ភ្នំពេញ៖ ព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី រួមទាំងថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត រួមទាំងឥស្សរជន ជាថ្នាក់ដឹកនាំច្រើនរូបផ្សេងទៀត។
«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញ កាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។
សាកលវិទ្យាល័យជប៉ុន សូហ្វីយ៉ា ចាប់តាំងពីឆ្នាំ១៩៨៩ មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើន ជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវ នៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស រស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាដើម។
អាជ្ញាធរជាតិអប្សរា បានប្រកាសថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នឹងដាក់ឱ្យប្រើប្រាស់ សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត ហើយស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត នៅតែបន្តដាក់ឱ្យប្រើប្រាស់ សម្រាប់ជាច្រកចេញពីប្រាសាទ។
«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» មានប្រវែង ១៩០ម៉ែត្រ ទទឹង ១១,៦០ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ សាងពីថ្មបាយក្រៀម ក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត៕




ចែករំលែកព័តមាននេះ