ប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រី ម៉េដវេដេវ កាលពីថ្ងៃទី១៨ ឧសភា កន្លងមក បានព្រមានថា នឹងមានយុគសម័យសង្គ្រាមត្រជាក់ថ្មីមួយ ប្រសិនបើរុស្ស៊ី និងប្រទេសលោកខាងលិចបរាជ័យក្នុងការឯកភាពគ្នាលើប្រព័ន្ធការពារមីស៊ីល។ លោកម៉េដវេដេវ បានព្រមានដូច្នេះក្នុងសន្និសីទកាសែត ដែលរៀបចំឡើងក្នុងទ្រង់ទ្រាយយ៉ាងធំមួយ។
ប្រទេសរុស្ស៊ីកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផែនការរបស់អាមេរិក ដើម្បីបង្កើតប្រព័ន្ធការពារមីស៊ីលនៅអឺរ៉ុបខាងកើត ហើយបានលើកឡើងថា អង្គការអូតង់ហាក់ដូចជាព្រងើយកន្តើយចំពោះសំណើរបស់ខ្លួនដែលស្នើសុំឱ្យមានខែលការពារមីស៊ីលរួមគ្នា។
លោកម៉េដវេដេវ ថ្លែងប្រាប់អ្នកកាសែតថា ការសម្រេចចិត្តរបស់អាមេរិក ដើម្បីបន្តការបង្កើតប្រព័ន្ធការពារមីស៊ីល បើទោះបីជាមានការជំទាស់ពីរុស្ស៊ីក៏ដោយនោះ នឹងជំរុញឱ្យក្រុងម៉ូស្គូចាត់វិធានការសងសឹកវិញ ។ លោកប្រធានាធិបតីថ្លែងថា យើងនឹងពិភាក្សាគ្នាអំពីការអភិវឌ្ឍន៍សក្តានុពលនៃសមត្ថភាពមីស៊ីលការពាររបស់យើង ដែលនេះជាសេណារីយ៉ូអាក្រក់មួយ។
ទន្ទឹមនឹងនេះមេដឹកនាំរុស្ស៊ីក៏បានអះអាងផងដែរពីការលុបចោលវិញនូវសន្ធិសញ្ញាកាត់បន្ថយសព្វាវុធថ្មី (START) ដែលចូលជាធរមាននៅឆ្នាំនេះ ប្រសិនបើប្រព័ន្ធការពារមីស៊ីលត្រូវបានដាក់ពង្រាយ ហើយដំណើរការដោយគ្មានការឯកភាពពីវិមានក្រឹមឡាំង។
ក្រុងម៉ូស្គូកំពុងប្រឆាំងផែនការរបស់អង្គការអូតង់ដែលចង់ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ដែលប្រទេសលោកខាងលិចមើលឃើញថា ជាវិធានការការពារការវាយប្រហាររបស់ប្រទេសជាច្រើនដូចជាអ៊ីរ៉ង់ជាដើម ប៉ុន្តែរុស្ស៊ីមិនអនុញ្ញាតឱ្យធ្វើដូច្នេះឡើយ ព្រោះអាចប្រឆាំងប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន។
កាលពីថ្ងៃទី១៨ ឧសភា លោកម៉េដវេដេវ បានទាមទារឱ្យមានវិធានការស្របច្បាប់ពីសហរដ្ឋអាមេរិកជាវិធានការមួយដែលក្រុងម៉ូស្គូនិយាយថា ក្រុងវ៉ាស៊ីនតោនមិនព្រមផ្តល់ឱ្យ ៕
ចែករំលែកព័តមាននេះ