ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យអាណិតជាពន់ពេក ដែលបុរសម្នាក់ក្រោយពេលហូបបាយថ្ងៃត្រង់រួចក៏ឆ្លៀតដើររកបេះបន្លែព្រៃ ក៏ជួបគ្រោះអកុសលជាន់មីនផ្ទុះកក្រើកព្រៃផ្អើលដល់កងកម្លាំងនគរបាលការពារព្រំដែន និងយោធានៅក្បែរនោះ ។ ហេតុការណ៍គ្រោះថ្នាក់ដោយសារមីននេះ បានកើតឡើងនៅវេលាម៉ោង០១និង២១នាទីរសៀលថ្ងៃទី២៤ តុលា ឆ្នាំ២០២៣ ស្ថិតនៅបន្ទាត់ព្រំដែនក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ លោកវរសេនីយ៍ឯក ឡុង សំណាង បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ចន ជុង ភេទប្រុស ឣាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខរបរជាកសិករ ។

លោកមេបញ្ជាការបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ ក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានឆ្លៀតដើររកបេះបន្លែរព្រៃ (រកដកផ្សិត និងជីកទំពាំង) ក៏ដើរជាន់ផ្ទុះមីនបណ្តាលឲ្យដាច់ជើងឆ្វេង ។ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ សហការជាមួយកម្លាំងយោធា (ក.អ.ធ.ទី១សឹករងស្រុកថ្មពួក)ចុះទៅពិនិត្យកន្លែងមីនផ្ទុះ និងបានចូលទៅជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយនាំគ្នាយកអង្រឹងសែងដាក់រថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។

ទាក់ទិននឹងករណីគ្រោះថ្នាក់មីននេះ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដើររកអនុផលព្រៃឈើកុំឲ្យចូលព្រៃដែលសង្ស័យថា មានមីនឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ឲ្យសោះនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬក៏រងរបួសជាដើម ។



ចែករំលែកព័តមាននេះ