ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០២៣ នៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះមានទំហំ១៥ម៉ែត្រ គុណ១០ម៉ែត្រ ធ្វើពីឈើដំបូលស័ង្កសី មានម្ចាស់ផ្ទះឈ្មោះ ខែត ឈួត ភេទប្រុស អាយុ៥៨ឆ្នាំ មានប្រពន្ធឈ្មោះ ម៊ាំង អ៊ូ អាយុ៥៧ឆ្នាំ រស់នៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបន្តថា ក្រោយទទួលបានព័ត៌មានពីការឆេះនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានយករថយន្តពន្លត់អគ្គិភ័យ០១គ្រឿង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រាស អាជ្ញាធរ និងប្រជាពលរដ្ឋបានចុះជួយអន្តរាកមន៍ពន្លត់ តែដោយសារភ្លើងបានឆាបឆេះពេញទំហឹងពេក មិនអាចជួយសង្គ្រោះបានទេ ប៉ុន្តែបានទប់ស្កាត់កុំឲ្យភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។

លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា ទ្រព្យសម្បត្តិ និងសម្ភារខូចខាតមានថវិកា១០,០០០បាត (មួយម៉ឺនបាត) ។ សំភារ: ដំណេក និងសៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប្លង់ដី ។ គិតជាថវិកាប្រហែល៤០លានរៀល។ ចំពោះមូលហេតុបង្កឲ្យមានគ្រោះអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយម្ចាស់ផ្ទះមិនបាននៅផ្ទះដោយរវល់ទៅចម្ការ ។

ជាមួយគ្នានោះដែរ លោកអធិការបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពេលចេញពីផ្ទះទៅណាមកណា ត្រូវពិនិត្យមើលភ្លើងចង្ក្រាន និងបិទភ្លើងឲ្យបានត្រឹមត្រូវជាមុនសិន ៕





អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ