ស្ត្រីអ្នកនិពន្ធ និងជាអ្នកកាសែតបារាំង នាង TRISTANE BANON ទើបសំរេចចេញមុខប្តឹងប្រឆាំងអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោក DOMINIQUE STRAUSS KAHN ពីបទរំលោភរួមភេទដែលកើតមានលើរូបនាងកាលពី៩ឆ្នាំមុនដែរ។ យោងតាមនាង TRISTANE BANON ថា ប្រមុខរបស់IMF គឺជាស្វាល្មោមកាមមួយ។ ស្ត្រីអ្នកនិពន្ធរូបនេះបានរៀបរាប់ពីរឿងរ៉ាវដែលលោក DOMINIQUE STRAUSS KAHN ដែលពេលនោះជារដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ុនប៉ងចាប់រំលោភនាងកាលពីឆ្នាំ២០០២ក្នុងបទសម្ភាសន៍មួយរបស់នាង។ ដោយមានការក្តុកក្តួល នាង TRISTANE BANON នាសម័យកាលនោះបានធ្វើសំណុំរឿងមួយ ហើយទាក់ទងមេធាវីឯកទោសម្នាក់ដើម្បីធ្វើការប្តឹងផ្តល់។ ក៏ប៉ុន្តែទីបំផុតនាងបោះបង់ចោលការប្តឹងប្តល់នោះវិញដោយសារជាពិសេសការអង្វររបស់ម្តាយនាងដែលជាសមាជិកសភានៃគណបក្សសង្គមនិយមនៅន័រម៉ង់ឌី ព្រោះតែលោក STRAUSS KAHNជាប្រមុខគណបក្ស។ ដោយសារមានការចោទប្រកាន់ថ្មីពីបទប៉ុនប៉ងចាប់រំលោភរួមភេទប្រឆាំងលោក STRAUSS KAHN ចាប់តាំងពីថ្ងៃទី១៥ ឧសភា មកនៅសហរដ្ឋអាមេរិក នាងTRISTANE BANON បានផ្លាស់ប្តូរចិត្តវិញ។
លោក STRAUSS KAHN បច្ចុប្បន្នកំពុងស្ថិតក្នុងពន្ធនាគារអាមេរិកលើកោះ RIKERS ISLAND ស្ថិតក្រោមការតាមឃ្លាំមើលខ្លាចលោកធ្វើអត្តឃាត។ លោកស្ថិតនៅ២យប់ហើយក្នុងពន្ធនាគារនោះ ៕
ចែករំលែកព័តមាននេះ