ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មានឋានៈ​ណា​ក៏​ដោយ ក៏​មានចំណេះ​ដឹង​គឺ​កើត​ចេញពី​គ្រូបង្រៀន​​ដែរ​

6 ខែ មុន
  • កំពត

ខេត្តកំពត ៖ មនុស្ស​គ្រប់​រូប ទោះ​ឋានៈ​ណា​ក៏​ដោយក៏​មានចំណេះ​ដឹង​កើត​ចេញពី​គ្រូបង្រៀន​ដែរ គ្រូ​ជា​ពុម្ព​ផលិត​ធនធានមនុស្ស​ដ៏​សំខាន់ ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន​ក្រប​ខណ្ឌ​ថ្មី…

ខេត្តកំពត ៖ មនុស្ស​គ្រប់​រូប ទោះ​ឋានៈ​ណា​ក៏​ដោយក៏​មានចំណេះ​ដឹង​កើត​ចេញពី​គ្រូបង្រៀន​ដែរ គ្រូ​ជា​ពុម្ព​ផលិត​ធនធានមនុស្ស​ដ៏​សំខាន់ ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន​ក្រប​ខណ្ឌ​ថ្មី ដែល​ត្រូវ​ចេញ​បំរើ​ការងារ​សំរាប់​ឆ្នាំ​២០២៣ នៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០២៣ នេះ ។

ក្រោយ​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ត្រូវ​បាន​ចាត់ទុកជាវិស័យ​អាទិភាព​មុនគេ​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ គឺ​គ្រូបង្រៀន​ដែល​ជា​អ្នក​ផ្តល់​ចំណេះដឹង ។ ដូច្នេះ គ្រូ​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ ជា​ពុម្ព​មួយ​ដ៏​ល្អ​សម្រាប់​បង្កើត​ឱ្យ​បាន​នូវ​ធនធានមនុស្ស​ដែល​មាន​សក្តានុពល ។

អភិបាល​ខេត្តកំពត លោក ម៉ៅ ធនិន បាន​លើក​ឡើង​ថា កម្ពុជា​ក្រោយ​ពី​ទទួល​បាន​នូវ​សុខ​សន្តិ​ភាព​ពេញលេញ​ក្រោម​នយោបាយ ឈ្នះ​=​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រទេស​ជាតិ មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ពិសេស គឺ​វិស័យ​អប់រំ​ដែល​វិស័យ​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​គិតគូរ​មុនគេ និង​​ជាវិស័យ​អាទិភាព​មួយ ក្រោយ​មានការ​បំផ្លិចបំផ្លាញ​ក្នុង​របប​បី​ឆ្នាំ ប្រាំបី​ខែ និង​ម្ភៃ​ថ្ងៃ​។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ប្រទេស​មួយ​ដែល​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ទៅ​បាន គឺ​អាស្រ័យ​ទៅ​លើ​ធនធានមនុស្ស​ដែល​មានចំណេះ​វិជ្ជា និង​ការ​យល់​ដឹង​ខ្ពង់ខ្ពស់​ច្រើន ដូច្នេះ​ហើយ គ្រូ​បង្រៀន​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បណ្តុះបណ្តាល​នូវ​ចំណេះវិជ្ជា ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស ។ លោក​អភិបាលខេត្ត​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា គ្រូ​គឺជា​អ្នក​សាងសង់​ស្ថាបនា​នូវ​គ្រឹះ​សង្គម​របស់​ជនជាតិ​មួយ គ្រូ​គឺជា​អ្នកបណ្តុះ​នូវ​ពូជពង្សវង្សត្រកូល​ប្រកបដោយ​សមត្ថភាព និង​មនសិកា ដូច្នេះ គ្រូបង្រៀន​គឺជា​ពុ​ម្ភ​មួយ​ដែល​មាន​តួនាទី​ផលិត​នូវ​ធនធានមនុស្ស​សម្រាប់​បន្តវេន ។ លោក​អភិបាលខេត្ត​ក៏​បាន​បន្ថែម​ថា នៅ​ក្នុង​លោក​នេះ អ្នក​ណា​ក៏​ដោយ មិន​ថា អ្នក​នោះ​មាន​ឋានៈ​ណា​នោះ​ទេ ឱ្យ​តែ​មានជីវិត​រស់នៅ គឺ​ត្រូវការ​គ្រូ​ទាំងអស់ ព្រោះ​ការ​ចេះ​ការ​ដឹង ការ​យល់​គឺ​ប្រ​សូត្រ​ចេញពី​គ្រូ​ទាំងអស់​គ្រូ​គឺជា​មាតាបិតា​ទី​២ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត​ក៏​បាន​លើក​ឡើង​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ធន​ធានមនុស្ស​ជា​កត្តា​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ បើ​គ្មាន​ធនធានមនុស្ស​ដំណើរការ​អ្វី​ក៏​មិន​អាច​រីក​ចម្រើន​បានដែរ​។ ដូច្នេះ​ហើយ សូម​ប្អូន​ៗ​ដែល​ត្រូវ​ចេញ​ទៅ​បំពេញការងារ​ជា​គ្រូ​បង្រៀន​នា​ពេល​នេះ ត្រូវធ្វើ​យ៉ាងណា​ខិតខំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យ​មានគុណ​ភាព និង​មាន​សក្តា​នុពល ។

បើ​យោង​តាម​របាយការណ៍​របស់​លោក​តាក ហាប់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពត​បានឱ្យ​ដឹង​ថា គ្រូបង្រៀន​ក្រប​ខណ្ឌ​ថ្មី​ដែល​ត្រូវ​ចេញ​ទៅ​បំរើ​ការងារ​ក្នុង​ឆ្នាំ​២០២៣​នេះ​មាន​ចំនួន​៦៨​នាក់ ក្នុង​នោះ ស្រី​ចំនួន​៥៣​នាក់ ដែល​មាន​គ្រូ​កម្រិត​ឧត្តម​បរិញ្ញាបត្រ​+២ ចំនួន​៤​នាក់ ស្រី​៣​នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​១២+៤ ចំនួន​៤​នាក់​ស្រី​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ១២+២ មាន​ចំនួន​១១​នាក់ ស្រី​៦​នាក់​, គ្រូ​បឋម​សិក្សា ១២+៤ មាន​ចំនួន ១​នាក់​ប្រុស​, គ្រូ​បឋម​សិក្សា ១២+២ ចំនួន ៤០​នាក់ ស្រី ៣២​នាក់​, គ្រូ​ម​ត្តេ​យ្យ​សិក្សា ១២+២ មាន​ចំនួន​៨​នាក់​ស្រី ៕

អត្ថបទសរសេរ ដោយ