អង្គការអូតង់និយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានទម្លាក់គ្រាប់ត្រូវនាវាចម្បាំង៨គ្រឿង របស់កងកម្លាំងមេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី នៅកំពង់ផែទីក្រុងទ្រីប៉ូលី កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ឧសភា ។ សម្ព័ន្ធមិត្តអាត្លង់ទិកនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការអូតង់ និងពួកសម្ព័ន្ធមិត្តនៅបន្តការវាយប្រហារតាមអាកាសប្រឆាំងកងកម្លាំងស្ម័គ្រស្លាប់ចំពោះលោកកាដាហ្វី នៅកំពង់ផែក្នុងរដ្ឋធានីទ្រីប៉ូលី ។ សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ឧសភា យន្តហោះចម្បាំងអង្គការអូតង់បានវាយប្រហារលើនាវាចម្បាំងរបស់កងកម្លាំងគាំទ្រលោកកាដាហ្វី ដោយទម្លាក់គ្រាប់ត្រូវនាវា៨គ្រឿង ។
បើពិនិត្យមើលពីការបង្កើនការប្រើប្រាស់ការវាយប្រហារតាមផ្លូវទឹករបស់កងកម្លាំងលោកកាដាហ្វី អង្គការអូតង់គ្មានជម្រើសអ្វីផ្សេងក្រៅពីចាត់វិធានការហ្មត់ចត់ ដើម្បីការពារជនស៊ីវិល និងកងកម្លាំងរបស់ខ្លួននៅដែនសមុទ្រ ។ ទន្ទឹមនឹងនេះ ការផ្ទុះគ្រាប់៤លើក ត្រូវបានគេឮផងដែរនៅក្នុងទីក្រុងទ្រីប៉ូលី កាលពីយប់ថ្ងៃទី១៩ ឧសភា កន្លងមក។
អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ី លោក Mussa Ibrahim កាលពីល្ងាចថ្ងៃទី១៩ ឧសភា បានបដិសេធនូវរបាយការណ៍នានាដែលអះអាងថា ភរិយា និងកូនស្រីរបស់លោកកាដាហ្វី បានរត់ភៀសខ្លួនទៅកាន់ប្រទេសទុយនីស៊ី ហើយបដិសេធថា នាយកក្រុមហ៊ុនប្រេងកាត លោក Shukri Ghamen ផ្តាច់ខ្លួនពីរដ្ឋាភិបាលរបស់លោកកាដាហ្វី ។
លោក Ibrahim ថ្លែងប្រាប់សន្និសីទកាសែតមួយថា ភរិយារបស់លោកកាដាហ្វី លោកស្រី Sofia មានសុខភាពល្អធម្មតា ហើយបច្ចុប្បន្នកំពុងនៅក្នុងទីក្រុងទ្រីប៉ូលី ។ ចំណែកកូនស្រីរបស់លោកក៏នៅក្នុងទីក្រុងទ្រីប៉ូលីដែរ។ អាជ្ញាធរទុយនីស៊ីក៏បានបដិសេធដែរនូវរបាយការណ៍ដែលថា សមាជិកគ្រួសាររបស់លោកកាដាហ្វី រស់នៅក្នុងប្រទេសទុយនីស៊ី។ ប្រភពរដ្ឋាភិបាលនៅក្នុងទីក្រុងទុយនីស រដ្ឋធានីទុយនីស៊ី និយាយថា របាយការណ៍ទាំងនេះ បំផ្លើសទាំងស្រុង ព្រោះពុំមានសមាជិកគ្រួសាររបស់លោកកាដាហ្វី ណាម្នាក់ឆ្លងកាត់ព្រំដែនមកកាន់ប្រទេសទុយនីស៊ីនោះទេ ៕
ចែករំលែកព័តមាននេះ