ខេត្តកំពត ៖ ក្នុងរយ:ពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត-ឆ្ងាយបានជាង៩៦.០០០នាក់ ដែលមានការកើនឡើងប្រមាណ២៤,៥២% បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២២ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ដោយគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត-រាជធានីចំនួន៩៦.៥៦៥នាក់ បានចូលមកសម្រាកលំហែកម្សាន្តតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត ។

លោកប្រធានមន្ទីរបានបន្តទៀតថា ចំនួនភ្ញៀវទេសចរឆ្នាំនេះ គឺមានការកើនឡើងប្រមាណ២៤,៥២% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៩៥.៤២០នាក់ និងទេសចរអន្តរជាតិមានចំនួន ១.១៤៥នាក់ ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា កាលពីយប់ថ្ងៃទី១៤ ខែតុលា ខេត្តកំពតមានភ្ញៀវចន្លោះពី៧០ភាគរយទៅ៨០% បានស្នាក់នៅពេលយប់តាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ និងរីស៊តនានា។ ចំណែកយប់ថ្ងៃទី១៣ និងយប់ថ្ងៃទី១៥ ខែតុលា គឺមានភ្ញៀវស្នាក់នៅប្រមាណតែ ២០ភាគរយទៅ ៣០ភាគរយប៉ុណ្ណោះ ។




ចែករំលែកព័តមាននេះ