រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៨ ឧសភា ២០១១ លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះធាតុស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពិធីនេះធ្វើឡើងដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទសាលារាជធានីភ្នំពេញ តំណាងអាជ្ញាធរខណ្ឌដង្កោ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ដូនជី តាជី យ៉ាងច្រើនកុះករ។
លោកគិត សុផា អភិបាលខណ្ឌដង្កោ បានឱ្យដឹងថា វត្តព្រះធាតុពីមុនស្ថិតនៅក្នុងឃុំរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នប្តូរមកជាសង្កាត់រលួស ស្ថិតក្រោមរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្តនេះមានអាយុកាលដ៏យូរលង់ណាស់មកហើយ ដំបូងឡើយត្រូវបានអ្នកស្រុកដាក់ឈ្មោះតាមរយៈដីទួលមួយកន្លែងដែលមានបញ្ចុះធាតុរបស់ស្តេចមួយអង្គ ។ ក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃ វាសនាវត្តព្រះធាតុនេះក៏មិនខុសពីវត្តដទៃនៅទូទាំងប្រទេសដែរគឺត្រូវបានរងគ្រោះ ដោយការបំផ្លិចបំផ្លាញស្ទើរគ្មានសល់ ។
ប៉ុន្តែក្រោយថ្ងៃរំដោះ៧ មករា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចទាំងបី យើងបានខិតខំស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យឱ្យមានការរីកចម្រើនរហូតមកដល់ពេលនេះយើងមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។
សមិទ្ធផលនានាក្នុងវត្តព្រះធាតុដែលត្រូវធ្វើពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះរួមមាន សាលាធម្មសភា១ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿង កុដិ២ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿង កសាងផ្ទះបាយ១ខ្នង ខ្លោងទ្វារ បង្គន់អនាម័យមាន៦បន្ទប់ ចាក់ដីបំពេញទីធ្លា សួនច្បារ បង្គោលភ្លើង ។ ទិញដីពង្រីកវត្តបន្ថែមទំហំ៦.៨០០ម៉ែត្រការ៉េ ថែវសម្រាប់រោងបុណ្យ ព្រះបដិមាករអង្គរធំចំនួន៩ អង្គតូចចំនួន៣៨២អង្គ ដងទង់១គូ កម្ពស់២៦ម៉ែត្រ កសាងមជ្ឈមណ្ឌលសម្រាប់ចាស់ជរា និងកុមារកំព្រាបណ្តោយ៦៤ម៉ែត្រទទឹង៧ម៉ែត្រ ទីកន្លែងសម្រាប់បូជា និងព្រះវិហារដ៏ថ្មីសន្លាង មានបណ្តោយ២៥ម៉ែត្រ ទទឹង១៤ម៉ែត្រ កម្ពស់៣៣ម៉ែត្រ ធ្វើអំពី បេតុងប្រក់ក្បឿង រចនាបទតាមបែបវប្បធម៌ខ្មែរសុទ្ធសាធដោយចាប់ផ្តើមកសាងពីថ្ងៃទី២២ មិថុនា ២០០៧ ដែលរួចរាល់នៅថ្ងៃទី១៩ មីនា ២០១១។ សរុបទាំងអស់រួមទាំងសមិទ្ធផលនានា និងព្រះវិហារផងត្រូវចំណាយថវិកាអស់ចំនួន៨៧៩.១៣៨ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ