រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បាន
លើកយកសំណុំរឿង.ឆបោក មួយមកបើកសវនាការជំនុំជម្រះទោស ពាក់ព័ន្ធឈ្មួញម្នាក់រកស៊ីទិញ-លក់ដីខ្យល់ ដោយភាគីដើមបណ្តឹងស្នើសុំឲ្យតុលាការចាប់ខ្លួនជនត្រូវចោទ ដើម្បីទូទាត់ប្រាក់សំណងរដ្ឋប្បវេណី ។

សវនាការជាសាធារណៈដែលធ្វើឡើងដោយលោក តុប ឈុនសុង ចៅក្រមជំនុំជម្រះ និងលោក
ទី មុនិន្ទ ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខភាគីដើមបណ្តឹង និងមេធាវីការពារក្តី កំបាំងមុខជនត្រូវចោទ តែចាត់ទុកចំពោះមុខ ដោយភាគីចុងចោទ មានមេធាវីការពារក្តីចូលរួមស្តាប់ និងសួរដេញដោលរហូតដល់ទីបញ្ចប់ ។
បន្ទាប់មកសវនាការត្រូវបានចៅក្រមជំនុំ ជម្រះលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ។ ជនត្រូវចោទក្នុងសំណុំរឿងនេះ មានឈ្មោះ ហ៊ាង អេងទ្រី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររកស៊ីទិញ-លក់ដី ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវលេខ២ បុរីតាំងលីម ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកដើមបណ្តឹងក្នុងសំណុំរឿងឆបាកនេះ មានជនរងគ្រោះ២នាក់ ម្នាក់ឈ្មោះ ឈូក សុភ័ក្ត និងម្នាក់ឈ្មោះ ស៊ាង ចាន់ណាក់ មុខរបរជាជាងដែក ។

តាមអង្គហេតុក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ទី១-កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះទាំង២ នាក់បានសហការចូលលុយគ្នា ទិញដីចំនួន១៧ឡូត៍ ស្ថិតនៅភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ពីឈ្មោះ ហ៊ាង អេងទ្រី ដោយបានធ្វើកិច្ចសន្យាទិញ-លក់ ដីធ្លី និងលិខិតប្រគល់.ទទួលប្រាក់ ត្រឹមត្រូវទៅតាមបទដ្ឋានអាជ្ញាធរដោយស្របច្បាប់ ដែលមានទំហ៊ុទឹកប្រាក់សរុបចំនួន ៣២២០០ដុល្លារអាមេរិក ស្មើនិងតម្លៃទិញលក់សរុប ។ ទី២-បន្ទាប់ពីជនរងគ្រោះបានបង់ប្រាក់ឲ្យទៅឈ្មោះ ហ៊ាង អេងទ្រី ឈ្មួញទិញលក់ដីធ្លីចំនួន៥០/រយហើយ បានសួរនាំរឿងប្លង់ដី សុំមើលប្លង់ដី បែជាឈ្មោះ ហ៊ាង អេងទ្រី រកលេសឆ្លើយដោះសារ និងពន្យាពេលជាហូរហែរ រហូតដល់ចុង ក្រោយមានចម្លើយយ៉ាងខ្លីថា«គ្មានដីឲ្យទេ»។

ដោយសារការទុកចិត្តជាមនុស្សធ្លាប់រាប់អានគ្នា និងមើលឃើញមុខរបរ ជាតំណាងការិយាល័យអចលនព្រទ្យក្រុមហ៊ុន ធី ស៊ី ប៊ី និងមានគំនូសបង្ហាញទីតាំងដីពុះឡូត៍ថ្មីលក់នោះ ទើបជនរងគ្រោះសម្រេចប្រគល់ប្រាក់ទិញលក់ដីឲ្យទៅជនត្រូវចោទ ទីបំផុតដូចទិញដីខ្យល់ ។ ទី៣-ទោះបីជាឈ្មោះ ហ៊ាង អេងទ្រី គ្មានដីឲ្យទៅដើមបណ្តឹងក៏ដោយចុះ ជនរងគ្រោះទាំង២នាក់ បានយោគយល់ និងព្យាយាមណាត់ជួប ដើម្បីឲ្យជនត្រូវចោទសងប្រាក់ដើមវិញ តែឈ្មួញដីម្នាក់នេះគេចវេសរហូត ។ ទី៤-ដោយពិនិត្យទៅលើទង្វើរបស់ឈ្មោះ ហ៊ាង អេងទ្រី ត្រូវបានច្បាប់កំណត់ថាជាបទល្មើស «ឆបោក» ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ទើបជនរងគ្រោះទាំង២នាក់សម្រេចចិត្តពឹងពាក់មេធាវីការពារក្តី ដើម្បីចាត់ការលើឈ្មួញរកស៊ីទិញលក់ដីធ្លី ដោយទុច្ចរិតនេះ ។

ដូច្នេះ បទល្មើសឆ.បោក ច្បាប់តម្រូវឲ្យផ្តន្ទាទោសលើជនជាប់ចោទ ដាក់ពន្ធនាគារចាប់ពី៦ ខែ ទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៦លានរៀល ដោយមិនទាន់គិតពីសំណងរដ្ឋប្បវេណីឡើយ ៕
ចែករំលែកព័តមាននេះ