ទីក្រុងបាងកក៖ បុរសជនជាតិថៃម្នាក់និយាយរម្លឹកអំពីព្រឹត្តិការណ៍រន្ធត់នៅប្រទេសអ៊ីស្រាអែល។ គាត់ប្រាប់ថាគាត់សឹងតែនឹងអស់ជីវិតក្រោមស្នាដៃរបស់ក្រុមហាម៉ាស់។ ប៉ុន្តែសំណាងល្អដោយសារជីវិតថ្លៃ គាត់អាចវិលទៅប្រទេសថៃវិញដោយសុវត្ថិភាពកាលពីថ្ងៃទី១៩ ខែតុលា និងជួបជុំប្រពន្ធ-កូនដែលរង់ចាំផ្លូវគាត់យ៉ាងអន្ទះសា បន្ទាប់ពីរស់នៅបែកគ្នាអស់រយៈពេលបួនឆ្នាំក្នុងនាមជាពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសអ៊ីស្រាអែល។
កងទ័ពអាកាសថៃបានដឹកជនជាតិថៃ១៣៦នាក់ពីប្រទេសអ៊ីស្រាអែលទៅដល់អាកាសយានដ្ឋានអន្តរជាតិដនមឿងនៅវេលាម៉ោង២រសៀល។ អាជ្ញាធរត្រៀមផ្ទះ៤កន្លែងសម្រាប់ស្នាក់នៅមួយសំណើសិន មុននឹងបន្តដំណើរទៅស្រុកកំណើតរបស់ពួកគេវិញដែលភាគច្រើនជាអ្នករស់នៅខេត្តភាគឦសាន។
អ្នកចាកចេញពីព្រលានយន្តហោះចុងក្រោយគេគឺបុរសវ័យ៣៤ឆ្នាំ ឈ្មោះវីតថាវ៉ាត់ ជេក ឃុនឡាវង្ស (Wittawat “Jack” Kunlawong)។ នៅលើកញ្ចឹងករបស់គាត់មានស្នាមមុតកាំបិតយ៉ាងជ្រៅ។ ដូចនេះ គាត់ត្រូវពិនិត្យសុខភាពក្រោយពេលចុះពីលើយន្តហោះ។ ភរិយារបស់គាត់វ័យ២៧ឆ្នាំ អ្នកស្រីវ៉ាស់សាណា ភីមស៊ុវណ្ណ (Wassana Pimsuwan) និងកូនស្រីអាយុ៥ឆ្នាំរង់ចាំទទួលគាត់នៅព្រលានយន្តហោះ។
គាត់និយាយរម្លឹកទៅដល់ព្រឹត្តិការណ៍កាលពីថ្ងៃទី៧ ខែតុលា។ គាត់ជាពលករធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ដែលស្ថិតនៅចម្ងាយត្រឹមតែ២គីឡូម៉ែត្រពីតំបន់ហ្កាហ្សា។ នៅពេលគាត់កំពុងធ្វើការសុខៗស្រាប់តែក្រុមហាម៉ាស់លើកគ្នាសម្រុកចូលទីនោះ និងដើររកមនុស្ស។ ពេលនោះ គាត់រកវិធីរត់គេចខ្លួន។ ប៉ុន្តែគួរឱ្យស្ដាយ រត់ចុះរត់ឡើងក៏វាក់អើជាមួយសមាជិកក្រុមហាម៉ាស់ម្នាក់ដែលកាន់កាំបិតនៅក្នុងដៃ។ សមាជិកហាម៉ាស់ម្នាក់នោះប្រុងស្ទុះទៅចាប់គាត់ និងយារដៃចាក់គាត់ជាច្រើនកាំបិត ប៉ុន្តែចាក់ខុសៗ។ បុរសនោះក៏គ្រវាសកាំបិតត្រូវកញ្ចឹងករបស់គាត់ និងលួចយកឥវ៉ាន់របស់គាត់អស់រលីង។
ជេកប្រាប់ថាគាត់សន្លប់បាត់មាត់បាត់ក។ ដល់ពេលដឹងខ្លួនពីសន្លប់មកវិញស្រាប់តែទទួលអារម្មណ៍ថាមានរបួសធ្ងន់នៅកញ្ចឹងក។ ពេលនោះ គាត់ដឹងថាពួកហាម៉ាស់បានចាកចេញពីទីនោះអស់ហើយ។ បើតាមការគិតរបស់គាត់ មូលហេតុដែលជនដៃដល់ហាម៉ាស់ម្នាក់នោះមិនវាយប្រហារគាត់បន្ថែមទៀតព្រោះបុរសនោះប្រហែលជាគិតថាគាត់បានស្លាប់បាត់ទៅហើយ។
ស្ថិតនៅក្នុងស្ថានភាពឈាមហូរដាបខ្លួន លោកជេកក៏ប្រញាប់រត់ចេញពីកន្លែងនោះដើម្បីឱ្យមិត្តភក្ដិរបស់គាត់ម្នាក់ជួយ។ មិត្តភក្ដិនោះស្ថិតនៅចម្ងាយ១គីឡូម៉ែត្រពីទីនោះ។ មិត្តភក្តិនោះក៏ផ្ដល់ការសង្គ្រោះបន្ទាន់ និងដឹកគាត់ទៅមន្ទីរពេទ្យ។ គាត់សម្រាកនៅពេទ្យរយៈពេល៣ថ្ងៃ ហើយក៏មានឱកាសឡើងយន្តហោះត្រឡប់ទៅប្រទេសថៃវិញ។
ក្រោយដឹងហេតុការណ៍រន្ធត់នេះ ប្រពន្ធលែងឱ្យប្ដីត្រឡប់ទៅធ្វើការនៅអ៊ីស្រាអែលតទៅទៀតហើយ ហើយសុខចិត្តធ្វើការនៅក្នុងចម្ការជាមួយគ្នានៅខេត្តឧត្ដរធានី (Udon Thani)។ អាជ្ញាធរឱ្យដឹងថាជនជាតិថៃ១៨២១នាក់បានចាកចេញពីប្រទេសអ៊ីស្រាអែលទៅដល់មាតុភូមិវិញហើយ។ ជនជាតិថៃ៣០នាក់ស្លាប់, ១៨នាក់រងរបួស និង១៩នាក់ក្លាយជាចំណាប់ខ្មាំង និងកំពុងស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស់៕
ប្រភព៖ The Thaiger, Bangkok Post និងប្រភពដទៃទៀត
https://thethaiger.com/news/national/thai-man-survives-throat-slitting-in-hamas-attack-in-israel
https://www.bangkokpost.com/thailand/general/2669199/thai-injury-toll-in-israel-rises-to-18
https://newsbeezer.com/thailandeng/a-young-man-from-udon-thani-talks-about-an-exciting-moment-fight-hamas-with-your-bare-hands-until-you-die-pptvhd36/
https://thailand.postsen.com/live-style/197029/A-young-man-from-Udon-Thani-tells-of-a-thrilling-moment-Fight-Hamas-with-your-bare-hands-until-you-die–PPTVHD36.html
ពលករថៃ លោកជេក ដែលប៊ិះស្លាប់ក្រោមស្នាដៃរបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា
អ្នកស្រីវ៉ាស់សាណា ភីមស៊ុវណ្ណ (Wassana Pimsuwan) ដែលជាភរិយារបស់លោកជេក


ជនជាតិថៃដែលបានចាកចេញពីប្រទេសអ៊ីស្រាអែលទៅដល់មាតុភូមិវិញ
ជនជាតិថៃដែលបានចាកចេញពីប្រទេសអ៊ីស្រាអែលទៅដល់មាតុភូមិវិញ
ជនជាតិថៃដែលបានចាកចេញពីប្រទេសអ៊ីស្រាអែលទៅដល់មាតុភូមិវិញ
ក្រុមហាម៉ាស់វាយប្រហារកាលពីថ្ងៃទី៧ ខែតុលា
ក្រុមហាម៉ាស់វាយប្រហារកាលពីថ្ងៃទី៧ ខែតុលា
ក្រុមហាម៉ាស់វាយប្រហារកាលពីថ្ងៃទី៧ ខែតុលា
ចែករំលែកព័តមាននេះ