ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរង លោកប្រធានមន្ទីរទាំង០៧ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង០៩ អញ្ជើញជាអធិបតីក្នុងពិធីបា.ញ់ស៊ីប (គ្រា.ប់ពិត) បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមសរុបចំនួន៥៤នាក់ នៅទីលានបា.ញ់គ្រា.ប់ពិត ស្ថិតនៅបរិវេណទីបញ្ជាការកងអនុសេនាធំទី២ វរសេនាតូច ការពារអាកាស យោធភូមិភាគទី៥ (ទិសជួរមុខទី១ បន្ទាយមានជ័យ)។

ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការ ស្នងការរង តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ត្រី យ៉ែម វ៉ាន់ថា មេបញ្ជាការវរសេនាតូចការពារអាកាស យោធភូមិភាគទី៥ (ទិសជួរមុខទី១ បន្ទាយមានជ័យ)។

ថ្លែងបិទវគ្គនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ៖ ការបើកវគ្គហ្វឹកហ្វឺននេះ ដោយទទួលបានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស លោកតែងតែដាក់បទបញ្ជាដល់អាវុធហត្ថរាជធានី-ខេត្តទាំង២៥ ក៏ដូចជា ផែនការហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ ដោយក្នុងមួយឆ្នាំត្រូវមានវគ្គហ្វឹកហ្វឺន២ដង ដើម្បីពង្រឹងសមត្ថភាពទាំងជំនាញ ទាំងប្រតិបត្តិការ ថែមទាំងបំប៉នពាក់ព័ន្ធនឹងច្បាប់។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បញ្ជាក់ថា ៖ ការរៀបចំវគ្គហ្វឹកហ្វឺននេះ ថ្វីបើមានរយៈពេលខ្លីក៏ពិតមែន គឺនេះគ្រាន់តែជាការរំលឹកនូវមេរៀនដែលអាវុធហត្ថធ្លាប់បានរៀនសូត្រកន្លងមក។ ដោយហ្វឹកហ្វឺននេះ គឺជាវគ្គហ្វឹកហ្វឺនប្រចាំឆមាស២ ដែលមានរយៈពេលខ្លីតែ២សប្តាហ៍តែប៉ុណ្ណោះ ដោយមាន ៖ ១- ការបា.ញ់គ្រា.ប់ពិត, ២-មេរៀនប្រឆាំងភេ.រវក.ម្ម វ៉ៃឡុកអគារ រំដោះចំណាប់ខ្មាំង. និងទី៣- ពាក់ព័ន្ធផ្នែកច្បាប់ ដោយមានការចូលរួមបង្រៀនពីស្ថាប័នតុលាការខេត្តផងដែរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បញ្ជាក់បន្តថា ៖ មួយវិញទៀត ក៏សូមថ្លែងនូវការកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំហ្វឹកហាត់ និងក្រេបជញ្ជក់នូវចំណេះដឹងពីគ្រូយោធាចារ្យ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន និងថ្លែងអំណរគុណដល់គ្រូយោធាចារ្យ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀននូវចំណេះជំនាញដល់សិក្ខាកាមផងដែរ ។

សូមបញ្ជាក់ផងដែរថា ៖ ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺនបា.ញ់គ្រា.ប់ពិត អាវុធហត្ថដែលទទួលបានចំណាត់ថ្នាក់ខ្ពស់លេខ១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ចំនួន៥០ម៉ឺនរៀល, លេខ២ ទទួលបានថវិកា ចំនួន៣០ម៉ឺនរៀល, លេខ៣ ទទួលបានថវិកា ចំនួន២០ម៉ឺនរៀល និងអ្នកមិនជាប់ចំណាត់ថ្នាក់សោះ ទទួលបានចំនួន១០ម៉ឺនរៀល។ ដោយឡែកគ្រូយោធាចារ្យ ចំនួន៦រូប លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ ចំនួន៣០ម៉ឺនរៀលផងដែរ៕





ចែករំលែកព័តមាននេះ