ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ប្រេង​ធំ​បំផុត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ស្វែង​រក​ការ​បង្កើត​រោងចក្រ​ចម្រាញ់​នៅ​វៀតណាម

6 ខែ មុន

វៀតណាម​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​រដ្ឋ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មានឈ្មោះ​ថា

វៀតណាម​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​រដ្ឋ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មានឈ្មោះ​ថា «Aramco» កំពុង​ស្វែងរក​ឱកាស ដើម្បី​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ប្រទេស​វៀតណាម​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​។

ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏​ធំ​បំផុត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​មួយ​នេះ មាន​សកម្មភាព​នៅ​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ប៉ុន្តែ​មិន​ទាន់​មាន​គម្រោង​ផ្ទាល់​ក្នុង​ប្រទេស​វៀតណាម​នៅឡើយ​ទេ បើ​ទោះបីជា​អ្នក​ផ្គត់ផ្គង់​ប្រេង​សម្រាប់​អាជីវកម្ម​របស់​ប្រទេស​វៀតណាម​យ៉ាងណា​ក៏​ដោយ​។ លោក Yasser M. Mufti អនុប្រធាន​ក្រុមហ៊ុន Aramco បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) កាលពី​ថ្ងៃ​ទី​១៩ ខែតុលា កន្លង​ទៅ អំឡុង​ពេល​ទស្សនកិច្ច​ថ្ងៃ​ចុង​ក្រោយ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​លោក​បាន​ស្នើ​រដ្ឋាភិបាល​វៀតណាម ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​គម្រោង​ចម្រាញ់​ប្រេង​។ នាយក​រដ្ឋមន្ត្រី​វៀតណាម​ថ្លែង​ថា វៀតណាម​ស្វាគមន៍ Aramco ជា​និច្ច​ក្នុង​ការ​បណ្តាក់ទុន និង​ផ្តល់​ការ​គាំទ្រ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផង​ដែរ​។

«Aramco» គឺជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏​ធំ​បំផុត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​បាន​ប្រកាស​ពី​ការ​កើនឡើង ៤៦% នៃ​ប្រាក់​ចំណេញ​រហូត​ដល់ ១៦១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​។ ងាក​មក​កាន់​ប្រទេស​វៀតណាម​វិញ មាន​រោងចក្រ​ចម្រាញ់​ប្រេង​ចំនួន ២ ដែល​បំពេញតម្រូវការ​ប្រេង​ក្នុងស្រុក​បាន​ប្រមាណ ៧០%​។

នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ នាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​បាន​ជួប​ជាមួយ​លោក Faisal Al-Ibrahi រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ផែនការ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​បាន​សម្តែង​ក្តី​សង្ឃឹម​សម្រាប់​ភាព​ជា​ដៃគូ​ទ្វេភាគី​ក្នុង​វិស័យ​ថាមពល និង​ហិរញ្ញវត្ថុ​-​ធនាគារ​។ លោក​បាន​ស្នើ​បន្ថែម​ទៀត​នូវ​សកម្មភាព​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​២​ជាមួយនឹង​វិស័យ​អាទិភាព​សម្រាប់​ថាមពល ហិរញ្ញវត្ថុ​-​ធនាគារ ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល និង​ផលិតកម្ម​អាហារ​ហា​ឡា​ល់​របស់​ឥ​ស្លា​ម​។

នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ដាច់​ដោយឡែក​ផ្សេង​ទៀត លោក Ahmad Alrajhi រដ្ឋមន្ត្រីក្រសួង​ធនធានមនុស្ស និង​អភិវឌ្ឍន៍​សង្គម​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ថ្លែង​ថា លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គុណភាព​ពលករ​វៀតណាម ដែល​ចំនួន​សរុប​ប្រមាណ​៥.០០០​នាក់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ប្រទេស​អាស៊ី​ខាងលិច​មួយ​នេះ គ្រោង​នឹង​ជួល​កម្មករ​បរទេស​ចំនួន​១០​លាន​នាក់​បន្ថែម​ទៀត នៅ​ក្នុង​វិស័យ​ផលិតកម្ម ថាមពល ការ​ថែទាំ​សុខភាព និង​ទេសចរណ៍ ដោយ​ក្នុង​នោះ​រួម​ទាំង​វៀតណាម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ