ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់អូបាម៉ា កាលពីថ្ងៃទី១៨ ឧសភា កន្លងមក បានអនុម័តដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ និងមន្ត្រីជាន់ខ្ពស់ស៊ីរី៦រូបទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបង្ក្រាបយ៉ាងសាហាវរបស់របបលោកបាចា ប្រឆាំងហ្វូងបាតុករ ។ នេះបើតាមការឱ្យដឹងដោយក្រសួងរតនាគារអាមេរិក ។ ទណ្ឌកម្មនេះក៏សំដៅប្រឆាំងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់២រូបផងដែរ ដោយសារបានផ្តល់ការគាំទ្រផ្នែកសម្ភារដល់ភ្នាក់ងារចារកម្មស៊ីរី ។
លោកប្រធានាធិបតីអូបាម៉ា បានចុះហត្ថលេខាលើបទបញ្ជាដាក់ទណ្ឌកម្មនោះកាលពីថ្ងៃទី១៨ ឧសភា ជាវិធានការមួយដែលមន្ត្រីរដ្ឋការរបស់លោកព័រណ៍នាថា ជាវិធានការមួយដើម្បីបង្កើនសម្ពាធលើរដ្ឋាភិបាលស៊ីរីឱ្យបញ្ចប់អំពើហិង្សា ។ ដោយថ្កោលទោសការប្រើប្រាស់អំពើហិង្សា និងការបំភិតបំភ័យប្រឆាំងបាតុកររបស់ស៊ីរីរដ្ឋការរបស់លោកអូបាម៉ា និយាយថា លោកបាចា អាល់អាសាដ ត្រូវតែបញ្ចប់ការវាយប្រហារប្រឆាំងបាតុករ បញ្ចប់ការចាប់ខ្លួនមនុស្សជាពិសេសអ្នកដែលសម្តែងពីសិទ្ធិរបស់ខ្លួន និងចាប់ផ្តើមដំណើរការផ្លាស់ប្តូរក្នុងប្រទេស។
រដ្ឋាភិបាលស៊ីរីចាប់ផ្តើមបង្ក្រាបប្រឆាំងហ្វូងបាតុករដែលធ្វើបាតុកម្មប្រឆាំងខ្លួនចាប់តាំងពីពាក់កណ្តាលខែមីនាមក ។
កាលពីសប្តាហ៍មុនអង្គការសហប្រជាជាតិនិយាយថា មនុស្សដល់ទៅ៨៥០នាក់ បានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលនៃការធ្វើបាតុកម្មនិងមនុស្សជាច្រើនពាន់នាក់ទៀតត្រូវចាប់ខ្លួន។
ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ស៊ីរីដែលរងទណ្ឌកម្មរបស់អាេមរិកដែរនោះ គឺអនុរបស់លោកបាចា អាល់អាសាដ នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត ។
លោកប្រធានាធិបតីអូបាម៉ា ថ្លែងក្នុងបទបញ្ជារបស់លោកថា វិធានការបន្ថែមទៀតត្រូវបានប្រកាន់យកដើម្បីឆ្លើយតបទៅនឹងការបន្តបង្កើនអំពើហិង្សារបស់រដ្ឋាភិបាលស៊ីរី ប្រឆាំងពលរដ្ឋខ្លួន ក្នុងនោះមានដូចជាការវាយប្រហារប្រឆាំងបាតុករ ការចាប់ខ្លួន និងការយាយីបាតុករ ព្រមទាំងពួកសកម្មជននយោបាយ។
ក្នុងទណ្ឌកម្មនេះទ្រព្យសម្បត្តិរបស់លោកបាចា អាល់អាសាដ អនុរបស់លោក និងមន្ត្រីដែលរងទណ្ឌកម្មនៅសហរដ្ឋអាមេរិក នឹងត្រូវផ្អឹប
ទុក ។
ទន្ទឹមនឹងនេះលោកអូបាម៉ា បានផ្តល់សិទ្ធិដល់រដ្ឋមន្ត្រីរតនាគារ និងរដ្ឋមន្ត្រីការបរទេសឱ្យដាក់ទណ្ឌកម្មប្រឆាំងស៊ីរី និងអង្គភាពដទៃៗទៀត៕
ចែករំលែកព័តមាននេះ