ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ទេសចរណ៍សំខាន់ៗ ៧ ទីតាំងដែលស្រស់ស្អាតនិងទាក់ទាញនៅកោះស៊ូម៉ាត្រាខាងលិច

2 ឆ្នាំ មុន

ឥណ្ឌូនេស៊ី៖ ធ្លាប់តែស្តាប់បទចម្រៀងជំនាន់ដើមរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត និងអ្នកស្រីរស់ សេរីសុទ្ធា ដែលមានចំណងជើងថា «លាហើយ ស៊ូម៉ាត្រា» ដល់មកទស្សនាផ្ទាល់ទើបដឹងថាកោះស៊ូម៉ាត្រាខាងលិច ពិតជាស្រស់ស្អាតនិងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត។

កោះស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូណេស៊ី បែរមុខទៅមហាសមុទ្រឥណ្ឌានៅភាគខាងលិច ដែលមានទីក្រុងឈ្មោះ ផាដាង (Padang)។ បើនិយាយពីប្រវត្តិកោះស៊ូម៉ាត្រាខាងលិចវិញ គឺមានប្រវត្តិវែងឆ្ងាយណាស់។ ស៊ូម៉ាត្រាខាងលិច ដំបូងឡើយគឺមានប្រវត្តិរស់នៅយូរអង្វែងដោយជនជាតិ Minangkabau ដែលបានចាប់ផ្តើមតាំងទីលំនៅ ដោយជនអន្តោប្រវេសន៍មកពីប្រទេសឥណ្ឌាក្នុងសតវត្សទី 2 នៃគ.ស.។ ក្រោយមកតំបន់នេះបានក្លាយជាផ្នែកមួយនៃអាណាចក្រពុទ្ធសាសនា Srivijaya ដែលរីកដុះដាលនៅភាគខាងត្បូងកោះស៊ូម៉ាត្រាពីសតវត្សទី ៧ ដល់សតវត្សទី ១៣ ។

ជាមួយនឹងការធ្លាក់ចុះនៃ Srivijaya ព្រះរាជាណាចក្រហិណ្ឌូ-ម៉ាឡេនៃ Minangkabau បានឡើងកាន់អំណាចនៅក្នុងតំបន់ ហើយនៅសតវត្សទី ១៦ ស្តេច Minangkabau បានប្តូរទៅជាសាសនាអ៊ីស្លាម។ មិនយូរប៉ុន្មានក្រោយមក នៅឆ្នាំ ១៥៩៦ ជនជាតិហូឡង់បានចូលក្នុងតំបន់នោះ ហើយចាប់ផ្តើមបង្កើតមូលដ្ឋានរឹងមាំនៅកោះស៊ូម៉ាត្រាភាគខាងលិច។ ក្រោយមកការគ្រប់គ្រងកោះនេះ បានធ្លាក់ទៅក្នុងដៃជនជាតិអង់គ្លេស។

ងាកមកសម័យកាលបច្ចុប្បន្ននេះ កោះស៊ូម៉ាត្រាខាងលិច គឺជាខេត្តមួយរបស់ប្រទេសឥណ្ឌូនេស៊ីដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ។ ថ្មីៗនេះក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ពីតំបន់ទេសចរណ៍សំខាន់ៗ នៅកោះស៊ូម៉ាត្រាខាងលិចដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងឡាវ អ្នកសារព័ត៌មាន ៧ រូប មកពី៧ ស្ថាប័នផ្សេងៗគ្នាបានទៅទស្សនាផ្ទាល់លើដីកោះស៊ូម៉ាត្រា ជាសប្តាហ៍ទី២ នៃខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈដំណើរទស្សនកិច្ចនេះ យើងបានឃើញផ្ទាល់ភ្នែកនូវភាពស្រស់ស្អាតរបស់កោះស៊ូម៉ាត្រាខាងលិច ដែលសម្បូរទៅដោយតំបន់ទេសចរណ៍សំខាន់ៗជាច្រើន។

យ៉ាងណាមិញ យើងសូមណែនាំនូវតំបន់ទេសចរណ៍ស្រស់ស្អាតចំនួន ៧ កន្លែងដែលលោកអ្នកត្រូវតែមកទស្សនាកម្សាន្ត ដែលទីតាំងទេសចរណ៍ទាំងនោះ រួមមាន៖

១- សារមន្ទីរនៃ​អណ្តូងរ៉ែធ្យូងថ្ម Soero Mining Tunnel Site៖ សារមន្ទីរនៃ​អណ្តូងរ៉ែធ្យូងថ្ម Soero Mining Tunnel Site គឺជាកន្លែងបេតិកភណ្ឌវប្បធម៌មួយនៅក្នុងទីក្រុង Sawahlunto នៃខេត្តស៊ូម៉ាត្រាខាងលិច។ ទីតាំងសារមន្ទីរនេះ ពីមុនជារន្ធជីកយករ៉ែធ្យូងថ្ម soegar ដែលត្រូវបានបើកដោយរដ្ឋាភិបាលអាណានិគមហូឡង់ក្នុងឆ្នាំ 1989 ជារន្ធខ្យល់សម្រាប់ Lunto II ។ អ្វីដែលពិសេស​គឺភ្ញៀវទេសចរ ក៏អាចរីករាយនឹងអារម្មណ៍នៃការចូលទៅក្នុងអណ្តូងរ៉ែធ្យូងថ្មដែលមានជម្រៅ 22 ម៉ែត្រនិងប្រវែងដែលចុះទៅសម្រាប់ដំណើរទេសចរណ៍ចំនួន 145 ម៉ែត្រ។ ដើម្បីចូលទៅទស្សនាអណ្តូងរ៉ែធ្យូងថ្មមួយនេះ អ្នកទេសចរទាំងទេសចរក្នុងស្រុក និងបរទេស តម្រូវឱ្យពាក់មួកសុវត្ថិភាព និងស្បែកជើងកវែង។ សារមន្ទីរនៃ​អណ្តូងរ៉ែធ្យូងថ្ម Soero Mining Tunnel Site ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

២- ព្រះបរមរាជវាំង Pagaruyung palace  ៖ ព្រះបរមរាជវាំង Pagaruyung គឺ ឬហៅម្យ៉ាងទៀតថា ព្រះរាជវាំងនៃអតីតព្រះរាជាណាចក្រ Pagaruyung ។ ព្រះបរមរាជវាំង ត្រូវបានសាងសង់ឡើងក្នុងរចនាប័ទ្មស្ថាបត្យកម្មជនជាតិដើមភាគតិច Minangkabau rumah gadang។ បើតាមម​គ្គុ​ទេស​ក៍​ទេសចរណ៍ប្រចាំតំបន់នេះឱ្យដឹងថា ព្រះបរមរាជវាំង Pagaruyung មាន៣ជាន់ ដែលជាន់ទី១ ប្រើសម្រាប់ព្រះមហាក្សត្រ និងមានបន្ទប់សម្រាប់ព្រះនាងដែលមានស្វាមីគង់នៅ ខណៈព្រះរាជបុត្រ គឺមិនអនុញ្ញាតឱ្យស្នាក់នៅក្នុងវាំងនោះទេ។​ តាមប្រពៃណី ព្រះនាងដែលមិនទាន់រៀបអភិសេក គឺគង់នៅជាន់ទី២ ខណៈជាន់ទី៣ គឺប្រើប្រាស់សម្រាប់ការទុកដាក់ឥវ៉ាន់ និងរបស់ប្រើប្រាស់របស់ព្រះមហាក្សត្រ។

៣- ភូមិវប្បធម៌ Kubu gadange៖ ភូមិវប្បធម៌ Kubu gadange ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅកោះស៊ូម៉ាត្រាខាងលិច។ ជាទីតាំងសម្បូរទៅដោយសម្បត្តិធម្មជាតិ វប្បធម៌ ម្ហូបអាហារក្នុងតំបន់ និងសកម្មភាពសហគមន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរ។ ជាតំបន់ទេសចរណ៍មួយដែលសហគមន៍មានការសម្តែងនៅក្បាច់ប្រយុទ្ធអមជាមួយក្រុមភ្លេងតាមបែបវប្បធម៌នៅ Kubu gadange។ អ្វីដែលពិសេស គឺមានបង្អែមនៅតំបន់នេះ ដែលមានលក្ខណៈដួចបង្អែមនៅខ្មែរយើងផងដែរ ដែលបង្អែមនោះ ខ្មែរយើងហៅថា «ត្រប៉ែ» ដែលសំដៅ​លើ​ឈ្មោះបង្អែមមួយប្រភេទ ច្រើនធ្វើដោយបាយដំណើបពូតជាដុំៗមានដំបែជាមេ។ ត្រប៉ែដំណើបខ្មៅ។ នៅសហគមន៍នៅ ភូមិវប្បធម៌ Kubu gadange បង្អែមនោះ មានអង្ករដំណើប និងតាប៉ែខ្មៅ ដែលរសជាតិសឹងតែដូចគ្នានឹង «ត្រប៉ែ» របស់ខ្មែរយើង។ ភូមិវប្បធម៌ Kubu gadange ហៅបង្អែមនោះថា «ឡាមុំាង តាប៉ែ» ដែលពាក្យថា «ឡាមុំាង» គឺសំដៅដល់ «បាយដំណើប» ដែលដាក់ជាមួយនឹង «តាប៉ែ»។ អ្នកទេសចរ ត្រូវបានណែនាំឱ្យពាក់មួកប្រពៃណី ស្រដៀងមួកដូន និងសំពត់ប្រៃណី ពិសេសអាចសាលល្បងនូវក្បាច់រាំមួយចំនួនជាមួយប្រជាជនក្នុងសហគមន៍ផងដែរ។

៤- បឹង Geopark Maninjau lake៖ គឺជា បឹងដែលកើតឡើងដោយសារតែការផ្ទុះភ្នំភ្លើង។ Maninjau ជាបឹងដ៏ស្រស់ស្អាត ដែលព័ទ្ធជុំវិញដោយភ្នំខៀវមានស្មៅខៀវខ្ចី។ ជាង​នេះ​ទៅ​ទៀត បឹងនេះ គឺមាន​ភូមិ​ស្អាតៗ​ជា​ច្រើន​នៅ​ជុំវិញ និង​វាល​ស្រែ។ ទេសភាពកំពូលភ្នំដែលខ្យល់ត្រជាក់ ហើយយើងអាចឈរមើលទេសភាពផ្ទៃបឹងយ៉ាងធំល្វឹងល្វើយពីលើកំពូលភ្នំ។ នៅទីតាំងបឹងនេះគឺគេពេញនិយមសម្រាប់ដំណើរកម្សាន្តពិនិក និងជិះឆ័ត្រយោង។ បឹង Geopark Maninjau lake យ៉ាងណាមិញ ភ្ញៀវទេសចរ មិនអាចចុះទឹកហែលលេងនោះទេ ដោយសារតែម្តងម្កាល គឺនៅមានការផ្ទុះភ្នំភ្លើងនៅក្រោមបាតស្ទឹង ដែលបណ្តាលឱ្យបឹងទាំងមូលរង្គើ​ និងផ្ទៃទឹកប្រែពណ៌ជាពណ៌ត្នោត។

៥- ប៉មនាឡិកា Jam Gadang៖ គឺជាប៉មនាឡិកា ដែលជាកន្លែងសម្គាល់ដ៏សំខាន់ និងជាកន្លែងទាក់ទាញទេសចរណ៍នៅក្នុងទីក្រុង Bukittinggi ភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ វាស្ថិតនៅកណ្តាលទីក្រុង ជិតផ្សារធំ Pasar Ateh។ ជានាឡិកាមានមុខធំៗនៅលើមុខនីមួយៗ។ នៅមិនឆ្ងាយពី ប៉មនាឡិកា នេះ អ្នកទេសចរ អាចគយគន់ អន្លង់ Sianok ដែលមានទេសភាពស្រស់ស្អាត លោកអ្នកនឹងអាច រីករាយជាមួយជ្រលងភ្នំធម្មជាតិដែលមានរុក្ខជាតិបៃតងច្រើនប្រភេទ។

៦- ទីតាំងនៃផ្លូវរូងក្រោមដីសម្ងាត់របស់ជប៉ុននៅសម័យសង្គ្រាមលោកលើកទី ២ ៖ ទីតាំងរូងក្រោមដីដែលជប៉ុនបានកសាងឡើងដែលគេហៅថា Japanese tunnels។ ស្ថិតនៅមិនឆ្ងាយពីប៉ម នាឡិកា Jam Gadang ក្នុងទីក្រុង Bukittinggi ភាគខាងលិចកោះស៊ូម៉ាត្រា អ្នកទេសចរអាចចូលទៅទស្សនាទីតាំងនៃផ្លូវរូងក្រោមដីសម្ងាត់របស់ជប៉ុននៅសម័យសង្គ្រាមលោកលើកទី 2។ បើតាមការឱ្យដឹងពីម​គ្គុ​ទេស​ក៍​ទេសចរណ៍ នៅទីតាំងផ្លូវរូងក្រោមដីសម្ងាត់របស់ជប៉ុននេះបានឱ្យដឹងថា ផ្លូវរូងក្រោមដីរបស់ជប៉ុន ឬ ហៅថា Lobang Jepang គឺជាទីតាំងរឿងប្រវត្តិសាស្ត្រពីសង្គ្រាមលោកលើកទី 2 នៅពេលដែលជប៉ុនឈ្លានពានឥណ្ឌូនេស៊ី។ ជប៉ុនបានសាងសង់ផ្លូវរូងក្រោមដីនេះក្នុងគោលបំណងជាច្រើន ដូចជា ប្រើប្រាស់ជាទីតាំង បន្ទាយយោធា ឃ្លាំងផ្ទុកគ្រាប់រំសេវ តុលាការយោធា បន្ទប់ទទួលទានអាហារ បន្ទប់ទទួលទានកាហ្វេ និងផ្ទះបាយ ព្រមទាំងជាពន្ធនាគារផងដែរ។ នៅរូងក្រោមដីនេះ គឺមានលក្ខណៈពិសេសច្រើន ហើយភាគច្រើនជារចនាសម្ព័ន្ធក្រោមដីដែលវាត្រូវបានលាក់បាំងជិតឈឹង សូម្បីតែអ្នកភូមិនៅតំបន់នេះដើមឡើយ គឺមិនដឹងថាមានរូងក្រោមដីខ្វាត់ខ្វែងយ៉ាងនេះដែរ ។ ផ្លូវរូងក្រោមដីដែលជប៉ុនបានសាងសង់នេះ មានលក្ខណៈធំទូលាយ ហើយទាសករជាច្រើនត្រូវបានយកមកប្រើប្រាស់ អ្នកទោសខ្លះបានស្លាប់ ហើយមានផ្លូវតូចមួយនៅរូងក្រោមដីនេះ ដែលគេអាចរុញសពចុះទៅក្នុងជ្រោះ។ ដោយសារតែវាជារូងសម្ងាត់ ដូច្នេះគេមិនបានដឹងថាតើមានអ្នកទោស ឬមនុស្សប៉ុន្មានកាន់បានស្លាប់នៅទីនេះឡើយ។ យ់ាងណាមិញ ពេលដែលគេប្រទៈឃើញរូបភ្នំនេះ គឺមានឆ្អឹងសពរបស់មនុស្សជាច្រើន។ សព្វថ្ងៃនេះ វត្ថុបុរាណប្រវត្តិសាស្ត្រទាំងអស់ត្រូវបានសម្អាតចេញពីផ្លូវរូងក្រោមដីនេះ ហើយទុកឱ្យផ្លូវរូងក្រោមដីដ៏វែងនេះគ្រាន់តែជាកន្លែងទំនេរសម្រាប់ទេសចរមកទស្សនាកម្សាន្ត។

៧- វិហារចិននៅអតីតទីក្រុងផាដាង៖ អតីតទីក្រុងផាដាង (Padang) គឺជាទីកន្លែងគួរឱ្យចាប់អារម្មណ៍មួយផងដែរសម្រាប់អ្នកទេសចរ ដោយសារតែនៅទីក្រុងចាស់ គឺមានចម្រុះជាតិសាសន៍ជាច្រើនរស់នៅ មានទាំងជនជាតចិន ឥណ្ឌា និងជនជាតិផ្សេងៗទៀតរស់នៅ និងប្រកបរបរផ្សេងៗ។ នៅពេលទៅដល់អតីតទីក្រុងផាដាងចាស់ យើងអាចឃើញសំណង់អាគារចាស់ៗជាច្រើន ដែលខ្លះមានលក្ខណៈទ្រុឌទ្រោម ។ អតីតទីក្រុងផាដាង គឺមាន អគារប្រវត្តិសាស្ត្រ ដែលជាអគារចាស់ជាច្រើន តែអគារប្រវត្តិសាស្ត្របានថយចុះជាបន្តបន្ទាប់ ឬរងការបំផ្លាយខ្លះៗដោយសារតែនៃគ្រោះធម្មជាតិ ដូចជាការរញ្ជួយដីក្នុងឆ្នាំ ២០០៩ ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅអតីតទីក្រុងផាដាង គឺមានវិហារចិនដ័ស្រស់ឆើតឆាយមួយ ហើយក៏សម្បូរជនជាតិចិនតាំងទីលំនៅច្រើននាក់ផងដែរ។ បើតាមការឱ្យដឹងពីអ្នកគ្រប់គ្រងនៅវិហារចិន ប្រាប់អ្នកសារព័ត៌មានពីកម្ពុជានិងឡាវ ថា វិហារចិននេះគឺមានភាពស្រស់ស្អាតជាងគេនៅកោះស៊ូម៉ាត្រាខាងលិច ហើយសម្ភារៈសាងសង់វិហារចិននេះទៀតសោត គឺសុទ្ធតែដឹកពីប្រទេសចិនមកសាងសង់តែម្តង៕