ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​ធំ​បំផុត​​លើ​លោក ​តម្លៃ​ជិត​១៨​ពាន់​លាន​ដុល្លារ រំកិល​ខ្លួន​ទៅ​គាំទ្រ​អ៊ី​ស្រា​អែ​ល

6 ខែ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក បាន​ដាក់​ពង្រាយ​ក្រុម​វាយប្រហារ​នាវា​ដឹក​យន្តហោះ ដែល​ដឹកនាំ​

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក បាន​ដាក់​ពង្រាយ​ក្រុម​វាយប្រហារ​នាវា​ដឹក​យន្តហោះ ដែល​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Gerald R. Ford ដែល​ជា​នាវាចម្បាំង​ដ៏​ធំ​បំផុត​របស់​ពិភពលោក ទៅ​កាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​លើ​ប្រទេស​អ៊ី​ស្រា​អែ​ល​។

នាវាចម្បាំង USS Gerald R. Ford ដែល​ជានា​វា​ផ្ទុក​យន្តហោះ​ដ៏​ធំ​បំផុត​របស់​ពិភពលោក និង​ទំនើប​បំផុត​របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត ដែល​ជា​ផ្នែក​មួយ នៃ​ក្រុម​នាវា​ផ្ទុក​យន្តហោះ ដែល​រួម​មាន​ទាំង​កង​នាវា​ពិឃាត នាវាចម្បាំង​កាំជ្រួច​មី​សីល និង​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ផង​ដែរ​។

លោក Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៨ ខែតុលា កន្លង​ទៅ បាន​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​ទ្រង់ទ្រាយ​ធំ​នេះ ពោល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស បាន​បើក​ការ​វាយប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​លើ​អ៊ី​ស្រា​អែ​ល ដែល​បាន​សម្លាប់​មនុស្ស​រាប់រយ​នាក់​។ ជា​ការ​ឆ្លើយ​តប ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ប្រកាស​ធ្វើសង្គ្រាម​លើ​ក្រុម​ហា​ម៉ាស ហើយ​ត្រៀមខ្លួន​វាយលុក​តំបន់​ហ្គា​ហ្សា ជាមួយ​ការ​ចល័ត​ទ័ព​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​។

ការ​ដាក់​ពង្រាយ​យោធា​ដ៏​ទំនើប និង​ថ្លៃ​បំផុត​របស់​អា​មេ​រិ​ក​នេះ គឺជា​ការ​បង្ហាញ​កម្លាំង​ដ៏​សំខាន់​មួយ ហើយ​ភ្ជាប់​មក​ជាមួយ​ការ​សន្យា​ផ្តល់​អាវុធ និង​ឧបករណ៍​យោធា​ដល់​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែ​ល​។ ក្រុម​នាវា​ផ្ទុក​យន្តហោះ​វាយប្រហារ គឺជា​កម្លាំង​ទ័ពជើងទឹក ដែល​រួម​មាន នាវា​ផ្ទុក​យន្តហោះ រួម​នឹង​កង​នាវា​ជំនួយ ហើយ​ជា​រឿយ​ៗ តែងតែ​វាយប្រហារ​លើ​នាវាមុជទឹក​។ អា​មេ​រិ​ក​មាន​ក្រុម​ប្រយុទ្ធ​ចំនួន​១១​ក្រុម ដែល​ក្រុម​នីមួយ​ៗ មាន​កម្លាំង​បាញ់​គ្រប់គ្រាន់ ដើម្បី​ផ្គូផ្គង​នឹង​កម្លាំង​នៃ​ប្រទេស​តូច​ៗ និង​មធ្យម​ជា​ច្រើន​។

នាវាចម្បាំង USS Gerald R. Ford ដែល​មាន​ទទឹង ៧៨​ម៉ែត្រ កម្ពស់ ៧៦.២​ម៉ែត្រ និង​ប្រវែង ៣៣៧​ម៉ែត្រ ដែល​ចំណាយ​ប្រហែល ១៨​ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ ៤.៧​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍ និង ១២.៨​ពាន់​លាន​ដុល្លារ​ក្នុង​ការ​សាងសង់ អាច​ផ្ទុក​យន្តហោះ​បាន​រហូត​ដល់​៩០​គ្រឿង រួម​ទាំង​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​របស់​យោធា​អា​មេ​រិ​ក​ផង​ដែរ​។

នាវា​ផ្ទុក​យន្តហោះ ដែល​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​នុយក្លេអ៊ែរ​ចំនួន​ពីរ ដែល​អាច​ដំណើរការ​បាន​២៥​ឆ្នាំ ដោយ​គ្មាន​ប្រេង ត្រូវ​បាន​អមដំណើរ​ទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត ដោយ​កង​នាវា​រួម​មាន​នាវាចម្បាំង USS Normandy និង​នាវា​ពិឃាត​មី​ស៊ី​ល USS Thomas Hudner ។ យន្តហោះ​នៅ​លើ​នាវាចម្បាំង USS Gerald R. Ford រួម​មាន​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 ដែល​មាន​តម្លៃ​ប្រហែល ១០០​លាន​ដុល្លារ​ក្នុង​១​គ្រឿង ហើយ​និង​ការ​ដឹក​កាំជ្រួច​រ៉ា​ដា និង​គ្រាប់បែក​ដឹកនាំ​ដោយ​ប្រព័ន្ធ​ឡាស៊ែរ រួម​ជាមួយនឹង​ឧទ្ធម្ភាគចក្រ​វាយប្រហារ និង​យន្តហោះ​ស៊ើបការណ៍​យុទ្ធសាស្ត្រ​ផង​ដែរ​។ សរុប​មក ក្រុមការងារ​ប្រហែល ៧,៥០០​នាក់​ធ្វើការ​នៅ​ទូ​ទាំង​ក្រុម​នៃ​ក្រុម​ដឹក​ជញ្ជូន​នេះ​៕ (​ប្រភព​ពី CBS News និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ