លោកពូទីន យល់ព្រមតាមការអញ្ជើញមកបំពេញទស្សនកិច្ចនៅថៃ
ប្រទេសថៃ-រុស្ស៊ី ៖ នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋាថាវីស៊ីន ប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ
ប្រទេសថៃ-រុស្ស៊ី ៖ នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋាថាវីស៊ីន ប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ
ប្រទេសថៃ-រុស្ស៊ី ៖ នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋាថាវីស៊ីន ប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន បានទទួលយកការអញ្ជើញរបស់លោក មកបំពេញទស្សនកិច្ចមួយនៅថៃ។
លោកថាវីស៊ីន បានប្រកាសបែបនេះកាលពីថ្ងៃទី១៧ តុលា តាមបណ្ដាញសង្គម ក្រោយពីលោកជួបជាមួយលោកពូទីននៅក្រុងប៉េកាំង។ លោកមានប្រសាសន៍ថា ខ្ញុំបានអញ្ជើញលោកពូទីន ឲ្យមកបំពេញទស្សនកិច្ចនៅថៃ ហើយលោកពូទីនបានងក់ក្បាលជាសញ្ញាយល់ព្រម និងពោលជាភាសាថៃថាអរគុណ។ តាមបណ្ដាញសង្គមX លោកថាវីស៊ីន ថ្លែងទៀតថា បែបនេះមានន័យថាលោកពូទីនស្គាល់ប្រទេសយើងច្បាស់ ដោយលោកបញ្ជាក់ថាលោកពូទីនធ្លាប់មកកាន់ក្រុងទេសចរណ៍ថៃភូកេតជាច្រើនលើក ។
មេដឹកនាំទាំង២បានជួបគ្នាខាងក្រៅកិច្ចប្រជុំលើកទី៣នៃវេទិកាខ្សែក្រវ៉ាត់និងសូត្រ ដែលរៀបចំធ្វើដោយចិន។ លោកថាវីស៊ីនអះអាងថាថៃនិងរុស្ស៊ីមានទំនាក់ទំនងជាមួយគ្នាចាប់តាំងពី១២៥ឆ្នាំមកហើយ។ យើងមានការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវប្បធម៌ជាមួយគ្នា។ នាគ្រាកន្លងមកអ្នកទេសចររុស្ស៊ីដល់ទៅជាង១លាននាក់បានមកលេងនៅថៃ។
កាលពីថ្ងៃទី១៦ តុលា ថៃបានអនុម័តវិធានការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៊ីដែលមកកាន់ថៃ សម្រាប់រយៈពេលស្នាក់នៅបានយ៉ាងតិចដល់៩០ថ្ងៃ ដោយដំណាក់កាលមុនបានត្រឹម៣០ថ្ងៃ។ ចំណែកសេចក្ដីប្រកាសមួយចេញផ្សាយដោយខុន្ទកាល័យលោកពូទីន ក៏លើកឡើងដែរ ពីទស្សនវិស័យនៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២។
កាលបរិច្ឆេទដែលលោកពូទីនមកកាន់ប្រទេសថៃនៅមិនទាន់បញ្ជាក់នៅឡើយក្នុងពេលភ្លាមៗ។ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ស្វែងរកប្រកាន់ជំហរអព្យាក្រិត្យ ក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ម្យ៉ាងវិញទៀតថៃមិនមែនជាប្រទេសដែលចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម ដូច្នេះថៃមិនទាក់ទិននឹងដីកាចាប់ខ្លួនលោកពូទីន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិក្រុងឡាអេ ក្នុងការចាប់ខ្លួនលោកពូទីនឡើយ៕
ចែករំលែកព័តមាននេះ