ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​បរទេស​ជា​ច្រើន ដក​ប្រាក់​ចំណេញ​រាប់​ពាន់​លាន​ដុល្លារ​ចេញពី​ប្រទេស​ចិន

1 ឆ្នាំ មុន

បរទេស ៖ ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា បណ្តា​អាជីវកម្ម​បរទេស​ជា​ច្រើន​បាន​នឹង​កំពុង​ដក​ប្រាក់​ចំណេញ​

បរទេស ៖ ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា បណ្តា​អាជីវកម្ម​បរទេស​ជា​ច្រើន​បាន​នឹង​កំពុង​ដក​ប្រាក់​ចំណេញ​រាប់​ពាន់​លាន​ដុល្លារ​ចេញពី​ប្រទេស​ចិន នៅ​ក្នុង​អត្រា​លឿន​ជាង​អ្វី​ដែល​ពួក​គេ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ទិន្នន័យ​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញពី​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

សេដ្ឋកិច្ច​ប្រទេស​ចិន​ដែល​ធ្លាក់​ចុះ អត្រា​ការ​ប្រាក់​ទាប ព្រមទាំង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​សហរដ្ឋអាមេរិក បាន​បង្ក​ឱ្យ​មានការ​សង្ស័យ​អំពី​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​ពីរ​ពិភពលោក​មួយ​នេះ ខណៈ​គ្រប់​គ្នា​នឹង​ផ្តោត​លើ​កិច្ចប្រជុំ​ដ៏​សំខាន់​រវាង​មេដឹកនាំ​ចិន លោក ស៊ី ជី​ន​ពីង (Xi Jinping) និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន (Joe Biden) នៅ​ស​ប្តា​ហ៍​នេះ ប៉ុន្តែ​ទោះ​យ៉ាងណា បណ្តា​អាជីវកម្ម​បរទេស​ហាក់ដូចជា​មាន​បញ្ហា​រួច​ទៅ​ហើយ​។

លោក Nick Marro អ្នកវិភាគ​មក​ពី Economist Intelligence Unit (EIU) បាន​ថ្លែង​ថា ការ​ថប់​បារម្ភ​ជុំវិញ​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ ភាព​មិន​ច្បាស់លាស់​នៃ​គោលនយោបាយ​ក្នុងស្រុក និង​កំណើន​យឺត​កំពុង​តែ​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​គិត​អំពី​ការ​ផ្លាស់​ប្តូរ​ទីផ្សារ​របស់​ខ្លួន​។

ប្រទេស​ចិន​បាន​កត់ត្រា​ឱនភាព នៃ​ការ​វិនិយោគ​បរទេស​ចំនួន ១១.៨​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ខែ​ដល់​ចុងខែ​កញ្ញា ឆ្នាំ​នេះ ដែល​ជា​លើក​ទី​១ ចាប់តាំងពី​កំណត់​ត្រា​បាន​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ ១៩៩៨ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន​បរទេស​មិន​បាន​វិនិយោគ​ប្រាក់​ចំណេញ​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ចិន ជា​ជាង​ដក​ប្រាក់​ចំណេញ​ចេញពី​ប្រទេស​នេះ​ឡើយ​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ផលិត​គ្រឿងចក្រ​ឧស្សាហកម្ម​របស់​ស្វី​ស Oerlikon ដែល​បាន​ដក​ប្រាក់​ចំណេញ ២៧៧​លាន​ដុល្លារ​ពី​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន បាន​លើក​ឡើង​ថា «​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​កំពុង​ប្រឈម​មុខ​នឹង​កំណើន​យឺត ហើយ​ត្រូវ​ធ្វើការ​កែតម្រូវ​ខ្លះ​។ នៅ​ក្នុង​ឆ្នាំ ២០២២ យើង​គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដំបូង​គេ ដែល​ទំនាក់ទំនង​ប្រកបដោយ​តម្លាភាព ដោយ​បាន​រំពឹង​ថា ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​ចិន​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​យើង​។ ហេតុ​ដូច្នេះ​ហើយ ទើប​យើង​បាន​ចាប់ផ្តើម​អនុវត្ត​សកម្មភាព និង​វិធានការ​នានា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំងនោះ​»​។

ទោះ​យ៉ាងណា ប្រទេស​ចិន​នៅ​តែ​ជាទី​ផ្សារ​សំខាន់​សម្រាប់​ក្រុមហ៊ុន Oerlikon ដោយ​មាន​បុគ្គលិក​ជិត ២,០០០​នាក់​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​ចំនួន​ច្រើន​ជាង​១/៣​នៃ​ការ​លក់​របស់​ខ្លួន​។ Oerlikon បាន​កត់​សម្គាល់ថា សេដ្ឋកិច្ច​ចិន​នៅ​តែ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រកាស​កំណើន​ប្រហែល ៥% ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដែល​ស្ថិត​ក្នុង​ចំណោម​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក​។

ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ អាជីវកម្ម​ជា​ច្រើន​ដូច​ជា Oerlikon បាន​ប្រឈម​មុខ​នឹង​បញ្ហា​ប្រតិបត្តិការ​នៅ​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​ធំ​បំផុត​របស់​ពិភពលោក​។ ប្រទេស​ចិន​បាន​អនុវត្ត​ការ​ចាក់សោរ​ប្រទេស​ដ៏​តឹងរ៉ឹង​បំផុត​មួយ​របស់​ពិភពលោក តាម​រយៈ​គោលនយោបាយ «​សូន្យ​-​កូ​វី​ដ​» របស់​ខ្លួន ដែល​បណ្តាល​ឱ្យ​មានការ​រំខាន​ដល់​សង្វា​ក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ជា​ច្រើន ដូច​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​របស់​អា​មេ​រិ​ក Apple ដែល​ផលិត​ទូរស័ព្ទ iPhone ភាគច្រើន​នៅ​ប្រទេស​ចិន ហើយ​ចាប់តាំងពី​ពេល​នោះ​មក ក្រុមហ៊ុន​បាន​ធ្វើ​ពិពិធ​កម្ម​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ដោយ​ការ​ផ្លាស់​ប្តូរ​ផលិតកម្ម​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ