ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ បានចេញលិខិតបំភ្លឺ ចំពោះករណីទណ្ឌិត សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ( វីលៀម គ័ង ) ដែលបានបញ្ចេញសារសំឡេងពីក្នុងមណ្ឌលអប់រំកែប្រែទី១ ( ពន្ធនាគារព្រៃស ) និងត្រូវបានបង្ហោះជាសាធារណៈ នៅតាមបណ្តាញសង្គម។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសប្តឹងទណ្ឌិត វីលៀម គ័ង និងប្រធានស្តីទីគណបក្សខ្មែរក្រោក ឈ្មោះ មាស សុភ័ក្ត្រ។
អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានចាត់វិធានការ ដោយដាក់ពិន័យទណ្ឌិត វីលៀម គ័ង ឱ្យនៅក្នុងបន្ទប់ដាក់វិន័យ ហាមប្រើប្រាស់ប្រព័ន្ធទូរសព្ទអចល័ត និងមិនអនុញ្ញាតឱ្យជួបសួរសុខទុក្ខជាមួយញាតិមិត្តខាងក្រៅ រយៈពេល ២សប្តាហ៍ ចុះកំណត់ហេតុល្មើសបទបញ្ជាផ្ទៃក្នុង និងបង្កើនចំណាត់ថ្នាក់សន្តិសុខ។
អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានប្រកាសថា សារសំឡេងរបស់អតីតប្រធានគណបក្សខ្មែរក្រោក លោក វីលៀម គ័ង នៅលើបណ្តាញសង្គម Tik Tok កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ គឺបញ្ចេញតាមប្រព័ន្ធទូរស័ព្ទអចល័ត ( ជាប់ជញ្ជាំង ) សម្រាប់ជនជាប់ឃុំប្រើប្រាស់ស្របច្បាប់ កាលពីវេលាម៉ោង ១៥:៤៧នាទី រសៀល ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ពីអគារ «ក» នៃមណ្ឌលអប់រំកែប្រែ ទី១ ទៅកាន់ឈ្មោះ មាស សុភ័ក្ត្រ ដែលជាប្រធានស្តីទី គណបក្សខ្មែរក្រោក ទូរស័ព្ទលេខ 087 333 362 និងត្រូវបានឈ្មោះនេះ ថតសំឡេងទុកក្នុងពេលសន្ទនា និងយកទៅបង្ហោះចែកចាយលើគណនីបណ្តាញសង្គម Tik Tok កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធនាគារ បន្ថែមថា ទង្វើនេះ ជាសកម្មភាពល្មើសច្បាប់ ដូចមានចែងក្នុងចំណុចទី៦ មាត្រា៦ ថ្មី ( ពីរ ) នៃច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ( ឆ្នាំ២០១៧ ) និងជាសកម្មភាពល្មើសបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានចាត់វិធានការចាំចាប់ ដោយដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើបុគ្គលឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងឈ្មោះ មាស សុភ័ក្ត្រ ប្រធានស្តីទី គណបក្សខ្មែរក្រោក ករណី ប្រើប្រាស់សារសំឡេង និងរូបភាពទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមឱ្យធ្វើសកម្មភាព ដើម្បីជាប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយខ្លួន។
សូមរម្លឹកថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ( វីលៀម គ័ង ) អាយុ ៤៤ឆ្នាំ ដាក់ពន្ធនាគារកំណត់ ៩ឆ្នាំ ពាក់ព័ន្ធនឹងអំពើប្លន់ទ្រព្យឧកញ៉ាលក់ឡេ តាមអនឡាញ អ៊ាន សៀវម៉ី ដល់ក្នុងផ្ទះ នៅក្នុងបុរី Moon Town នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
ជាមួយគ្នានេះ តុលាការ ក៏បានសម្រេចផ្ដន្ទាទោសបក្សពួករបស់ វីលៀម គ័ង ៧នាក់ទៀត ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ៦ឆ្នាំ ដល់ ៨ឆ្នាំ និងបង្គាប់ឱ្យរួមគ្នា សងសំណងដល់ដើមបណ្ដឹងជាប្រាក់ចំនួន ៥០ម៉ឺនដុល្លារ និងជំងឺចិត្តចំនួន ២០០លានរៀល។
ទណ្ឌិត វីលៀម គ័ង និងបក្សពួក ៧នាក់ទៀត ត្រូវបានតុលាការ ចោទប្រកាន់ជនដៃដល់ទាំង ៨នាក់ ៣ បទល្មើស រួមមាន៖ ១–បទលួចមានស្ថានទម្ងន់ទោស ២–បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង៣–បទក្លែងឯកសារសាធារណៈ តាមមាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ៕

ចែករំលែកព័តមាននេះ