ទីក្រុងកៀវ៖ បន្ទាប់ពីទទួលរងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់រុស្ស៊ីជាច្រើនថ្ងៃជាប់គ្នា ជាពិសេសទីក្រុងកៀវរងការវាយប្រហារខ្លាំងជាងគេ និងមានមនុស្សស្លាប់ដល់រាប់សិបនាក់ក្នុងមួយថ្ងៃៗ ថ្ងៃនេះ អ៊ុយក្រែនវាយបកវិញម្ដង។ យោធាអ៊ុយក្រែនអះអាងថាពួកគេវាយចំទីតាំងស្តុកប្រេងឆៅ, រោងចក្រចម្រាញ់ប្រេង, មូលដ្ឋានទ័ពអាកាស និងរោងចក្រផលិតគ្រឿងបរិក្ខារអគ្គិសនី។ ស្លាប់ ឬរបួសមនុស្សប៉ុន្មាននាក់នៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែទំហំនៃការខូចខាតប្រហែលជាមិនសាមញ្ញពេកទេ។
ក្រុមប្រតិបត្តិការពិសេសយូអែសអែហ្វ (USF) របស់អ៊ុយក្រែនបានបង្ហោះសារនៅលើតេឡេក្រាមថាខ្លួនវាយប្រហារចំរោងចក្រចម្រាញ់ប្រេងនៅរ៉ៃយ៉ាហ្សាន (Ryazan) ចម្ងាយ១៨០គីឡូម៉ែត្រពីទីក្រុងម៉ូស្គូឆៀងទៅទិសឦសាន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រចុះផ្សាយថារោងចក្រនោះឆេះបញ្ចេញផ្សែងហុយទ្រលោមទៅលើមេឃ និងបញ្ចេញអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅព្រោះភ្លើង និងប្រេងបូកបញ្ចូលគ្នាបណ្ដាលឱ្យឆេះគ្មានអ្វីអាចបញ្ឈប់បានឡើយ។
អ៊ុយក្រែនអះអាងថាខ្លួនក៏វាយប្រហារចំទីតាំងស្តុកទុកប្រេងឆៅនៅទីក្រុងវ៉ូរ៉ូនេស (Voronezh) ដែលស្ថិតនៅជាប់នឹងព្រំដែនប្រទេសអ៊ុយក្រែនភាគឦសាន។ អ៊ុយក្រែនមិនបានបញ្ជាក់ឱ្យច្បាស់ថាតើពួកគេប្រើវិធីអ្វីនៅក្នុងការវាយប្រហារនោះទេ។ ប៉ុន្តែគេដឹងថាក្រុមយូអែសអែហ្វរបស់អ៊ុយក្រែនមានជំនាញខាងសង្គ្រាមដ្រូន។ ទោះបីឆ្ងាយជិតយ៉ាងណាក៏ពួកគេអាចវាយប្រហារបានដែរ។
រហូតមកដល់ពេលនេះ គេស្ដាប់ឮតែការអះអាងតែមួយចំហៀងប៉ុណ្ណោះពីខាងអ៊ុយក្រែន។ ចំណែករុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេ។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ទីភ្នាក់ងារសម្ងាត់អ៊ុយក្រែនអែសប៊ីយូ (SBU) ថ្លែងថាខ្លួនបានបញ្ជូនដ្រូនទៅវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីព្រីម័រស្កកតាស់ (Primorsko-Akhtarsk)។ រុស្ស៊ីបញ្ជូនដ្រូនទៅវាយប្រហារអ៊ុយក្រែនកាលពីពេលកន្លងមកគឺបញ្ជូនចេញពីមូលដ្ឋាននេះហើយ។
អែសប៊ីយូអះអាងថាខ្លួនក៏បានវាយប្រហាររោងចក្រមួយកន្លែងនៅទីក្រុងផឹនហ្សា (Penza)ផងដែរ។ ពួកគេអះអាងថាទីនេះជាកន្លែងផ្គត់ផ្គង់គ្រឿងអគ្គិសនីសម្រាប់រោងចក្រផលិតគ្រឿងបរិក្ខារយោធារបស់រុស្ស៊ី។ គួរកត់សម្គាល់ថានៅពេលសង្គ្រាមផ្ទុះឡើងដំបូងៗ ទោះបីរុស្ស៊ីបាញ់ផ្លោងមីស៊ីលរយៈចម្ងាយឆ្ងាយយ៉ាងណាក៏អ៊ុយក្រែននៅស្ងៀម។ ប៉ុន្តែស្ងៀមនេះគឺសម្ងំយកពិសតែប៉ុណ្ណោះ។
អ៊ុយក្រែនសម្ងំអភិវឌ្ឍដ្រូនអត្តឃាតដែលអាចពាំនាំទៅជាមួយនូវគ្រឿងផ្ទុះដើម្បីវាយប្រហារចម្ងាយរាប់រយគីឡូម៉ែត្រពីព្រំដែន។ ដ្រូនអត្តឃាតក្នុងន័យនេះសំដៅលើដ្រូនប្រើសម្រាប់ធ្វើសង្គ្រាម ហើយពលីនៅក្នុងសង្គ្រាមតែម្ដង។ បញ្ជូនទៅហើយបើមិនត្រូវគេបាញ់ឆេះ ឬត្រូវអគ្គិសនីឆក់តាមផ្លូវធ្វើដំណើរទេ ដ្រូនប្រភេទនេះអាចវាយប្រហារគោលដៅចុងក្រោយ ហើយផ្ទុះទាំងដ្រូននោះខ្លួនឯងតែម្ដង។
ងាកទៅស្ដាប់ការបរិយាយរបស់រុស្ស៊ីវិញម្ដង ក្រសួងការពារជាតិរុស្ស៊ីអះអាងថាយោធារបស់ខ្លួនបាញ់ធ្លាក់ដ្រូនរបស់អ៊ុយក្រែន៣៣៨គ្រឿងកាលពីយប់មិញ។ រុស្ស៊ីប្រកាសជាសរុបតែម្ដងដោយមិនបញ្ជាក់ថាក្នុងមួយលើកៗតើអ៊ុយក្រែនបានបញ្ជូនដ្រូនប៉ុន្មានគ្រឿងនោះទេ។ ចំណែកអ៊ុយក្រែនអះអាងថាកាលពីយប់មិញរុស្ស៊ីបញ្ជូនដ្រូន៥៣គ្រឿងទៅវាយប្រហារ។ ក្នុងនោះ ខ្លួនបាញ់ធ្លាក់៤៥គ្រឿង៕
ចែករំលែកព័តមាននេះ