ទីក្រុងសេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកឡយ អូស្ទីន ថ្លែងថារដ្ឋសមាជិកអង្គការសហប្រជាជាតិដែលចុះហត្ថលេខាលើបទឈប់បាញ់នៃសង្គ្រាមកូរ៉េ បារម្ភថាប្រទេសចិន និងរុស្ស៊ីកំពុងជួយឱ្យកូរ៉េខាងជើងពង្រីកសមត្ថភាពយោធារបស់ខ្លួន និងជួយឱ្យកូរ៉េខាងជើងគេចផុតពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ដូចនេះ អាមេរិក និងកូរ៉េខាងត្បូងប្ដេជ្ញាថាខ្លួននឹងចាត់វិធានការតបទៅនឹងទង្វើច្រឡោងខាម ឬការវាយប្រហារដោយកូរ៉េខាងជើងទៅលើកូរ៉េខាងត្បូង។
ប្រទេសទាំង២ក៏បារម្ភអំពីការសហការគ្នាជិតស្និទ្ធផ្នែកយោធារវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។ អាមេរិកចោទប្រកាន់ថាកូរ៉េខាងជើងផ្ដល់អាវុធ និងគ្រឿងបរិក្ខារយោធាទៅឱ្យប្រទេសរុស្ស៊ីដើម្បីឱ្យរុស្ស៊ីយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ជាថ្នូរត្រឡប់មកវិញ រុស្ស៊ីជួយផ្នែកបច្ចេកទេសយោធា។ ប៉ុន្តែប្រទេសទាំង២បដិសេធថាគ្មានការចុះកិច្ចព្រមព្រៀងយោធាណា១ទេ។
ការធ្វើអត្ថាធិប្បាយរបស់ប្រមុខការពារជាតិអាមេរិកត្រូវអ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កោហ្វ ថ្លែងថាជាការអះអាងដែលគ្មានមូលដ្ឋានច្បាស់លាស់។ ដូច្នេះ ការនិយាយស្រដៀងគ្នានេះជាបន្តទៀតរឹតតែធ្វើឱ្យគ្មានតម្លៃ។ ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងធ្លាប់បញ្ជាក់រួចហើយថាខ្លួនតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមកាតព្វកិច្ចជាអន្តរជាតិ។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន, ការិយាល័យតំណាងកងទ័ពអង្គការសហប្រជាជាតិ (UNC) និងកូរ៉េខាងត្បូងថ្លែងថាខ្លួននឹងចាត់វិធានការឆ្លើយតបទៅនឹងទង្វើច្រឡោងខាម ឬការផ្ទុះអាវុធនៅឧបទ្វីបកូរ៉េ។ សេចក្ដីថ្លែងការណ៍នោះចាត់ទុកថាកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាអំពើខុសច្បាប់។
កូរ៉េខាងជើងស្នើសុំឱ្យរំលាយការិយាល័យតំណាងកងទ័ពរបស់ UN
កូរ៉េខាងជើងបានស្នើសុំឱ្យរំលាយការិយាល័យកងទ័ពអង្គការសហប្រជាជាតិប្រចាំឧបទ្វីបកូរ៉េ និងចាត់ទុកថាការិយាល័យនេះគ្រាន់តែជាស្ថាប័នបម្រើឱ្យប្រទេសអាមេរិកតែប៉ុណ្ណោះ។ ដូច្នេះ ស្ថាប័ននេះមិនបានបំពេញការងារក្នុងនាមជាស្ថាប័នរបស់អង្គការសហប្រជាជាតិទេ។ សរុបសេចក្ដីមក កូរ៉េខាងជើងចាត់ទុកថានេះជាស្ថាប័នខុសច្បាប់ដែលត្រូវតែរំលាយចោល។
កាលពីថ្ងៃចន្ទ កូរ៉េខាងត្បូង និងអាមេរិកចុះហត្ថលេខារួមគ្នាដើម្បីបន្តកិច្ចសហការផ្នែកសន្តិសុខជាតិ។ ប្រទេសទាំង២ឯកភាពគ្នាថានឹងជំរុញការធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសជប៉ុនដើម្បីត្រៀមខ្លួនទទួលយកនូវគ្រប់សេណារីយោ។ មានន័យទោះបីកូរ៉េខាងជើងចង់ហក់តាមផ្លូវណាក៏បាន។ ចង់ប្រើកម្លាំងយោធាក៏បាន ឬចង់ចរចាគ្នាដោយសន្តិវិធីក៏បាន៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/un-members-concerned-china-russia-helping-north-korea-us-defence-chief-3918576










ចែករំលែកព័តមាននេះ