រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នឹងគណបក្សនយោបាយ ចំនួន២៧ នឹងធ្វើពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។
មេដឹកនាំគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយ ដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សនយោបាយចំនួន២៧ នឹងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពជា មួយគណបក្សប្រជាជនកម្ពុជា ។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យអ្នកសារព័ត៌មានដឹកយ៉ាងខ្លីថា ពិតជាមានពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គណបក្សនយោបាយជាច្រើន បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ។
ការស្នើសុំចងសម្ព័ន្ធភាពនេះ ដោយសារតែគណបក្សនយោបាយទាំងនោះ បានមើលឃើញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបាននាំឲ្យកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ហើយចង់បំបាត់វប្បធម៌លាបពណ៌ឲ្យគ្នា ដែលធ្វើឱ្យប្រទូស្តរាយដល់ប្រទេសជាតិ។ ហេតុដូចនេះ បានជាគណបក្សនយោបាយទាំងនោះ សម្រេចចិត្តចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែមើលឃើញគោលដៅវែងឆ្ងាយ និងក្នុងឱកាសដែលពិភពលោកកំពុង តែជ្រួលច្របល់ ។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាន នៃការគោរពឯករាជ្យភាព នៃគណបក្សរៀងៗខ្លួន ។
សម្តេចតេជោ បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរព នូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ ជាដៃគូរស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ។
យោងតាមលិខិចដាច់ដោយឡែកពីគ្នារបស់គណបក្សនយោបាយ ដាក់ជូនសម្តេចតេជោ ហ៊ុន សែន បានស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា មានដូចជា ៖ គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សធម្មាធិបតេយ្យ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សខ្មែរអង្គរ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សមហានគរ,និងគណបក្សអភិវឌ្ឍកម្ពុជា ជាដើម ។
សូមបញ្ជាក់ថា ការស្នើសុំចងសម្ព័ន្ធភាពនេះ គឺជារឿងប្រវត្តិសាស្ត្រមួយថ្មីនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរាជរដ្ឋាភិបាល ដែលចេញពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រតាំងដើមមក រហូតមកដល់បច្ចុប្បន្ននេះ ៕
ចែករំលែកព័តមាននេះ