ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ ​៖ ការ​ពង្រីក​វិសាលភាព ប​.​ស​.​ស​. ដល់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​គូសបញ្ជាក់​នៅ​ថ្ងៃ ១៤ ខែវិច្ឆិកា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​គូសបញ្ជាក់​នៅ​ថ្ងៃ ១៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣​ នេះ​ថា ការ​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាពដល់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. តាម​គោលការណ៍​ស្ម័គ្រចិត្ត​នា​ពេល​នេះ​ គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បន្ថែម​សម្រាប់​កម្ពុជា ។ ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះបន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ប​.​ស​.​ស​.» និង «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» នា​ថ្ងៃ​ទី ​១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ និង​រ៉េ​ស៊ី​ដង់ដោយ​មាន​អ្នកចូលរួម​សរុប​ប្រមាណ​ ២​ ពាន់​នាក់ ​។

ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា ការ​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដល់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. តាម​គោលការណ៍​ស្ម័គ្រចិត្ត​នា​ពេល​នេះ​គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បន្ថែម​សម្រាប់​កម្ពុជា ដែល​បាន​ប្រែក្លាយ​សេចក្តី​ប្រាថ្នា​របស់​បុគ្គល​ស្វ័​យ​និ​យោជន៍​ភាគច្រើន​ដែល​ចង់​ចូល​ជា​សមាជិក ប​.​ស​.​ស​. ក៏​ដូច​ជា​ក្តី​ប្រាថ្នា​របស់​បងប្អូន​កម្មករនិយោជិត​ភាគច្រើន ដែល​ចង់ឱ្យ​អ្នក​នៅ​ក្នុង​បន្ទុក​របស់​ខ្លួន​អាច​ទទួល​បានការ​ធានា​រ៉ាប់រង​សុខភាព​ដូច​ខ្លួន​ដែរ​ ។

ឯកឧត្តម​មាន​ប្រសាសន៍​ថា​ ៖ «ប​.​ស​.​ស​. បាន​ក្លាយជា​និមិត្តរូប​នៃ​សុខភាព ក្នុង​ចិត្ត​បងប្អូន​កម្មករនិយោជិត ដោយ​អាច​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ ពង្រឹង​ស្ថិរភាព និង​ការ​ព្យាករណ៍​បាន​នៃ​ចំណូល និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​របស់​ខ្លួន​»​ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. រួម​មាន ប្តី​ឬ​ប្រពន្ធ និង​កូន​ក្នុង​បន្ទុក អាច​ទទួល​បាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដោយ​គ្រាន់តែ​បង់​ភាគទាន​ត្រឹមតែ ១៥ ៦០០ ​រៀល គឺ​បងប្អូន​អាច​ទទួល​បាន​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​នៅ​គ្រប់​ពេទ្យ​ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស​. បន្ថែម​ពីលើ​មន្ទីរពេទ្យ​រដ្ឋ​ ។ បុគ្គល​ស្វ័​យ​និ​យោជន៍ ជា​ស្ត្រី​ដែល​បង់​ភាគទាន​បាន ៩ ​ខែ​ជាប់​គ្នា នឹង​ទទួល​បាន​ប្រាក់​បំណាច់​លំហែ​មាតុភាព​នៅ​ពេល​សម្រាលកូន​, និង​វិភា​ជន៍​ប្រាក់​បូជាសព នៅ​ពេល​ទទួលមរណភាព​ ។

បន្ថែម​លើស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​នេះ​នឹង​គ្របដណ្តប់​ដល់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ប្រមាណ​ជាង ៣​ លាន​នាក់​បន្ថែម ដែល​នឹង​ធ្វើ​ឱ្យ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព នឹង​គ្របដណ្តប់​ប្រជាជន​សរុប​ប្រមាណ​ជាង ៥ ​លាន​នាក់​ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី ​២៤ ខែតុលា កន្លង​ទៅ​នេះ សម្តេច​ធិ​បតី ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​របប​ថែទាំ​សុខភាព​តាម​មូលនិធិ​សមធម៌​សុខាភិបាល ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​មាន​វិសាលភាព​គ្របដណ្តប់ ប្រមាណ ៤៩ ​ម៉ឺន​គ្រួសារ ស្មើនឹង​សមាជិក​សរុប​ជាង ១,៨ ​លាន​នាក់ បន្ថែម​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​ផ្នែក​ថែទាំ​សុខភាព តាម​រយៈ​មូលនិធិ​សមធម៌​សុខាភិបាល នឹង​គ្របដណ្តប់​ដល់​ប្រជាជន​សរុប​ប្រមាណ​ជាង ៤​ លាន​នាក់ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជា​រួមការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ទាំង​ពីរ​នេះ​រួម​បញ្ចូល​គ្នា នឹង​ពង្រីក​សេវា​ថែទាំ​សុខភាព​បាន​ដល់​ប្រជាជន​ចំនួន​ប្រមាណ​ជាង ៩​ លាន​នាក់ ដែល​ដៃគូ និង​មិត្ត​ភក្ត្រ​ជា​ច្រើន​បាន​កោតសរសើរ និង​អបអរសាទរ​ចំពោះ​ការ​ឈានមុខ​របស់​កម្ពុជា​ក្នុង​ការ​ឆ្ពោះទៅ​រក​ភាព​គ្របដណ្តប់​សុខភាព​ជាស​កល​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ ​។

បន្ថែម​លើស​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ប​.​ស​.​ស​.» នៅ​ពេល​នេះ​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រាថ្នា​របស់​បងប្អូន​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ​ក្នុង​ការ​ថែទាំ​សុខភាព​ផង​ដែរ​ ។

សម្តេច​ធិ​បតី​មាន​ប្រសាសន៍​ថា តាម​ការ​សិក្សា​កន្លង​មក បងប្អូន​កម្មករ​និ​យោ​ជិ​ក ឬ​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់​ជា​មធ្យម ត្រូវ​ចំណាយ ២៥០ ​ដុល្លារ ក្នុង​មួយ​ឆ្នាំ ឬ​ចន្លោះ​ពី ១៥ ​ដុល្លារ ទៅ ​២០​ ដុល្លារ ក្នុង​មួយ​ខែ ក្នុង​ករណីដែល​មិន​មានរបប​ថែទាំ​សុខភាព​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​កម្មករ​និ​យោ​ជិ​ក ឬ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ មិនសូវ​ហ៊ាន​ទៅ​ពិគ្រោះយល់​យោបល់ ជាមួយ​គ្រូពេទ្យ​ញឹកញាប់ ដោយសារ​នេះជា​ការ​ចំណាយ​ផ្ទាល់ខ្លួនរហូត​ជួញ​ការបណ្ដា​យ​ឲ្យ​ខ្លួន​ឈឺដល់​ដំណាក់កាល​ធ្ងន់ធ្ងរពិបាក​ជួយ​ទាន់​ពេលវេលា ​៕ អត្ថបទសហការ