ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត សារី ស្រី​ពេជ្រ រំលឹក​រឿងហេតុ​ព្រលឹង​ចុង​សក់​មួយ ខណៈ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​ផ្ទះ​(​វី​ដេ​អូ​)

6 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង សារី ស្រី​ពេជ្រ បាន​រំលឹក​ហេតុការណ៍​ភ័យ​ខ្លាច​រហូត​ព្រលឹង​ចុង​សក់​មួយ ដែល​នាង​បាន​ពើបប្រទះ បន្ទាប់​ពី​នាង​ចេញពី​កន្លែង​ថតកុន​មួយ​អំឡុង​វេលា​ទៀប​ភ្លឺ ខណៈ​ពេល​ហេតុនេះ​នៅ​តែ​បន្ត​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​នាង រហូត​មក​ទល់​នា​ពេល​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សារី ស្រី​ពេជ្រ បាន​រំលឹក​ហេតុការណ៍​ភ័យ​ខ្លាច​រហូត​ព្រលឹង​ចុង​សក់​មួយ ដែល​នាង​បាន​ពើបប្រទះ បន្ទាប់​ពី​នាង​ចេញពី​កន្លែង​ថតកុន​មួយ​អំឡុង​វេលា​ទៀប​ភ្លឺ ខណៈ​ពេល​ហេតុនេះ​នៅ​តែ​បន្ត​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​នាង រហូត​មក​ទល់​នា​ពេល​នេះ ។

យ៉ាងណា ម្ចាស់​មកុដ Miss Petite Global 2022 រូប​នេះ បាន​បញ្ជាក់​ថា «​អ្វី​ដែល​នាង​សម្រេច​រំលឹក​រឿងរ៉ាវ​មួយ​នេះ​សារ​ជា​ថ្មី និង​សាធារណៈ គឺ​ក្នុង​គោលបំណង​ផ្តល់​បទ​ពិសោធន៍ និង​ដាស់តឿន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​សម្រាប់​នារី​ៗ ជា​ពិសេស​អ្នកសិល្បៈ​ដែល​ធ្វើ​ដំណើរ​នា​ពេល​យប់​ស្ងាត់​តែ​ម្នាក់ឯង​»​។

តាម​រយៈ​វី​ដេ​អូ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ស្រី​ស្អាត សារី ស្រី​ពេជ្រ បាន​រៀបរាប់​ពី​ហេតុការណ៍​ដែល​នាង​បាន​ជួប​ប្រទះ​ថា «​តាម​ពិត​រឿងហេតុ​មួយ​នេះ នាង​មិន​ចង់​លើក​មក​និយាយ​ឡើយ ប៉ុន្តែ​ដោយសារ​មាន​គេ​មក​និយាយ​ឲ្យ​នាង​បានលឺ​នូវ​ហេតុការណ៍​ដែល​កើត​មាន​ឡើង​ស្រ​ដៀង​គ្នា ដូចនេះ​នាង​ក៏​សម្រេច​និយាយ​រឿង​នេះ​ចេញ​មក ដើម្បី​ទុកជា​បទ​ពិសោធន៍​សម្រាប់​នារី​ៗ ជា​ពិសេស​អ្នកធ្វើការ​នៅ​ក្នុង​វិស័យ​កុន​ដូច​ជា​រូប​នាង​»​។

ស្រី​ស្អាត សារី ស្រី​ពេជ្រ បាន​បន្ថែម​ថា «​អំឡុង​ពេល​២​ទៅ​៣​ខែ​មុន នាង​បាន​ទៅ​ថត​នៅ​ទីកន្លែង​មួយ ដែល​ជា​អគារ​គេ​កំពុង​សាងសង់ ដោយ​នាង​បាន​ថត​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ ។ នៅ​ពេល​នោះ នាង​ថត​ចប់​មុនគេ ប៉ុន្តែ​នាង​មិន​អាច​សុំ​ម៉ូតូ ឬ​ឡាន​របស់​ក្រុមការងារ និង​តួ​ដូច​គ្នា​ត្រឡប់​មក​ផ្ទះ​បាន​ឡើយ ដោយសារ​ការងារ​ថត​មិន​ទាន់​ចប់​»​។

នាង​បន្ត​ថា «​អំឡុង​ពេល​នោះ នាង​បាន​គិត​រក​វិធី​ណា​បាន​មក​ផ្ទះ ដោយពេល​នោះ​នាង​បាន​ខ​លម​ក​អ្នក​ផ្ទះ​ដែរ តែ​ដោយសារ​ម៉ោង​នេះ ពួក​គាត់​កំពុង​សម្រាន្ត​មិន​មាន​អ្នក​ណា​អាច​មក​ទទួល​នាង​បាន​ឡើយ ។ ពេល​នោះ នាង​ក៏​សម្រេច​ធ្វើការ​កក់ (Booking) រក​ម៉ូតូ​កង់​បី​ឥណ្ឌា ដើម្បី​ជិះ ប៉ុន្តែ​ការ​កក់​៣​ទៅ​៤​លើក គឺ​មិន​ទទួល​បាន​ផល​ឡើយ ពោល​គឺ​មិន​មាន​អ្នក​ណា​ទទួលយក​ការ​កក់​របស់​នាង​នា​ពេល​នេះ​ឡើយ​»​។

នាង​បន្ត​ទៀត​ថា «​ប៉ុន្តែ​ស្រប​ពេល​នឹង​ក៏​មាន ម៉ូតូ​កង់​បី​ឥណ្ឌា មួយ ដែល​គាត់​ឈប់​នៅ​ខាង​មុខ​ជិត​កន្លែង​ដែល​នាង​ថត​ដែរ អ​ញ្ចឹ​ង​នាង​ត្រូវ​សម្រេចចិត្ត​ជិះ ម៉ូតូ​កង់​បី​ឥណ្ឌា នឹង ដើម្បី​បាន​ទៅ​ផ្ទះ ព្រោះ​បើ​នាង​នៅ​ចាំ​ក្រុមការងារ​ថត​ចប់ គឺ​នៅ​យូរ​ទៀត ហើយដោយ​សារ​ព្រឹក​ឡើង​នាង​ត្រូវ​ថត​បន្ត​ទៀត»។

តារា​សម្តែង​នាង សារី ស្រី​ពេជ្រ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា «​នាង​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​មក​តាម​ផ្លូវ​មក​ផ្ទះ ហើយ​ពេល​ជិត​ដល់​ផ្ទះ​របស់​នាង ក៏​មាន​ភ្លើងស្តុប​មួយ ហើយ​ពេល​ឈប់​ស្តុ​ប​នោះ នាង​បាន​ប្រាប់​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា ឱ្យទៅ​ផ្លូវត្រង់ មិន​ចាំបាច់​បត់​ឆ្វេង​ឡើយ ដោយសារ​ពេល​ដែល​នាង​ឡើង​ជិះ​នោះ នាង​បាន​ប្រាប់ផ្លូវ​មក​ផ្ទះ​ដល់​ពូ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា មុន​ដែរ ហើយ​ណាមួយ​ផ្លូវបត់​ឆ្វេង​នោះ គឺ​អាច​បត់​មក​ផ្ទះ​នាង​បាន​»​។

នាង​បញ្ជាក់​ថា «​ផ្លូវ​នោះ​ស្ងាត់​ខ្លាំង និង​មិន​មាន​អំ​ពូ​ល​សម្រាប់​បំភ្លឺ​ផ្លូវ​ឡើយ ខណៈ​ពេល​ដែល​ពូ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា នោះ មិន​បាន​ស្តាប់​អ្វី​ដែល​នាង​បាន​ប្រាប់​ឡើយ ពោល​គឺ​គាត់​បាន​បត់​ទៅ​ឆ្វេង ជា​ផ្លូវ​មួយ​ដ៏​ស្ងាត់​មិន​មាន​មនុស្ស​ឡើយ ។ ពេល​នោះ​នាង​គិត​ថា ដូច​ជា​មិន​ស្រួល រួច​នាង​ក៏​ចាប់​កាបូប​ដាក់​អីវ៉ាន់​របស់​នាង​យក​មក​ស្ពាយ​នៅ​ជាប់​នឹង​ខ្លួន ដោយ​មាន​តុកត្តា​មួយ​ឱប​ជាប់​ខ្លួន​នាង​ផង​ដែរ ។ អំឡុង​ពេល​នោះ​ពូ​ម៉ូតូ​កង់​បី​ឥណ្ឌា នោះ បាន​ជិះ​បត់​ឆ្វេង​ប្រហែលជា​២០០​ម៉ែត្រ គាត់​ក៏​បាន​ឈប់ ហើយ​ពេល​នោះ​នាង​ក៏​កាន់តែ​មាន​អារម្មណ៍​កាន់តែ​មិន​ស្រួល ហើយ​ចាប់ផ្តើម​ភ័យ​» ។

នាង​បញ្ជាក់​ទៀត​ថា «​ក្រោយមក នាង​ក៏​សម្រេចចិត្ត​លោ​.​ត​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ឥណ្ឌា នោះ​ភ្លាម​ៗ ដោយ​មិន​និយាយ​អ្វី​ទាំងអស់​ជាមួយ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា នោះ ដោយ​នាង​បាន​រត់​បណ្តើរ​ងាក​ក្រោយ​បណ្តើរ ដោយសារ​ខ្លាច​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា នោះ​រត់​តាម ហើយ​ជា​ការ​ពិត​គាត់​ពិតជា​រត់​តាម​នាង​ប្រាកដ​មែន​»​។

បើ​តាម​ស្រី​ស្អាត សារី ស្រី​ពេជ្រ បញ្ជាក់​ទៀត​ថា «​កាលដែល​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា រត់​តាម​នាង​នា​ពេល​នោះ ក្នុង​ករណី​នាង​មិន​បាន​ឲ្យ​លុយ​គាត់ នោះ​គាត់​ប្រាកដជា​ស្រែក​ប្រាប់​យើង​ឲ្យ​លុយ​ទៅ​គាត់ ប៉ុន្តែ​ពេល​នោះ​គាត់​មិន​បាន​ស្រែក​អ្វី​ទាំងអស់ គឺ​គិតតែ​ពី​រត់​តាម​នាង​មិន​ឈប់​។ ដោយសារ​ឃើញ​ហេតុការណ៍​នេះ នាង​ក៏​សម្រេចចិត្ត​រត់​ដោយ​មិន​ងាក​ក្រោយ ហើយ​នាង​ក៏​រត់​ចូល​ទីតាំង​ចន្លោះ​តូច​មួយ​នៅ​ក្នុង​បុរី​ដែល​នាង​រស់នៅ ដោយសារ​ទ្វារធំ​ជា​ធម្មតា គឺ​ត្រូវ​បាន​គេ​បិទ​ហើយ​នៅ​ក្នុង​អំឡុង​ម៉ោង​នេះ​»​។

នាង​បន្ត​ថា «​នៅ​ចន្លោះ​ចូល​តូច​នោះ ក៏​មាន​សន្តិសុខ​យាម​ដែរ ប៉ុន្តែ​អំឡុង​ពេល​ដែល​នាង​កំពុង​រត់​ដោយសារ​ការ​ភ័យ​ខ្លាច​នោះ នាង​ក៏​មិន​បាន​និយាយ​អ្វី​ជាមួយ​សន្តិសុខ​នោះ​ឡើយ បើ​ទោះបីជា​មានការ​សួរនាំ​ពី​សន្តិសុខ​យ៉ាងណា​ក៏​ដោយ​»​។

នាង​បញ្ជាក់​ថា «​ពេល​ទៅ​ដល់​ផ្ទះ​នាង​មានការ​តក់​ស្លត់​យ៉ាង​ខ្លាំង និង​អង្គុយ​យំ​តែ​ម្នាក់ឯង មិន​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ដោយសារ​បាន​ជួប​ហេតុការណ៍​អាក្រក់​មួយ​នេះ ដោយ​មិន​នឹក​ស្មាន​ដល់​។

ស្រី​ស្អាត សារី ស្រី​ពេជ្រ បាន​បញ្ជាក់​ថា «​សម្រាប់​ហេតុការណ៍​នេះ អ្នក​ទាំងអស់​គ្នា​ហាក់​ស្រមៃ​មើល យប់​ម៉ោង​៣​ទៅ​៤​ទៀប​ភ្លឺ ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​តែ​ម្នាក់ឯង ហើយ​ជួប​រឿង​មួយ​នេះ តើ​យើង​នឹង​ជួប​អ្វី​ទៀត? ប្រសិនបើ​យើង​នៅ​តតាំង​ជាមួយ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​នឹង​។ ទោះជា​យ៉ាងណា នេះ​គ្រាន់​តែ​ជា​បទ​ពិសោធន៍​ដែល​នាង​បាន​ជួប ហើយ​ចង់​ឲ្យ​នារី​ៗ​ដែល​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ពេល​យប់ សូម​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​យើង​មិន​អាច​ទុកចិត្ត​អ្នក​ណា​ម្នាក់​បាន​ឡើយ​»​។

នាង​បញ្ជាក់​ថា «​ប្រសិនបើ​មាន​អ្វី​កើតឡើង​ចំពោះ​យើង​នោះ យើង​មិន​អាច​រក​អ្នក​ណា​ម្នាក់​មក​ជួយ​យើង ឬ​រក​ជន​បង្ក​នោះ​មក​ដោះស្រាយ​ភ្លាម​ៗ​ឡើយ ព្រោះ​ជា​ពេល​យប់ ដូច្នេះ​បើសិនជា​អាច យើង​គួរ​តែ​មាន​អ្វី​ដាក់​តាម​ខ្លួន​សម្រាប់​ការពារ​ខ្លួនឯង​»​។

ទោះជា​យ៉ាងណា បើ​តាម សារី ស្រី​ពេជ្រ ថា «​រឿង​ដែល​នាង​បាន​ជួប​នេះ បាន​ក្លាយជា​បទ​ពិសោធន៍​ដែល​បាន​ធ្វើ​ឲ្យ​នាង​ចេះ​ប្រុង​ប្រយ័ត្ន ចេះ​ដាក់​អ្វី​ដើម្បី​ការពារ​ខ្លួន ដោយសារ​កន្លង​មក នាង​មិន​ដែល​មាន​អ្វី​ដាក់​តាម​ខ្លួន​សម្រាប់​ការពារ​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ