ភ្នំពេញ៖ ស្ពានកោះពេជ្រ-កោះនរា នឹងដាក់អោយធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៦:០០ព្រឹកតទៅ។ ការបើកឱ្យដំណើរការស្ពានថ្មីនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ក្បាលថ្នល់។
ស្ពានថ្មីនេះ ត្រូវបានបើកឱ្យធ្វើចរាចរណ៍ឆ្លងកាត់ ស្ពានខាងត្បូង រយៈពេល ៣ថ្ងៃ កាលពីអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៣។
សូមរម្លឹកថា ស្ពានថ្មខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម ជាស្ពានចរាចរទ្វេរទិស មានគន្លង សម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល ១គន្លងមានទទឹង ៣,២៥ម៉ែត្រ និងមានគន្លង សម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រសងខាង។ ការសាងសង់ស្ពាននេះ ចំណាយ ៣៨.០០០.០០០ដុល្លារអាមេរិក រយៈពេលសាងសង់ ៣៥ខែ គិតចាប់ពីថ្ងៃបើកការដ្ឋាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC។
ស្ពានថ្មីនេះ ត្រូវបានសាងសង់ឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមាញឹក ក្នុងរាជធានីភ្នំពេញ ជាពិសេសបន្ថយបន្ទុកលំហូរចរាចរ នៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តម ផងដែរ៕

default
ចែករំលែកព័តមាននេះ