ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃទី១៤វិច្ឆិកាតទៅ ប្តី-ប្រពន្ធកូនរបស់​មន្ត្រីរាជការ ​ទទួល​​​​​បាន​​​​​របប​​សន្តិ​សុខសង្គម ផ្នែកថែទាំសុខភាព ដោយឥតគិតថ្លៃ ​

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ ដែលកំពុងបម្រើការងារ រួមមាន៖ សហព័ទ្ធ ( ប្តី ឬប្រពន្ធ…

ភ្នំពេញ៖ អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ ដែលកំពុងបម្រើការងារ រួមមាន៖ សហព័ទ្ធ ( ប្តី ឬប្រពន្ធ ) និងកូនក្នុងបន្ទុក​ នឹងទទួលបាន​របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​ពី​​ប.ស.ស​។ នេះបើតាមសេចក្តីប្រកាសអន្តរក្រសួង ចុះហត្ថលេខាដោយ​លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សេចក្តីប្រកាសរួម​ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បង្ហាញថា ភាគទានដោយស្ម័គ្រចិត្ត សម្រាប់ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុករបស់​សមាជិក​ប.ស.ស ដែលជាមន្ត្រីសាធារណៈនេះ ​ត្រូវកំណត់ស្មើនឹង ១,៤% នៃប្រាក់ចំណូលជាប់ភាគទានរបស់សមាជិកប.ស.ស ជាមន្ត្រីសាធារណៈ​។ ក្នុងនោះ ប្រាក់ចំណូលជាប់ភាគទានរបស់សមាជិកប.ស.ស ជាមន្ត្រីសាធារណៈ ត្រូវបានកំណត់ស្មើនឹង ៨៧០.០០០រៀល។ ពោលគឺប្តី-ប្រពន្ធ និងកូនក្នុងបន្ទុករបស់​សមាជិក​ប.ស.ស ដែលជាមន្ត្រី​សាធារណៈ ត្រូវបង់ភាគទានប.ស.ស ចំនួន ១២.១៨០រៀល​ ក្នុងម្នាក់ ក្នុង ១ខែ។​

ប៉ុន្តែក្នុងប្រការ ៤ នៃសេចក្តីប្រកាសរួមនេះ បានកំណត់ថា «ភាគទាន​នៃរបប​សន្តិសុខ​សង្គមផ្នែក​ថែទាំសុខភាព​តាមរបប​ភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក​ ប.ស.ស ជាមន្ត្រីសាធារណៈ ដែលជាបន្ទុក​របស់​សាមីជន ដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ ត្រូវរ៉ាប់រង​បង់​ជំនួសដោយរាជរដ្ឋាភិបាល រហូតដល់មានការសម្រេចថ្មី»។

ប្រការ៦ នៃសេចក្តីប្រកាសរួមនេះ បានកំណត់ថា របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាម​របប​ភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុក​សមាជិក​ ប.ស.ស ជាមន្ត្រីសាធារណៈ ត្រូវដាក់​ឱ្យ​អនុវត្ត និងបង់ភាគទាន ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ