ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងរាយការណ៍ថា កូនប្រុសពៅរបស់មេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង លោកគីម ជុងអ៊ីល គឺលោកគីម ជុងអ៊ុន ដែលនឹងបន្តវេនពីឪពុកលោកបានធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីព្រឹកថ្ងៃទី២០ ឧសភា ដែលជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងរបស់លោកក្នុងនាមជាមេដឹកនាំកូរ៉េខាងជើងមួយរូប។
តាមប្រភពព័ត៌មានថា លោកគីម ជុងអ៊ុន បានអញ្ជើញទៅដល់ខេត្តជីលីនភាគឦសានប្រទេសចិនកាលពីព្រឹកថ្ងៃទី២០ ឧសភា ។ បណ្តាញព័ត៌មានមួយមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល រាយការណ៍ថា លោកគីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសចិនតាមរថភ្លើងជាមួយឪពុកមារបស់លោកឈ្មោះ Jang Song Taek ។
ក្រុងប៉េកាំងតាំងពីយូរមកហើយ បានលាក់បាំងដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ហើយក្រសួងការបរទេសចិន មិនបានអះអាងបញ្ជាក់ពីទស្សនកិច្ចនោះគឺទាល់តែទស្សនកិច្ចចប់ ទើបលាតត្រដាង។ ប៉ុន្តែប្រសិនបើក្នុងអំឡុងពេលនៃទស្សនកិច្ចនោះលោកគីម ជុងអ៊ុន បានជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន នោះនឹងបង្ហាញពីការគាំទ្ររបស់ចិនចំពោះផែនការបន្តវេនរបស់លោកគីម ជុងអ៊ុន ពីឪពុករបស់លោក ។ ទោះបីជាបែបណាមន្ត្រីកូរ៉េខាងត្បូងមិនបានអះអាងបញ្ជាក់ថា លោកគីម ជុងអ៊ុន ពិតជាបានធ្វើដំណើរទៅកាន់ប្រទេសចិននោះទេ។
ប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូងស្នើសុំមិនបញ្ចេញឈ្មោះមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ថា វានៅមិនទាន់ច្បាស់ថា តើលោកគីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ប្រទេសចិនជាមួយឪពុកមាលោក ឬក៏អត់នោះទេ។ កាលពីឆ្នាំ២០១០ កន្លងមក លោកគីម ជុងអ៊ីល បានបំពេញទស្សនកិច្ចនៅប្រទេសចិន២លើក ដោយធ្វើដំណើរតាមរថភ្លើងដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ៕
ចែករំលែកព័តមាននេះ