ខេត្តតាកែវ ៖ ក្រុមអាជីវករជាច្រើនរយនាក់ មកពីស្រុកគីរីវង់ ខេត្តតាកែវ បានលើកគ្នាមកធ្វើការតវ៉ារឿងកម្លាំងគយចល័តរបស់អគ្គនាយកដ្ឋានគយរដ្ឋាករកម្ពុជា ដែលបានចាប់ឃាត់រថយន្តដឹកទំនិញរបស់ពួកគាត់ដែលបានបង់ពន្ធរួចហើយនោះ ។ ហេតុការណ៍ដែលមានការតវ៉ារបស់ក្រុមអាជីវករនេះ បានកើតឡើងនៅថ្ងៃទី០៩ វិច្ឆិកា ២០២៣ នេះ នៅចំណុចគយចល័តអូចំបក់ ក្រុងដូនកែវ ខេត្តតាកែវ ។
បើតាមអាជីវករបានលើកឡើងថា ពួកគាត់ដែលបាននាំគ្នាឡើងមកធ្វើការតវ៉ាដល់គយចល័តខេត្តតាកែវនេះ ដោយសារបង់ពន្ធគយថ្លៃរួច បានចេញក្រដាសបង់ពន្ធអោយមកអ្នករកស៊ីដឹកទំនិញតាមកំណត់រយៈពេលតែ៣ម៉ោង វាតិចពេកធ្វើអោយមានការលំបាកយ៉ាងខ្លាំងដល់អ្នកដឹកទំនិញយកទៅឱ្យដល់គោលដៅ ព្រោះបើសិនជារថយន្តបែកកង់ ឬខូចនោះ តើគិតបែបណាទៅ?
ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមអាជីវករខាងលើនេះដែរ លោកប៉ោ សួន តំណាងអោយអគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យបានប្រាប់កោះសន្តិភាពឱ្យដឹងដែរថា ចំពោះរថយន្តដឹកទំនិញដែលលោកបានដឹកនាំកំលាំងចុះបង្ក្រាបនេះ គឺសុទ្ធតែរថយន្តដឹកទំនិញអត់មានបង់ពន្ធដោយក្រុមអាជីវករលួចនាំទំនិញចូលមកតាមច្រករបៀងព្រំដែន មានតាមព្រែតាម៉ៅ និងច្រករបៀងដើមត្នោតភ្នំដិន ហើយដឹកទៅលក់ដោយគ្មានបង់ពន្ធសោះ ទើបយើងចាប់ឃាត់យកមករក្សាទុកនៅសាខាគយនឹងរដ្ឋាករខេត្តតាកែវ ដើម្បីអោយម្ចាស់ទំនិញចូលមកបង់ពន្ធជូនរដ្ឋតាមច្បាប់។
លោកប៉ោ សួន មានប្រសាសន៍បន្តទៀតថា ចំពោះក្រដាសបង់ពន្ធដែលគយបានកំណត់ម៉ោងអោយក្រុមអាជីវករដឹកទំនិញ តែរយៈពេលតែ៣ម៉ោងនេះ គឺដោយសារមានក្រុមអាជីករមួយចំនួនខូចកន្លងមក ក្រដាសពន្ធ១សន្លឹកអាចដឹកទំនិញ២ ទៅ៣ជើងឯណោះ ។ អុីចឹង យើងធ្វើនេះដើម្បីឱ្យអាជីវករទាំងអស់ពេលឡើងទំនិញត្រូវចូលមកបង់ពន្ធជូនរដ្ឋអោយបានត្រឹមត្រូវតាមច្បាប់ គឺវាចប់ហើយ ហើយគ្មានគយឯណាកៀបសង្កត់ទៅលើអាជីវករជាអ្នករកស៊ីនោះ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ