចម្រើននៃយុគសម័យថ្មី។

ជាការកត់សម្គាល់ អំឡុងពេលប្រកួតនេះដែរ កញ្ញា ចន សុទីម៉ា ក៏បានបង្ហោះសារតាមបណ្តាញសង្គមផ្ញើទៅកាន់អ្នកគាំទ្រកម្ពុជាទាំងអស់ថា «នាងខ្ញុំពិតជារីករាយ និងមានកិត្តិយសណាស់ក្នុងការតំណាងប្រទេសកម្ពុជានៅលើឆាកបវកញ្ញាចក្រវាល២០២៤ នេះ ។ នាងខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់ពេញចិត្តចំពោះការបង្ហាញសមត្ថភាពរបស់ខ្ញុំ សូមអរគុណចំពោះប្រជាជនកម្ពុជាទាំងអស់ ចំពោះការលើកទឹកចិត្ត និងផ្តល់ក្តីស្រលាញ់មកកាន់រូបនាងខ្ញុំ។ នាងខ្ញុំពិតជារំភើបណាស់ ជាពិសេសនាងខ្ញុំពិតជាមានសំណាងដែលកើតមកជាខ្មែរ និងមិនភ័យខ្លាចទេ ក្នុងការបង្ហាញខ្លួនឯងក្នុងភាពជា «ខ្មែរ» ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «Miss Universe 2023» នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ ចាប់ពីម៉ោង៨ព្រឹកតទៅ (ម៉ោងនៅកម្ពុជា) ៕








ចែករំលែកព័តមាននេះ