ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនសរសើរមិនបាន ! Eatame ជាអ្នកផលិតវីដេអូម្ហូបអាហារដ៏ពេញនិយមបំផុតនៅកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកអ្នកពិតជាបានស្គាល់ និងធ្លាប់បានភ្លក់រសជាតិទាំងម្ហូបខ្មែរ និងបរទេសដែលមានរសជាតិឆ្ងាញ់ហើយប្លែកៗ នៅតាមកន្លែង និងតំបន់មួយចំនួន ជាពិសេសក្នុងប្រទេសកម្ពុជា តាមរយៈការណែនាំពីផេកដ៏ល្បីឈ្មោះមួយគឺ Eatame…

រាជធានីភ្នំពេញ ៖ លោកអ្នកពិតជាបានស្គាល់ និងធ្លាប់បានភ្លក់រសជាតិទាំងម្ហូបខ្មែរ និងបរទេសដែលមានរសជាតិឆ្ងាញ់ហើយប្លែកៗ នៅតាមកន្លែង និងតំបន់មួយចំនួន ជាពិសេសក្នុងប្រទេសកម្ពុជា តាមរយៈការណែនាំពីផេកដ៏ល្បីឈ្មោះមួយគឺ Eatame ។ Eatame បានផលិតវីដេអូម្ហូបអាហារដ៍ពេញនិយមបំផុតនៅប្រទេសកម្ពុជា ហើយគ្រប់វីដេអូបាន Review លើមុខម្ហូបដោយមានអ្នកតាមដាន និងចូលមើលរាប់លាន Views នៅលើបណ្តាញសង្គម ។

 លោក ម៉ៅ និមល ឬហៅថា លោក Eatame ដែលជាម្ចាស់ផេក Eatame គឺជាអ្នកបង្កើតមាតិកាអាហារអស់រយៈពេល ៨ ឆ្នាំមកហើយ ដោយទទួលបានអ្នកតាមដាននៅលើផេក Facebook រហូតដល់ទៅជាង 1.3 លាននាក់ឯណោះ ជាមួយនឹងវីដេអូដែលបានជួយលើកស្ទួយវិស័យម្ហូបអាហារ និងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ។

មិនត្រឹមតែជាអ្នក Review ម្ហូបអាហារប៉ុណ្ណោះទេ លោក Eatame បានចូលរួមផ្សព្វផ្សាយវិស័យម្ហូបអាហារខ្មែរឱ្យពិភពលោកបានស្គាល់ នឹងចង់មកភ្លក់រសជាតិនៃម្ហូបអាហាររបស់ប្រជាជនខ្មែរ តាមរយៈការផលិតនៅវីដេអូដ៍គួរឱ្យទាក់ទាញរបស់លោក ។

លោក ម៉ៅ និមល ដែលគេស្គាល់ថាជា Eatame នេះ មានអ្នកតាមដានដល់ទៅ 626K នៅលើបណ្តាញសង្គម TikTok ដោយបានបង្កើតវីដេអូតាំងពីឆ្នាំ ២០១៦ មកម៉្លេះ ហើយបានរកឃើញអ្វីដែលពិសេសនៅក្នុងការងាររបស់លោកក្នុងនាមជាអ្នកបង្កើតមាតិកា ដែលរហូតមកដល់បច្ចុប្បន្នសន្ទុះនៃការគាំទ្រ ក៏ដូចជាប្រជាប្រិយភាពរបស់លោក មានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយគ្រប់វីដេអូដែលលោកបានបង្ហោះចូលក្នុងបណ្តាញសង្គម មានអ្នកចូលមើល និង ចែករំលែកជាច្រើនតៗគ្នា ។

សូមបញ្ជាក់ផងដែរថា លោក ម៉ៅ និមល បានចាប់អាជីពជាផលិតវីដេអូ នៅសារព័ត៌មាន «កោះសន្តិភាព» ។ លោកបានដឹងថា មានការខ្វះខាតអ្នកបង្កើតមាតិកានៅក្នុងឧស្សាហកម្មម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា ទើបលោកសម្រេចចិត្ត ផ្តោតលើការបង្កើតវីដេអូ ដើម្បីផ្សព្វផ្សាយវិស័យម្ហូបអាហានៅក្នុងប្រទេសកម្ពុជា ។

ស្ថិតក្នុងវ័យ ៣១ ឆ្នាំ មកពីខេត្តបាត់ដំបងលោក Eatame បានសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ហើយចាប់ផ្តើមធ្វើការក្នុងវិស័យអនឡាញ ។ តួនាទីរបស់លោករួមមានកិច្ចសហប្រតិបត្តិការជាមួយអាជីវកម្មឯកជន Amazon និង Lasadar ដែលគ្រប់គ្រងដោយក្រុមហ៊ុនសិង្ហបុរី ។

លោក Eatame ធ្លាប់ជាអ្នករចនាដែលផ្តល់សេវាកម្មសម្រាប់ទំនិញអនឡាញដល់អ្នកប្រើប្រាស់ ។ ពេលវេលាបានដើរទៅមុខយ៉ាងលឿន លោកបានឆ្លងកាត់ការងារជាច្រើន ហើយមិនត្រឹមតែជាអ្នកផលិតវីដេអូប៉ុណ្ណោះទេ Eatame បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមជាមួយសកម្មភាពដែលជួយដល់សង្គម ជាពិសេសការអប់រំ និងបរិស្ថាន ។ ក្រៅពីការផ្សព្វផ្សាយម្ហូបអាហារ លោកក៏បានផ្សព្វផ្សាយ និងអំពាវនាវឱ្យជួយដល់មណ្ឌលកុមារកំព្រា ដោយផ្តល់ជាកម្លាំងចិត្ត និងផ្តល់គ្រឿងឧបភោគបរិភោគ បន្ទាប់ពីទទួលបានអំណោយពីសាធារណជន ។

ជាមួយគ្នានេះ លោក ម៉ៅ និមល បានបង្កើតយុទ្ធនាការគាំទ្របេសកកម្មរបស់លោក Ben Davis ក្នុងការជួយសង្គ្រោះព្រៃឈើកម្ពុជា រួមទាំងសត្វព្រៃដែលងាយរងគ្រោះផងដែរ ។ លោកបានប្រមូលបានប្រាក់ជាង ៥ ម៉ឺនដុល្លារ ដើម្បីជួយ សម្រួលដល់ការសាងសង់ប្រឡាយការពារភ្លើងឆេះព្រៃថែមទៀតផង ។

Eatame ជឿជាក់ថា ការលើកកម្ពស់ឧស្សាហកម្មអាហារ អាចជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដោយលោកបានអះអាងថា មិនថា នៅកម្ពុជា ឬអន្តរជាតិទេឧស្សាហកម្មម្ហូបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឧស្សាហកម្មទេសចរណ៍ ៕