អង្គការលើកលែងទោសអន្តរជាតិនិយាយក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី១៩ ឧសភា កន្លងមកថា មនុស្សដល់ទៅ៨៤០នាក់ បានស្លាប់បាត់បង់ជីវិត និងជាង៦.០០០នាក់ទៀត រងរបួសក្នុងអំឡុងពេលនៃការធ្វើបដិវត្តន៍នៅប្រទេសអេហ្ស៊ីបចាប់តាំងពីដើមឆ្នាំនេះនៅពេលអតីតប្រធានាធិបតីប្រទេសនោះ លោកហូស្នី មូបារ៉ាក់ ក្រាញអំណាចដោយបណ្តោយឱ្យមានអំពើហិង្សា និងការបំភិតបំភ័យ ។
របាយការណ៍ដដែលឱ្យដឹងទៀតថា បើទោះបីជាហ្វូងបាតុករបានទម្លាក់លោកមូបារ៉ាក់ ចេញពីតំណែងក៏ដោយ ក៏មេដឹកនាំអេហ្ស៊ីបដទៃទៀត ដែលបន្តវេនពីលោកមូបារ៉ាក់ មានការងារជាច្រើនត្រូវធ្វើ ដើម្បីបង់សងដល់គ្រួសារជនរងគ្រោះ នឹងស្តារជំនឿរបស់ពលរដ្ឋឡើងវិញ ។
អាជ្ញាធរអេហ្ស៊ីបមានការងារជាច្រើនដែលត្រូវធ្វើដើម្បីស្តារឡើងវិញនូវទំនុកចិត្តក្នុងស្ថាប័នសាធារណៈ ។
មន្ត្រីរដ្ឋាភិបាលអេហ្ស៊ីបបានបដិសេធនូវសំណើរបស់ទូរទស្សន៍ CNN ដែលស្នើសុំឱ្យធ្វើអត្ថាធិប្បាយអំពីរបាយការណ៍នោះ ។ អង្គការលើកលែងទោសអន្តរជាតិនិយាយថា ខ្លួនបានបញ្ជូនក្រុមមួយទៅកាន់ប្រទេសអេហ្ស៊ីប ហើយចំណាយពេលជាងមួយខែធ្វើសម្ភាសន៍សម្រាប់របាយការណ៍នេះ ដែលមាន១២០ទំព័រ ។ ហ្វូងបាតុករអេហ្ស៊ីបទម្លាក់លោកមូបារ៉ាក់ ចេញពីតំណែងក្នុងការធ្វើបដិវត្តន៍រយៈពេល១៨ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបើទោះបីជាលោកមូបារ៉ាក់ ត្រូវទម្លាក់ចេញពីតំណែងក៏ដោយ ក៏ពលរដ្ឋអេហ្ស៊ីប នៅទទួលរងការឈឺចាប់ដដែល ។
អង្គការលើកលែងទោសអន្តរជាតិបានរកឃើញភស្តុតាងគួរឱ្យជឿជាក់ថា កងកម្លាំងសន្តិសុខអេហ្ស៊ីបបានប្រើកម្លាំងជ្រុលហួសហេតុ ដើម្បីបំបែកហ្វូងបាតុករ ហើយភាគច្រើននៃបាតុករដែលស្លាប់គឺស្លាប់ដោយសារការបាញ់ចំក្បាល និងទ្រូង ។ ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មនោះក៏បណ្តាលឱ្យស្លាប់អ្នកទោសជិត២០០នាក់ ផងដែរ ៕
ចែករំលែកព័តមាននេះ