ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែលជាអ្នកសារព័ត៌មាននៅអង្គភាពមួយ ត្រូវបានរងការចោ.ទប្រកាន់ពីបទ «កំហែ.ងយក (គំរា.មយកប្រាក់)» ពីម្ចាស់ទីតាំងឆ្នោតឡូតូ ៨៨៨៨ របស់ក្រុមហ៊ុន ភីអេចវីស៊ីធី អេ ២៨៨៨ ឯ.ក ស្ថិតនៅក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានប្រាប់ឱ្យដឹងថា ដោយមានចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពី លោកព្រះរាជ្ញាអមសាលាដំបូងខត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ជា យូរ៉ាន់ អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់នៅភូមិបចាម ឃុំចំបក់។
លោកអធិការនគរបាលស្រុកបាទី បានបន្ថែមថា បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ឡូវ សុខុម ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង០៧និង១០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មុខរបរអ្នកចុចម៉ាស៊ីនឆ្នោតឡូតូ៨៨៨៨ ឱ្យក្រុមហ៊ុនភីអេចវីស៊ីធី អេ2888 ឯ.ក ប្តឹងឈ្មោះ ស៊ីន សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកសារព័ត៌មានអង្គភាព «ST TV ONLINE» ស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវថា កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទី ខ្លួនកំពុងធ្វើការចុចម៉ាស៊ីនឆ្នោតឡូតូ នៅចំណុចភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ស្រាប់តែមានអ្នកសារព័ត៌មានម្នាក់ឈ្មោះ ស៊ីន សំណាង ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីសង់ C125 ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1KH-6488 បានមកទារលុយខ្លួនថ្លៃសាំងចំនួន២០០០០០រៀល (ម្ភៃម៉ឺនរៀល)។
ប្រភពដដែលបន្តថា ពេលនោះខ្លួនបានតបវិញថា «លុយអីគេបង ខ្លួនចាក់ឆ្នោតឡូតូឱ្យក្រុមហ៊ុនតាស់ ហើយក្រុមហ៊ុនក៏មានច្បាប់ដែរ» ចំណែកឈ្មោះ ស៊ីន សំណាង បានឆ្លើយមកទៀតថា «ឱ្យឬអត់ បើមិនឲ្យទេ ខ្ញុំនឹងឡាយវីដេអូតាមហ្វេសប៊ុកប្រាប់គេថា ទីតាំងបងឯង គឺជាទីតាំងជល់មាន់អនឡាញ»។ ដោយសារតែខ្លួនខ្លាចខូចឈ្មោះក្រុមហ៊ុន ខ្លួនបានសុំអង្វរឈ្មោះ ស៊ីន សំណាង ដោយជូនគាត់ប្រាក់ចំនួន ៦០០០០រៀល (ប្រាំមួយម៉ឺនរៀល) ប៉ុន្តែគាត់មិនព្រម ហើយទារចំនួន ១២០០០០រៀល (ដប់ពីរម៉ឺនរៀល)។ ពេលនោះខ្លួនក៏បានព្រមឲ្យ ហើយពេលដែលគាត់បានប្រាក់ហើយ គាត់ក៏ជិះម៉ូតូចេញទៅបាត់។
ក្រោយពេលត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនជាប់ចោទដែលជាអ្នកសារព័ត៌មាន មកសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕
ចែករំលែកព័តមាននេះ