១៧ រោងចក្រ នៅភ្នំពេញ កំពង់ស្ពឺ និងខេត្តតាកែវ ត្រូវទឹកភ្លៀង ជន់លិច
- ភ្នំពេញ
ភ្នំពេញ៖ ការផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ បង្ហាញថា យ៉ាងហោចណាស់ មានរោងចក្រកាត់ដេរ ចំនួន…
ភ្នំពេញ៖ ការផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ បង្ហាញថា យ៉ាងហោចណាស់ មានរោងចក្រកាត់ដេរ ចំនួន…
ភ្នំពេញ៖ ការផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ បង្ហាញថា យ៉ាងហោចណាស់ មានរោងចក្រកាត់ដេរ ចំនួន ១៧ រោងចក្រ នៅភ្នំពេញ ខេត្តកំពង់ស្ពឺ និងនៅខេត្តតាកែវ ត្រូវទឹកភ្លៀង ជន់លិច។ ក្នុងនោះ នៅភ្នំពេញ មាន ៤រោងចក្រ នៅខេត្តកំពង់ស្ពឺ ចំនួន ១០រោងចក្រ និងនៅខេត្តតាកែវ មាន ៣រោងចក្រ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សាយថា នៅថ្ងៃទី១៨ ខែតុលានេះ ថ្នាក់ដឹកនាំក្រសួងការងារ បានចុះពិនិត្យរោងចក្រចំនួន ៣ ដែលត្រូវជំនន់ទឹកភ្លៀងជន់លិច នៅខេត្តតាកែវ និងស្នើឱ្យគិតគូរចំពោះកម្មករនិយោជិត ដែលរងការលិចផ្ទះសម្បែង។ រោងចក្រកាត់ដេរ ចំនួន ៣ ដែលត្រូវទឹកភ្លៀង ជន់លិចនោះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ នៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ រោងចក្រទាំងនេះ ត្រូវជំនន់ទឹកភ្លៀង ហូរចូលដល់ផ្នែកច្រវាក់ផលិតកម្ម។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា រោងចក្រសហគ្រាសទាំង ៣ ខាងលើ បានសម្រេចផ្អាកផលិតកម្មមួយរយៈ ហើយក៏បានអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាក រហូតទឹកស្រកវិញ។
រោងចក្រកាត់ដេរ នៅខេត្តតាកែវ ដែលលិចទឹកនោះ រួមមាន៖ ទី១. ក្រុមហ៊ុន ភីវី អ៊ិនដាស់ស្ទៀល (ដេរកាបូប) មានកម្មករសរុប ៥៨៧នាក់ (ស្រី៤០៥នាក់)។ ទី២. ក្រុមហ៊ុន លីន តុន មេនូហ្វេកឆឹរីង (ដេរកាបូប) មានកម្មករសរុប ១៥៤នាក់ (ស្រី១១២នាក់)។ ទី៣. សហគ្រាស ជុនដាអ៊ិន អេចអែម (បោះពុម្ព) មានកម្មករសរុប ២០នាក់ (ស្រី៨នាក់)។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសថា ទឹកជំនន់ បង្កដោយទឹកភ្លៀង បានជន់លិចរោងចក្រសហគ្រាស ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន ១០រោងចក្រ និងលិច ៤រោងចក្រទៀត នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
បណ្តារោងចក្រសហគ្រាស ចំនួន ១០ ដែលជំនន់ទឹកភ្លៀង ជន់លិច នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៨ ដែលមានកម្មករនិយោជិតសរុបចំនួន ៤៧៤៧នាក់ (ស្រី ២៧២៩នាក់) និងរោងចក្រ ចំនួន ៤ នៅក្នុងតំបន់សេដ្ឋកិច្ចវីលស៊ុន ដែលស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានកម្មករនិយោជិតសរុបចំនួន ២២១៥នាក់ (ស្រី ១៧៥២នាក់)។
អំឡុងពេលពិនិត្យស្ថានភាពទឹកជំនន់ បង្កដោយទឹកភ្លៀង លិចរោងចក្រកាត់ដេរទាំងនេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំដល់រោងចក្រសហគ្រាស បន្តយកចិត្តទុកដាក់ សម្របសម្រួល និងគិតគូរអំពីចំនួនថ្ងៃឈប់សម្រាក និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្មករនិយោជិត ដោយផ្អែកតាមស្ថានភាពជាក់ស្តែង។
ដោយឡែក ចំពោះកម្មករនិយោជិត ដែលមានផ្ទះ រងការជន់លិចនៅតំបន់នោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងនៅរាជធានីភ្នំពេញ បានជូនដំណឹងដល់អ្នកគ្រប់គ្រងរោងចក្រសហគ្រាស និងស្នើសុំឱ្យពិនិត្យលទ្ធភាពសម្របសម្រួលដោះស្រាយអត្ថប្រយោជន៍ផ្សេងៗ ជូនដល់កម្មករនិយោជិត ផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសកាលពីថ្ងៃទី១៧ ខែតុលាថា រោងចក្រចំនួន ៤ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ គឺជំនន់ទឹកភ្លៀង មិនប៉ះពាល់ដល់សង្វាក់ផលិតកម្មឡើយ ដោយរោងចក្រសហគ្រាស បានបើកដំណើរការជាធម្មតា ក្រោយពីធ្វើការសម្អាតរួចរាល់៕
ចែករំលែកព័តមាននេះ