ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្ត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅ បានបដិសេធសំណើសុំកាន់កា.ប់លើដីទំហំ៧៥ហិកតា១៥អា ស្ថិតនៅភូមិវត្ត និងភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ដែលប្រជាពលរដ្ឋចំនួន៥នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន៣១គ្រួសារ ស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទ ។

ការសម្រេចច្រានចោលមិនដោះស្រាយតាមសំណើខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសមួយនៅសាលប្រជុំសាលាខេត្ត កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្រោមអធិបតីភាពលោក ម៉ែន អេង អភិបាលរងខេត្ត ។ នៅក្នុងកិច្ចប្រជុំនោះ មានវត្តមាន លោកអភិបាលស្រុករមាសហែក អស់លោកជាមេបញ្ជាការរង ស្នងការរង តំណាងប្រជាពលរដ្ឋចំនួន៣១គ្រួសារ ព្រមទាំងអស់លោក លោកស្រី ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ។

លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដីខេត្តបានឲ្យដឹងថា ៖
ទី១-យោងតាមស្ថានភាពទីតាំងដីជាក់ស្តែងដែលពួកគាត់កំពុងទាមទារយកធ្វើជាកម្មសិទ្ធិ គឺជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមិនអាចទាមទារធ្វើលទ្ធកម្មកម្មសិទ្ធិបានទេ ។

ទី២-ឯកសាររណបកាន់កាប់ដី ប័ណ្ណសម្គាល់សិទ្ធិកាន់កា.ប់ដីប្រើប្រាស់ដីធ្លីលេខ ០៣៤០ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩២ ដែលមានទំហំ៥ហិកតា ស្ថិតនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក និងឯកសារពាក្យសុំបញ្ជាក់ដីសង់លំនៅឋានមួយចំនួនទៀត គឺស្ថិតនៅភូមិសេរីអា ឃុំត្រស់ មិនអាចយកមកជាសំអាង និងបញ្ជាក់ស្ថានភាពនៃការកាន់កា.ប់ឲ្យស្របតាមច្បាប់ ដើម្បីស្នើសុំកម្មសិទ្ធិកាន់កា.ប់ និងចេញប័ណ្ណនោះឡើយ ។

ទី៣-ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ជាទង្វើខុសច្បាប់ មានចែងក្នុងមាត្រា២៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០១ ។ ដូច្នេះគណៈកម្មការគ្រប់គ្រងដីរដ្ឋ និងគណៈកម្មការសុរិយោដីថ្នាក់ខេត្ត សម្រេចច្រានចោលមិនដោះស្រាយនោះឡើយ ។

ក្នុងឱកាសនោះ លោក ម៉ែន អេង អភិបាលរងខេត្ត បានថ្លែងថា នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី សម្តេចលោកខិតខំណាស់ ហើយថ្នាក់ខេត្តក៏មិនបានព្រងើយកន្តើយដែរ គឺតែងតែចុះដោះស្រាយជូនប្រជាពលរដ្ឋជានិច្ច ។ ក្រោយការចុះអង្កេត វា.យតម្លៃពីសាវតារដីទាំងអស់ខាងលើនេះ ជាលទ្ធផល ដីដែលប្រជាពលរដ្ឋបានស្នើសុំនោះគឺមិនស្របច្បាប់ទេ ហើយរដ្ឋបាលខេត្ត នឹងផ្ញើរបាយការណ៍គោរពជូនថ្នាក់ជាតិ គ្រប់ក្រសួង ស្ថាប័ន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលោកជាអ្នកសម្រេច ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ព្រមា.នដោយសង្កត់ធ្ងន់ថា អ្នកទាំងឡាយណា ដែលចូលមកកកូរកកាយក្នុងរឿងដីខាងលើនេះ គឺត្រូវអនុវត្តតាមច្បាប់ ។ ដូច្នេះកិច្ចការទាំងអស់នេះ ត្រូវតែមានភាពច្បាស់លាស់ ដើម្បីបិទបញ្ចប់នូវករណីទាំង ៣១គ្រួសារនេះតែម្តង ដើម្បីកុំឲ្យមានការអូសបន្លាយវិវាទបន្តទៀត ៕
ចែករំលែកព័តមាននេះ