រាជធានីភ្នំពេញ ៖ នៅអំឡុងឆ្នាំ១៩៣០ ចាប់ផ្តើមមានការដោះដូរវត្ថុសិល្បៈខ្មែរជាមួយសារមន្ទីរនៅក្រៅប្រទេស ក្នុងគោលបំណងដើម្បីទទួលបានជំនួយត្រឡប់មកវិញ ដ្បិតពេលនោះរដ្ឋបាលនៃប្រទេសបារាំង សម្រេចកាត់បន្ថយជំនួយដល់ស្ថាប័នដែលទទួលខុសត្រូវលើប្រាសាទខ្មែរ ។
បើតាមឯកសារសារមន្ទីរ នៅខែកុម្ភៈ ឆ្នាំ១៩៣៦ វត្ថុសិល្បៈខ្មែរធ្វើអំពីថ្មភក់ចំនួន៦បានសម្រេចលក់ទៅឲ្យសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន់ (Metropolitan Museum of Art) ដែលមានទីតាំងនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ។ វត្ថុទាំងនោះរួមមាន៖
១.ព្រះហេវជ្រ ៖ រូបនេះស្ថិតនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ត្រូវបានរកឃើញនៅក្បែរខ្លោងទ្វារខ្មោច ដោយលោក ហង់រី ម៉ាកសាល (Henri Marchal) ក្នុងឆ្នាំ១៩២៥ ។ រូបនេះបានលក់ទៅឲ្យសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន់ ក្នុងឆ្នាំ១៩៣៦ ។
ដោយឡែកបំណែកជើងម្ខាងនៃរូប រកឃើញនៅខាងក្រៅកំពែងក្រុងអង្គរ ដោយលោក ភីទធ័រ សារ៉ុក៍ (Peter Sharrock) ក្នុងឆ្នាំ២០១០។
២.ព្រះព្រហ្ម ៖ ស្ថិតនៅក្នុងសតវត្សទី១២-១៣ រកឃើញនៅប្រាសាទព្រៃ នៅក្រៅបរិវេណអង្គរ ។ រូបនេះត្រូវបានលក់ទៅឲ្យសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន់ដូចគ្នា ក្នុងឆ្នាំ១៩៣៦ ។
៣.ព្រះពុទ្ធប្រក់នាគ ៖ នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ក្នុងសតវត្សទី១២-១៣ រកឃើញនៅខាងត្បូងក្រុងអង្គរធំ ក្នុងប្រាសាទចៅសាយទេវតា ដោយលោកហង់រី ម៉ាកសាល (Henri Marchal)។
៤. ផ្តែរ ៖ ផ្តែរនេះស្ថិតនៅក្នុងសតវត្សទី១០ រកឃើញនៅប្រាសាទគោកស្លាកែត ក្បែរបារាយណ៍ទឹកថ្លា ។
៥.កំណាត់ជើងសសរ ៖ ចម្លាក់មានរូបអប្សររាំចំនួន២ ស្ថិតនៅចុងសតវត្សទី១២ ។ ចម្លាក់នេះរកឃើញនៅប្រាសាទបាយ័ន អង្គរធំ ។
៦.ព្រះសិរព្រះលោកេសូរ ៖ រូបនេះស្ថិតក្នុងសម័យបាយ័ន ហើយបានលក់ទៅឲ្យសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន់ ក្នុងឆ្នាំ១៩៣៦ ។ ប៉ុន្តែរូបមួយនេះមិនត្រូវបានបង្ហាញនៅក្នុងគេហទំព័ររបស់សារមន្ទីរនោះទេ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ