រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ឧសភា២០១១ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជូនលិខិតមួយច្បាប់របស់គណបក្សសិទ្ធិមនុស្សស្នើសុំទៅក្រសួងមហាផ្ទៃឱ្យបន្តសុពលភាពដល់អត្តសញ្ញាណប័ណ្ណពលរដ្ឋដែលផុតសុពលភាពចុះថ្ងៃទី១៤ ឧសភា ២០១១ ចុះហត្ថលេខាដោយលោកញ៉ែម ប៉ុញ្ញារិទ្ធ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សជូនលោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ យោងតាមលិខិតដដែលដែលកោះសន្តិភាពបានទទួលឱ្យដឹងថា លោកញ៉ែម ប៉ុញ្ញារិទ្ធ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សបានសរសេរថា គោរពជូនលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាមរយៈសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិ កម្មវត្ថុ ៖ សំណើសុំឆ្លើយតបករណីអត្តសញ្ញាណប័ណ្ណអស់សុពលភាព ។
លោកញ៉ែម ប៉ុញ្ញារិទ្ធ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សបន្តថា តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបលោកឧបនាយករដ្ឋមន្ត្រីថា កន្លងមក ខ្ញុំតែងតែទទួលបានសំណូមពរក៏ដូចជាកង្វល់របស់ប្រជាពលរដ្ឋទាក់ទងនឹងករណីអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់ដែលត្រូវអស់សុពលភាពនៅក្នុងឆ្នាំ២០១០, ឆ្នាំ២០១១, ឆ្នាំ២០១២ នោះ ក៏នឹងត្រូវអស់សុពលភាពការងារផ្សេងៗផងដែរ។ ទាក់ទងនឹងសំណូមពរ និងក្តីកង្វល់ខាងលើតើក្រសួងមហាផ្ទៃមានវិធានការយ៉ាងដូចម្តេច? ឬមួយក្រសួងមិនមានលទ្ធភាពធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា? ឬក្រសួងមានសមត្ថកិច្ចប្រកាសពន្យារសុពលភាពដល់ពេលកំណត់ណាមួយ? ឬមួយក្រសួងមានវិធានការផ្សេងពីនេះទៀត?
លោកញ៉ែម ប៉ុញ្ញារិទ្ធ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សបន្តថា អាស្រ័យដូចបានជម្រាបខាងលើ សូមលោកមេត្តាឆ្លើយតបទាក់ទងនឹងសំណូមពរខាងលើ ជាលាយលក្ខណ៍អក្សរដើម្បីងាយស្រួលឆ្លើយជូនប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ