ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ស៊ើបអង្កេត​ក្រុមហ៊ុន​ផលិត iPhone ដ៏​ធំ​បំផុត ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់

1 ខែ មុន

ចិន​-​តៃវ៉ាន់ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៣ បាន​រាយការណ៍​ថា

ចិន​-​តៃវ៉ាន់ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៣ បាន​រាយការណ៍​ថា ប្រទេស​ចិន​បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន Foxconn ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone ដ៏​ធំ​បំផុត ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣​។

យោង​តាម​កាសែត Global Times បាន​បង្ហាញ​ថា មន្ត្រី​ចិន​បាន​ត្រួតពិនិត្យ​ពន្ធ​នៅ​ក្រុមហ៊ុន Foxconn ស្ថិត​ក្នុង​ខេត្ត ២ របស់​ចិន ខណៈ​ភាគី​ក្រុមហ៊ុន​បាន​អះអាង​ថា ខ្លួន​នឹង​សហការ​ជាមួយនឹង​ការ​ស៊ើបអង្កេត​នេះ​។ ក្រុមហ៊ុន​ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ផ្លូវការ​ថា Hon Hai Precision Industry Co Ltd គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone ដ៏​ធំ​បំផុត និង​ជា​និយោជក​ធំ​ជាងគេ​មួយ​នៅ​ក្នុង​ពិភព​លោក​។ របាយការណ៍​កាសែត Global Times ក៏​បាន​អះអាង​ផង​ដែរ​ថា នាយកដ្ឋាន​ធនធានធម្មជាតិ​របស់​ចិន បាន​ធ្វើការ​ស៊ើបអង្កេត​នៅ​នឹង​កន្លែង​លើ​ការ​ប្រើប្រាស់​ដី​សំខាន់​ៗ ដោយ​ក្រុមហ៊ុន Foxconn ស្ថិត​ក្នុង​ខេត្ត​ហឺ​ណា​ន (Henan) និង​ហ៊ូ​ប៉ី (Hubei) ។

លោក Terry Gou

លោក Terry Gou ស្ថាបនិក​ក្រុមហ៊ុន Foxconn ដែល​កំពុង​ឈរឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ (Non-partisan Politician) សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែមករា ឆ្នាំ​ក្រោយ ហើយ​ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​លើ​ទំនាក់ទំនង​តៃវ៉ាន់​ជាមួយ​ចិន ដោយសារ​តែ​ភាព​តានតឹង​រវាង​ភាគី​ទាំង​ពីរ​បាន​ឡើងក​ម្តៅ​ខ្លាំង កាលពី​ឆ្នាំ​មុន​។

លោក Terry Gou បាន​កំណត់​ភាព​ខ្លាំង​ខ្លួនឯង ដោយ​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​នយោបាយ​ជា​ច្រើន​ឆ្នាំ នៅ​ប្រទេស​ចិន ដែល​នេះ​គឺជា​ប្រកួតប្រជែង​ដ៏​សំខាន់​មួយ សម្រាប់​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ដែល​កំពុង​កាន់​អំណាច ដែល​ជា​អរិភាព​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ លោក Gou បាន​បញ្ជាក់​ពី​គោល​ជំហរ​ខ្លួន​ថា គាត់​មិន​ខ្លាច​ចិន​នោះ​ទេ នៅ​ពេល​ដែល​គាត់​ប្រកាស​ជា​បេក្ខភាព​ប្រជែង​ការ​បោះ​ឆ្នោត ដោយ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​បើ​របប​បក្សកុម្មុយនិស្ត​ចិន​និយាយ​ថា បើ​អ្នក​មិន​ស្តាប់​ខ្ញុំ ខ្ញុំ​នឹង​រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ពី Foxconn ។ ខ្ញុំ​នឹង​និយាយ​ថា បាទ , សូម​អញ្ជើញ​ធ្វើ​វា​ចុះ​!»​។

លោក Gou បាន​លាលែង​ពី​តំណែង​ក្នុង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Foxconn កាលពី​ខែកញ្ញា​កន្លង​ទៅ បន្ទាប់​ប្រកាស​ចូលរួម​ប្រជែង​តំណែង​ប្រធានាធិបតី​។ គាត់​បាន​ប្រគល់​ការ​គ្រប់គ្រង​ក្រុមហ៊ុន​នៅ​ឆ្នាំ ២០១៩ នៅ​ពេល​គាត់​បាន​ប្រកាស​ពី​ការ​ឈរឈ្មោះ​ជា​លើក​ដំបូង សម្រាប់​តំណែង​ប្រធានា ធិបតី ប៉ុន្តែ​នៅ​រក្សា​ភាគហ៊ុន ១២.៥% នៅ​ក្នុង Foxconn ខណៈ​ពេល​នោះ គាត់​នៅ​ជា​សមាជិក​គណបក្ស Kuomintang (KMT) ដែល​ជា​គណបក្ស​នយោបាយ​ដ៏​ធំ​មួយ​នៅ​តៃវ៉ាន់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​ប៉េ​កាំ​ង​។

កាសែត Global Times បាន​រាយការណ៍​ថា គ្រប់​គ្នា​នៅ​តៃវ៉ាន់​សង្ស័យ​ថា Foxconn កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ដោយសារ​តែ​លោក Gou កំពុង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ កាសែត​រដ្ឋ​ចិន​មួយ​នេះ បាន​បន្ថែម​ថា អ្នកជំនាញ​ចិន​លើក​ឡើង​ថា ការ​ស៊ើបអង្កេត​ជា​រឿង​ធម្មតា និង​ស្របច្បាប់ ដូចដែល​ក្រុមហ៊ុន​ផ្សេង​ទៀត ដែល​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពន្ធ​។

កាសែត​ដដែល​ក៏​បាន​ដកស្រង់​សម្តី​អ្នកជំនាញ​ផង​ដែរ ដោយ​លើក​ឡើង​ថា ការ​ស៊ើបអង្កេត​អាច​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត ហើយ​ថា បើ​ពួក​អបគមន៍​ដែល​ស្វែងរក​ឯករាជ្យ​តៃវ៉ាន់​ឈ្នះ​ការ​បោះ​ឆ្នោត នោះ​នឹង​ក្លាយជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ប្រជាជន​ចិន​។ ដូច្នេះ​ភាគី​ទាំង​សងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ រួម​ទាំង​អ្នក​នៅ​ក្នុង​រង្វង់​ធុរកិច្ច គួរតែ​ធ្វើការ​រួម​គ្នា ដើម្បី​ការពារ​គ្រោះ​មហន្តរាយ​កុំឱ្យ​កើត​មាន​ឡើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ