ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ផ្កាយ​២, អនុប្រធាន​មន្ទីរ​គ្រឿង​ញៀន​​ និង​កូនចៅ​៤​នាក់​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន និង​កំពុង​បន្ត​នីតិវិធី​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​លោក​ផ្កាយ​២ អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ និង​កូនចៅ​៤​នាក់…


រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន និង​កំពុង​បន្ត​នីតិវិធី​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​លោក​ផ្កាយ​២ អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ និង​កូនចៅ​៤​នាក់ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់​ព័ន្ធ​ការ​ចោទប្រកាន់​ពី​បទ​.​ចាប់​និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស (​ជំរិត​យក​ប្រាក់​) ។ ការ​បន្ត​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​នោះ គឺ​បន្ទាប់​ពី​សំណុំរឿង​ត្រូវ​បាន​តំណាង​អយ្យការ សម្រេច​​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ជា​ផ្លូវការ ។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​ចាប់ និង​បង្ខាំង​ជំរិត​យក​ប្រាក់ ដែល​នីតិវិធី​បើក​ការ​ស៊ើបសួរ​នៅ​ដំណាក់ កាល​អយ្យការ​ត្រូវ​បាន​បញ្ចប់សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណៈជន​មេត្តា​ជ្រាប ៖

នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៦៤៤៣ ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​ជនសង្ស័យ​ចំនួន​៥​នាក់ ទី​១-​ឈ្មោះ វ៉ា​ន់ កុសល ភេទ​ប្រុស ទី​២-​ឈ្មោះ ជួន លឹ​ម​ហេង ភេទ​ប្រុស ទី​៣-​ឈ្មោះ អុ​ន សំ​អូន ភេទ​ប្រុស ទី​៤-​ឈ្មោះ នេ​ត សុខុម ភេទ​ប្រុស និង​ទី​៥-​ឈ្មោះ ឈាវ ស៊ី​ដេ​ត ភេទ​ប្រុស ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​ប្រព្រឹត្ត​សកម្មភាព​ដេញចាប់​ជន​រង​គ្រោះ​នៅ​តាម​ផ្លូវ​សាធារណៈ យក​ទៅ​បង្ខាំង​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​ជន​រង​គ្រោះជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ។ ក្រោយមក ក្រុម​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន និ​បញ្ជូន​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដើម្បី​ចាត់ការ​តាម​នីតិ​វរ​ធី​ច្បាប់ ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបអង្កេត​ផ្ទៀងផ្ទាត់ និង​ពិនិត្យ​លើ​ភស្តុ​តាង​នានា ព្រមទាំង​បាន​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំងអស់​ខាងលើ​ឃើញ​ថា​៖ នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ ក្រុម​ជនសង្ស័យ​ខាងលើ​ព្រមទាំង​បក្សពួក​បាន​ធ្វើ​សកម្មភាព​ឃាត់​រថយន្ត​របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​៣​នាក់​ករណី ៖

ករណី​ទី​១-​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​២២ និង​០០​នាទី ក្រុម​ជនសង្ស័យ និង​បក្សពួក បាន​ធ្វើ​សកម្មភាព​ឃាត់​រថយន្ត​ម៉ាក TOYOTA ALPHARD ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW-2116 និង​ឃាត់ខ្លួន​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​៤​នាក់ នៅ​ចំណុច​ម្តុំ​ក្បាលថ្នល់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ យក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ធ្វើការ​ឆែកឆេរ ដោយ​រក​ឃើញ​ម្សៅ​ពណ៌​ទឹកក្រូច​ចំនួន​១​កញ្ចប់​ថង់​តូច​នៅ​ក្នុង​រថយន្ត រួច​ចោទប្រកាន់​ជន​រង​គ្រោះ​ថា បាន​រក្សា​ទុក​គ្រឿងញៀន ។

បន្ទាប់​មក ក្រុម​ជនសង្ស័យ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៤​នាក់​ទៅ​បន្ទប់​ឃាត់ខ្លួន​ជា​បណ្តោះ​អា​សន្ន ដើម្បី​បង្ខាំង​ជន​រង​គ្រោះ​បន្ទាប់​មក​ជនសង្ស័យ​បាន​ទៅ​ជួប​ជន​រង​គ្រោះ និង​ចរចា​រឿង​តម្លៃ​ក្នុង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ដោយ​តម្រូវ​ឲ្យ​បង់ប្រាក់​ក្នុង​មួយ​នាក់​១.០០០០​ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូរ​នឹង​ការ​ដោះ​លែង ។ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​៥​និង​០០​នាទី ក្រុម​ជនសង្ស័យ​បាន​ទៅ​ជួប​ជន​រង​គ្រោះ​ម្តងទៀត ហើយ​ក៏​បាន​ធ្វើការ​សម្របសម្រួល​ឲ្យ​ជន​រង​គ្រោះ​បង់ប្រាក់​ត្រឹម​ចំនួន​១៥០០០​ដុល្លារ​អា​មេរិ​ក ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។

ករណី​ទី​២-​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២៣ និង​០០​នាទី មាន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ជិះ​រថយន្ត​ម៉ាក TOYOTA RALLY HILUX REVO ពាក់​ស្លាក​លេខ​ភ្នំពេញ 2BB-0037 ចេញពី​ណា​ហ្គា​វើ​ល ក្រុម​ជនសង្ស័យ​ព្រមទាំង​បក្សពួក បាន​ឃាត់​និង​ភ្ជង់​នឹង​អាវុធ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​មានឈ្មោះ ZHU JIWANG ភេទ​ប្រុស ឈ្មោះ LI LEI ភេទ​ប្រុស ឈ្មោះ LI YUNSHUAI ភេទ​ប្រុស និង​ឈ្មោះ HU BANGCAI ភេទ​ប្រុស​បាន​រួច​ធ្វើការ​វាយ​ខ្នោះ​ចូល​ក្នុង​រថយន្ត​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើការ​ឆែកឆេរ​ដោយ​រក​ឃើញ​ម្សៅ​ពណ៌​.​ស​ចំនួន​១​កញ្ចប់​ថង់​តូច រួច​ចោទប្រកាន់​ជន​រង​គ្រោះ​ថា បាន​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​បង្ខាំង ។

លុះដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​៥ និង​០០​នាទី ក្រុម​ជនសង្ស័យ​បាន​ទៅ​ជួប​ជន​រង​គ្រោះ ដើម្បី​ចរចា​ពី​តម្លៃ​ក្នុង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​តម្រូវ​ឲ្យ​បង់ប្រាក់​ក្នុង​ម្នាក់​ចំនួន​១០ ០០០​ដុល្លារ​អា​មេ​រិ​ក​ជា​ថ្នូរ​ក្នុង​ការ​ដោះ​លែង ។ ក្រោយ​បង្ខាំង​អស់​ជាង​១​យប់ ក្រុម​ជន​សង្ស័យ​បាន​មក​ចរចារ​ពី​តម្លៃ​ក្នុង​ការ​ដោះ​លែង​ឲ្យ​មាន​សេរី​ភា​ពា​ម្តងទៀត ពេល​នោះ ជន​រង​គ្រោះ​ឈ្មោះ ZHU JIWANG បាន​យល់ព្រម​ប្រគល់​ទូរស័ព្ទ​រួម​ទាំង​លេខ​សម្ងាត់​គណនី​ធនាគារ ABA ឲ្យ​ទៅ​ក្រុម​ជនសង្ស័យ ។ ក្រុម​ជនសង្ស័យ​បាន​ឆែក​ឃើញ​មាន​ទឹកប្រាក់​ចំនួន ៣៣០០០ ដុល្លារ​អា​មេ​រិ​ក បន្ទាប់​មក ក្រុម​ជនសង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ទាំង​៤​នាក់ ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​ដើម្បី​ទៅ​ដក​ប្រាក់​ពី​ធនាគារ​ABA ដោយ​ក្រុម​ជនសង្ស័យ​បាន​ផ្ទេរ​ប្រាក់​តាម​រយៈ E.CASH ដើម្បី​ឲ្យ​ក្រុម​ជនសង្ស័យ​អាច​ដក​ប្រាក់​បាន ។

បន្ទាប់​ពី​ដក​ប្រាក់​បាន​ហើយ ក្រុម​ជនសង្ស័យ​បាន​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ធ្វើ​លិខិត​ប្រគល់​ប្រាក់​ក្រោម​រូបភាព​ជូន​ជា​សា​គុណ​ក្នុង​ការ​ដោះ​លែង ។ ក្នុង​ករណី​នេះ ក្រុម​ជនសង្ស័យ​បាន​យក​ប្រាក់​ពី​ជន​រង​គ្រោះ​សរុប​ចំនួន​៤២៧០០​ដុល្លារ​អា​មេ​រិ​ក និង​ដកហូត​ប្រាក់​យ័ន្ត​ចំនួន​២២០០​យ័ន្ត ដើម្បី​ជា​ថ្នូរ​និង​ការ​ដោយ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។ ករណី​ទី​៣-​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​២២ និង​២៥​នាទី ជន​រង​គ្រោះជា​ជនជាតិ​ចិន​ឈ្មោះ ZHANG BOHAN ភេទ​ប្រុស និង​មិត្ត​ភ្តិ​រួម​ដំណើរ​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ បាន​ជិះ​រថយន្ត​ម៉ាក RANGROVER ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-5777 បាន​ចេញពីផ្ទះ​លេខ​D១៨ ផ្លូវ​DAWIN បុរី​វីរជន (​កោះ​ពេជ្រ​) គោលបំណង​ទៅ​ខុន​ដូរ CITY DINES ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​រថយន្ត​៤​គ្រឿង និង​ម៉ូតូ​១​គ្រឿង ធ្វើ​សកម្មភាព​ស្ទាក់​ភ្ជង់​ដោយ​អាវុធ AK47 នៅ​ចំណុច​មុខ​សារមន្ទីរ​ព្រះ​ឥ​សាន​វ័​រ្ម​ន ផ្លូវ​១០៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ប៉ុន្តែ​ករណី​នេះ ពុំ​បាន​សម្រេច​ដោយហេតុ​ថា ជន​រង​គ្រោះ​បាន​បើក​រថយន្ត​គេចខ្លួន ។

ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ខាងលើ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​តាម​រយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ៤៨២៩ អ​.​យ​.​ឆ ចុះ​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០២៣ ដោយ​ស្នើ​សុំ​ចៅក្រម​ស៊ើបសួរ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​លើ​៖
១.​ឈ្មោះ វ៉ា​ន់ កុសល ភេទ​ប្រុស អាយុ​៥៨ ឆ្នាំ (​ឃាត់ខ្លួន​)
២.​ឈ្មោះ ជួន លឹ​ម​ហេង ភេទ​ប្រុស អាយុ​៣១ ឆ្នាំ (​ឃាត់ខ្លួន​)
៣.​ឈ្មោះ អុ​ន សំ​អូន ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ (​ឃាត់ខ្លួន​)
៤.​ឈ្មោះ នេ​ត សុខុម ភេទ​ប្រុស អាយុ​៤២ ឆ្នាំ (​ឃាត់ខ្លួន​)
៥.​ឈ្មោះ ឈាវ ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ (​ឃាត់ខ្លួន​)
៦.​ឈ្មោះ កែវ ខេន ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ (​គេចខ្លួន​)
៧.​ឈ្មោះ គង់ វី​រៈ​ជាតិ ភេទ​ប្រុស (​គេចខ្លួន​)
៨.​បក្សពួក​ពី​បទ​.​ចាប់ និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស (​ជំរិត​យក​ប្រាក់​)​ប្រព្រឹត្​នៅ​​​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នំ​២០២៣ ដែល​បទល្មើស​នេះ​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទា​ទោស​តាម​មាត្រា ២៥៤ កថាខណ្ឌ​ទី​១ ចំណុច​៣​នៃ​ក្រមព្រហ្មទណ្ឌ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ