រាជធានីភ្នំពេញ៖ ដូចការគ្រោងទុក តារាសម្តែង និងពិធិការិនីនាង ហ៊ិន ច័ន្ទនីរ័ត្ន បានបញ្ចេញរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គមបង្ហាញពីទិដ្ឋភាពនៃពិធីពិធីពិសារស្លាដកកន្សែង ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែតុលា នេះ ជាមួយអនាគតស្វាមីលោក ឌី ពេជ្រ ។

តាមរយៈរូបភាព ពិធីនេះបានរៀបចំឡើងយ៉ាងឱឡារឹកតាមគម្លងប្រពៃណីខ្មែរ ដោយមានការចូលរួមពីចាស់ទុំ សាច់ញាតិទាំងសងខាង ជាពិសេស ក៏មានមិត្តភក្តិក្នុងសិល្បៈមួយចំនួនក៏មានវត្តមានចូលរួមផងដែរ ។

ទាំង ហ៊ិន ច័ន្ទនីរ័ត្ន និងអនាគតស្វាមី បានបង្ហាញទឹកមុខសប្បាយរីករាយ ក្នុងពេលពិធីមង្គលរបស់ពួកគេបានសម្រេចចេញជារូបរាងឡើង តាមរយៈការកំណត់ និងការផ្សំផ្គុំយ៉ាងខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ។

ជាមួយរូបភាពខាងលើនេះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានភ្ជាប់ជាមួយនឹងសំណេរបង្ហោះនៅលើបណ្តាញសង្គមថា ពិធីពិសាស្លាដកកន្សែង ដល់គូហើយ សុំពាក្យជូនពីពុកម៉ែបងប្អូនផង ។ យ៉ាងណា ក្រោយឃើញរូបភាពដែល ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះនាពេលនេះ គេឃើញមហាជនប្រិយមិត្តគាំទ្រ ជាពិសេស បណ្តាមិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈរបស់នាងបានចូលទៅធ្វើការខមមិន ដោយម្នាក់ៗសម្តែងការអបអរសាទរ និងជូនឲ្យនាងមានសុភមង្គលនៅក្នុងជីវិតគូនាពេលនេះ ។

ជាការកត់សម្គាល់ មុនមួយថ្ងៃនៃពិធីពិសារស្លាកដក់កន្សែងរបស់ ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ នាពេលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសារតាមតេឡេក្រាមថា ដើម្បីចៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវជុំវិញកូនប្រុសឌី ពេជ្រ និងកូនស្រី ហ៊ិន ចន្ធ័នីរត្ឋ័ ។

ក្នុងឋានៈជាឪពុកធំ កូនពេជ្រខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។
ថ្ងៃស្អែក២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី ។ សម្តេចបញ្ជាក់ថា ថ្ងៃ២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ ។ ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ។

ដោយឡែក ក្រោយឃើញសារសម្តេចតេជោខាងលើនេះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមផងដែរថា កូនគោរពអរគុណសម្តេចពុកដ៏ខ្ពង់ខ្ពស់បំផុត កូនមានសំណាងខ្លាំងណាស់ដែលទទួលបានការអាណិតស្រលាញ់ពីសម្តេចពុកសម្តេចម៉ែ ។



ចែករំលែកព័តមាននេះ