ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៣ នៅត្រង់ចំណុចខ្ទមដឺអាតុល ចម្ងាយ៥.០០០ម៉ែត្រខាងលិចភូមិដូនណូយ ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានធ្វើការចាប់ខ្លួនក្រុមដើររកជីកផ្នូរខ្មោ.ចបុរាណមួយក្រុម មានគ្នាចំនួន៥នាក់ ដែលកំពុងតែប្រើប្រាស់សារធាតុញៀ.ន។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយារណ៍មកថា នៅត្រង់ចំណុចខ្ទមដឺអាតុល ខាងលិចភូមិដូនណូយ ស្ថិតក្នុងឃុំទ្រាស មានមនុស្សចេញចូលជាប្រចាំ (សង្ស័យប្រើប្រាស់ថ្នាំញៀ.ន)។ បន្ទាប់ពីទទួលបានដំណឹងភ្លាម លោកបានចាត់តាំងកម្លាំងចំណុះ អធិការដ្ឋាននគរបាលស្វាយចេក កម្លាំងនគរបាលប៉ុស្តិ៍រលួស កម្លាំងនគរបាលប៉ុស្តិ៍ស្វាយចេក និងនគរបាលប៉ុស្តិ៍ទ្រាស ចុះល្បាតនៅត្រង់ចំណុចគោលដៅដែលប្រជាជនរាយការណ៍ ហើយក៏បានប្រទះឃើញមនុស្សមួយក្រុម ដែលជាក្រុមដើរជីកផ្នូរខ្មោ.ចបុរាណ ដើម្បីរកឡតមកលក់ មានគ្នាចំនួន៥នាក់កំពុងតែប្រើប្រាស់គ្រឿ.ងញៀ.ន (ជក់ថ្នាំ) ក៏ឃាត់ខ្លួនតែម្តង ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះ ១- ឈ្មោះ សូត្រ សំអៀត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក។ ២- ឈ្មោះ ទី ណៃ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក។ ៣- ឈ្មោះ ថន សឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក។ ៤- ឈ្មោះ អិម ឈៀត ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក។ ៥- ឈ្មោះ លី វីឆាត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅតាអុងកើត ឃុំរលួស ស្រុកស្វាយចេក។
លោកអធិការបញ្ជាក់ទៀតថា ជាមួយនឹងការឃាត់ខ្លួននេះ កម្លាំងនគរបាលក៏បានរកឃើញមានម្សៅក្រាម ពណ៌សថ្លា ដែលសង្ស័យថា ជាថ្នាំញៀ.នចំនួន០៥កូនថង់, ដបកែច្នៃសម្រាប់ជក់០១, ដែកកេះ០១ដើម, បំពង់កែវសម្រាប់ជក់០១ដើម និងថង់សម្រាប់ច្រកថ្នាំមួយចំនួនទៀតផង។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ហើយ៕




ចែករំលែកព័តមាននេះ