ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ ជន​ក្លែង​ព្រះរាជ​សារ​ព្រះ​មហា​ក្សត្រ ក្រោយ​ចាប់ខ្លួន​ក្នុងផ្ទះ​សំណាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ក្លែង​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ ត្រូវ​បាន​តំណាង​អយ្យការ បើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ ដោយ​ចោទប្រកាន់​ពី​បទ

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ក្លែង​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ ត្រូវ​បាន​តំណាង​អយ្យការ បើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ ដោយ​ចោទប្រកាន់​ពី​បទ «​ឆ​បោ​.​ក​» បទ «​ក្លែងបន្លំ​ឯកសារ​សាធារណៈ​» និង​បទ «​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​» ដែល​បទល្មើស​ទាំងនេះ មាន​ចែង​តាម​បញ្ញត្តិ​មាត្រា​៣៧៧ មាត្រា​៣៧៨ មាត្រា​៦២៩ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​ជម្រាប​ថា ជន​ដែល​ក្លែង​ព្រះរាជ​សារ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល នៃ​អគ្គស្នងការ​នគរបាល​ជាតិ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កន្លែង ទល់មុខ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ហៅ​មន្ទីរពេទ្យ​លោកសង្ឃ ស្ថិត​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បើ​តាម​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា កាល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ បន្ទាប់​ពី​មាន​សេចក្តី​ប្រកាស​​ព័ត៌មាន​របស់​ក្រសួងព្រះបរមរាជវាំង បដិសេធ​ចំពោះ​លិខិត​ក្លែងបន្លំ​ជា​ព្រះរាជ​សារ​ចុះ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​បង្ហោះ​ចែកចាយ​នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​មាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បើក​ប្រតិ​បត្តិការ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ហាក់ ឧត្តម ភេទ​ប្រុស នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ក៏​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​រៀបចំ​បង្កើត​លិខិត​ក្លែងបន្លំ​ជា​ព្រះរាជ​សារ​ពិតប្រាកដ​មែន ដោយ​បន្លំ​ខ្លួន​ធ្វើ​ជា​ខ្សែ​ព្រះ​ញាតិវង្ស ទៅ​ជួល​សេវា​វា​.​យ​អត្ថបទ​តាម​កុំព្យូទ័រ​មួយ​កន្លែង នៅ​ម្តុំ​វិទ្យាល័យ​សម្តេច ជា ស៊ី​ម សន្ធរ​ម៉ុ​ក ដោយ​ខ្លួន​ជា​អ្នក​ផ្តល់​នូវ​ខ្លឹមសារ និង​ឯកសារ​គំរូ រួច​ផ្ញើ​លិខិត​នោះ​ទៅ​ឲ្យ​កូនសិស្សលោក​នៅ​វត្ត «​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម​» ដើម្បី​និមន្ត​ព្រះ​ធម្ម វនវាសី ចន្ទ មុនី ទៅ​សម្តែងធម៌​ទេសនា ក្នុង​ព្រះរាជ​ពិធីបុណ្យ​កឋិនទាន នៅ​វត្ត «​ទេពវិមាន​» ហៅ​វត្ត «​កាន់​ទ្រង់​» ស្ថិត​នៅ​ក្នុង​ឃុំ​តានី ស្រុក​អង្គ​ជ័យ ខេត្តកំពត ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​រៀបចំ​កម្មវិធី​បុណ្យ​កឋិនទាន​នោះ​»​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ផង​ដែរ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​អំពាវនាវ​ដល់​សា​ធារ ណ​ជន ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចែករំលែក​នូវ​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​បណ្តាល​ឲ្យ​ខ្លួន​ក្លាយជា​ឈ្នាន់​បម្រើ​ដល់​ឧបាយកល​របស់​ក្រុម​ជន​ឆ​បោ​.​ក ព្រមទាំង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​ថែម​ទៀត​ផង ។

គួរ​រំលឹក​ថាចាប់​បាន​នៅ​ក្នុងផ្ទះ​សំណាក់ ជន​ដែល​ហ៊ាន​ក្លែង​ព្រះរាជ​សារ​ព្រះមហាក្សត្រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ