ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានកោះនរា បើកឱ្យចរាចរណ៍​ទាំងសង្ខាងហើយ!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្ពាន​កោះនរា​ បានបើកឱ្យ​ចរាចរណ៍​ទាំងសង្ខាងហើយ ចាប់ពីម៉ោង ១៨:០០ ថ្ងៃ​ទី២៣​ ខែតុលា​ ឆ្នាំ​២០២៣ នេះ​តទៅ។ ការសម្រេចបើកឱ្យដំណើរការស្ពានកោះពេជ្រ-កោះនរា…

ភ្នំពេញ៖ ស្ពាន​កោះនរា​ បានបើកឱ្យ​ចរាចរណ៍​ទាំងសង្ខាងហើយ ចាប់ពីម៉ោង ១៨:០០ ថ្ងៃ​ទី២៣​ ខែតុលា​ ឆ្នាំ​២០២៣ នេះ​តទៅ។ ការសម្រេចបើកឱ្យដំណើរការស្ពានកោះពេជ្រ-កោះនរា ទាំង​សង្ខាងនេះ ដោយសារកំណើនយានយន្តលើស្ពានថ្មីនេះ ក្រោយបើកឱ្យចរាចរណ៍បណ្តោះអាសន្ន​ លើកទី២ កាលពីព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣​។

ស្ពានកោះពេជ្រ-កោះនរា ត្រូវបានបើកឱ្យសាធារណជន ឆ្លងកាត់ ៣ថ្ងៃ កាលពីពេលឈប់​សម្រាកបុណ្យភ្ជុំបិណ្ឌ កាលពីថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៣​។ ប៉ុន្តែទាំងការបើកឱ្យ​ធ្វើចរាចរណ៍​ឆ្លងកាត់ កាលពីថ្ងៃទី១៣-១៦តុលា និងចាប់ពីថ្ងៃទី២០តុលា គឺ​​ត្រូវធ្វើចរាចរណ៍​ទាំងទៅទាំងមកនៅស្ពានម្ខាង​ប៉ុណ្ណោះ។

ក្រៅពី​អ្នកដំណើរឆ្លងកាត់ ក៏មានអ្នកភ្នំពេញ ឆ្លងស្ពានថ្មីនេះ ទៅលេង​មាត់ទន្លេកោះនរា ដែលទើប​សាងសង់ថ្មី ប្លែកពីមាត់ទន្លេមុខវាំង និងផ្លូវថ្មើរជើងកោះពេជ្រផងដែរ​។

សូមរម្លឹកថា ស្ពានថ្មខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា មាន​ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម​ ​ជាស្ពានចរាចរទ្វេ​ទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល ១គន្លង មានទទឹង ​៣,២៥ម៉ែត្រ​ និងមានគន្លង សម្រាប់​ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រ​សងខាង​។

ការសាងសង់ស្ពាននេះ ចំណាយ ៣៨.០០០.០០០ដុល្លារអាមេរិក រយៈពេលសាងសង់ ៣៥ខែ​ គិតចាប់ពីថ្ងៃបើកការដ្ឋាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្ពាននេះ សាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC​។ ​

​ស្ពានថ្មីនេះ ត្រូវបានសាងសង់ឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ​កាត់បន្ថយការកកស្ទះចរាចរណ៍​ដ៏មមាញឹក ក្នុងរាជធានីភ្នំពេញ ជាពិសេសបន្ថយបន្ទុក​លំហូរចរាចរ នៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តម ផងដែរ៕

default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ